ការទិញហ៊ុន
ការទិញហ៊ុន ភាគច្រើនសំដៅទៅដល់ការទិញភាគហ៊ុន ឬមូលបត្រដែលក្រុមហ៊ុនមួយបាន បោះលក់ជាសាធារណៈ ឬនៅផ្សារមូលបត្រកម្ពុជា (CSX)។ ការទិញភាគហ៊ុន មានន័យថា អ្នកដែលកាន់ភាគហ៊ុននេះជាម្ចាស់មួយផ្នែកនៃក្រុមហ៊ុននោះ ទៅតាមសមាមាត្រនៃភាគហ៊ុនដែលបានទិញ។ ម្ចាស់ភាគហ៊ុនភាគច្រើនទិញហ៊ុន នៅក្នុងន័យចាំបានផលចំណេញពីការលក់ហ៊ុន ឬពីភាគលាភដែល ក្រុមហ៊ុននោះផ្តល់ឲ្យនាពេលជាក់លាក់ណាមួយ។
បន្ថែមពីនេះទៅទៀត ម្ចាស់ហ៊ុនអាចចាត់ទុកជា ម្ចាស់មួយចំណែកនៃក្រុមហ៊ុនក៏ពិតមែន តែពួកគាត់មិនមានកាតព្វកិច្ចណាមួយដែលតម្រូវឲ្យបំពេញ នៅក្នុងស្ថាប័ននោះទេ លើកលែងតែក្នុងករណីខ្លះមានការប្រជុំម្ចាស់ហ៊ុនទាំងអស់មកធ្វើការបោះឆ្នោត សម្រេចចិត្តទាក់ទងនឹងបញ្ហានៅក្នុងក្រុមហ៊ុន បើនិយាយឲ្យងាយយល់ បុគ្គលដែលទិញហ៊ុន គឺជា វិនិយោគិនម្នាក់សម្រាប់ក្រុមហ៊ុននោះ។
ការចូលហ៊ុន
រីឯ ការចូលហ៊ុន វិញ គឺជាការសហការគ្នារវាងមនុស្សពីរ ឬច្រើននាក់ក្នុងការបើក និងប្រតិបត្តិការ ជំនួញណាមួយ។ ការចូលហ៊ុនមានន័យថា បុគ្គលទាំងអស់ដែលបានព្រមព្រៀងគ្នាបានចុះកិច្ចសន្យា អាជីវកម្មសហកម្មសិទ្ធ (Partnerships) បញ្ជាក់ពីកិច្ចសហការនៅក្នុងការប្រកបអាជីវកម្មនេះដោយ មានរាយនូវលក្ខខណ្ឌផ្សេងៗដូចជាការ បែងចែកប្រាក់ចំណេញ តួនាទីរបស់បុគ្គលនីមួយៗជាដើម។ ក្រោយពីបានចូលហ៊ុនគ្នាហើយ ម្ចាស់ហ៊ុនទាំងអស់ក្លាយជាម្ចាស់នៃអាជីវកម្មនោះ ដោយមានទំនួល ខុសត្រូវទាំងលើផលចំណេញ និងការខាតរបស់ក្រុមហ៊ុន ព្រមទាំងត្រូវបំពេញការងារផ្សេងៗទៅតាម តួនាទីរៀងៗខ្លួនដូចដែលបានចែងនៅក្នុងកិច្ចសន្យា។
ជាសង្ខេបមក ការទិញហ៊ុន និងការចូលហ៊ុន មិនដូចគ្នានោះទេ ព្រោះការទិញហ៊ុនប្រៀបដូចជា ការវិនិយោគទៅក្នុងក្រុមហ៊ុនមួយដោយម្ចាស់ភាគហ៊ុនមានចំណែកជាម្ចាស់មួយផ្នែកនៃក្រុមហ៊ុន និង ចាត់ទុកជាវិនិយោគិននៅក្នុងក្រុមហ៊ុននោះ ដោយមិនមានការទទួលខុសត្រូវទៅលើការងារប្រចាំថ្ងៃឡើយ។ ចំណែកឯការចូលហ៊ុន ជាការចុះកិច្ចព្រមព្រៀងក្នុងការសហការបង្កើត ឬប្រតិបត្តិការក្រុមហ៊ុនសហកម្មសិទ្ធដោយមានភាគីទាំងអស់ទទួលខុសត្រូវទៅតាមកម្រិត និងការកំណត់នៅ ក្នុងកិច្ចសន្យានោះ ហើយដៃគូនីមួយៗ មានតួនាទីទទួលខុសត្រូវការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុនព្រម ទាំងកាតព្វកិច្ចហិរញ្ញវត្ថុផងដែរ៕