អ្នកដឹងទេថា “កាក់” ដែលយើងតែងហៅតៗគ្នានោះ មិនត្រឹមត្រូវទៅតាមអត្ថន័យនៃពាក្យនោះទេ។ ដ្បិតថាវាមានការភាន់ច្រឡំជាច្រើនពីសំណាក់មហាជន ហើយមនុស្សជាច្រើនក៏ទម្លាប់ហៅតៗគ្នា។ តាមពិតទៅ កាក់ ដែលយើងស្គាល់នោះ គឺហៅថា កាស ទៅវិញទេ។ ដើម្បីចៀសវាងការភាន់ច្រឡំនេះបន្តទៅទៀត យើងសូមបកស្រាយបញ្ជាក់ពីពាក្យទាំងពីរ។
» កាស គឺជារូបិយវត្ថុសម្រាប់ប្រើប្រាស់ជាមធ្យោបាយដោះដូរទំនិញ ទូទាត់ចំណាយទូទៅ តាមរយៈរង្វាស់ឯកតាខ្នាតដែលប្រទេសមួយនោះបានកំណត់តម្លៃរបស់វា។
» កាក់ គឺជាឯកតានៃរូបិយវត្ថុ។
ឧទាហរណ៍៖ ១កាក់ ២កាក់ ដែល ១កាក់ ស្មើ ១០សេន
ឬលុយដុល្លារ 1USD ស្មើ 10កាក់ ឬ 100សេន ($1.50 ហៅថា 1ដុល្លារ 5កាក់ ឬ 1ដុល្លារ 50សេន)
បើយោងទៅតាមសំណេរប្រវត្តិសាស្ត្របង្ហាញនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) កាលពីស.វទី ១ដល់ទី៦ កាសពុំទាន់មានឯកតាកំណត់ច្បាស់លាស់ទេ ដូចនេះតម្លៃកាសត្រូវបានកំណត់ទៅតាមទំហំ និងទម្ងន់របស់វា។ ឯប្រភេទកាសវិញមានច្រើនណាស់ ដូចជាកាសស្លឹង កាសព្រះអាទិត្យរះ កាសរូបសត្វពាហនៈ និងកាសផ្សេងៗទៀត។ ក្នុងនោះ កាសព្រះអាទិត្យរះត្រូវបានគេប្រើប្រាស់ច្រើនជាងគេ ក្នុងកំឡុងស.វទី១ ដល់ទី៦ ៕