កន្លងមក យើងបានបកស្រាយរួចមកហើយថាអ្វីគឺជា Forex ហើយគុណសម្បត្តិ និងគុណវិបត្តិរបស់ Forex នេះមានអ្វីខ្លះ។ ដោយថ្ងៃនេះ យើងនឹងមកបកស្រាយថាតើ «ការជួញដូរ Forex ចាត់ទុកជាការលេងល្បែងដែរឬទេ?»
ល្បែង សំដៅទៅលើការលេងឬផ្នាល់ទៅលើអ្វីមួយក្នុងគោលចំណងចង់បានការជោគជ័យ ក៏ដូចជាប្រាក់ចំណេញត្រឡប់មកវិញដោយភាពមិនប្រាកដប្រជា ឬអាចពឹងលើសំណាងជាគោល។ រីឯ ការជួញដូរ សំដៅទៅលើការទិញនិងលក់ដើម្បីបានប្រាក់ចំណេញដែលគេអាចប៉ាន់ប្រមាណ ការវិភាគច្បាស់លាស់។
ការជួញដូររូបិយបណ្ណអន្តរជាតិ (Forex) គឺជាការជួញដូរតាមបណ្តាញអនឡាញមានលក្ខណ:ជាឧបករណ៍សន្សន្ទ (Derivative) រវាងតម្លៃហាងឆេងនៃរូបិយបណ្ណប្រទេសមួយនឹងប្រទេសមួយទៀត ដែលការវិនិយោគប្រភេទនេះ ទទួលបានផលចំណេញច្រើន ប៉ុន្តែទន្ទឹមនឹងនោះ វាក៏ជាប្រភេទនៃការជួញដូរដែលមានហានិភ័យជាងគេ។ មុននឹងយើងបកស្រាយទស្សនៈដែលថា Forex ជាល្បែងឬអត់នោះ យើងក៏គួរតែដឺងពីភាពខុសគ្នារវាងល្បែងនិងការជួញដូរជាមុនសិន។
ដូចនេះ វាដូចជាមិនត្រឹមត្រូវទាំងស្រុងនោះទេដែលចាត់ទុកការលេង Forex ជាការលេងល្បែងព្រោះ វាអាស្រ័យទៅលើកត្តាធំដូចជា៖
• ជំនាញរបស់អ្នកជួញដូរ (Trader’s Expertise)
Forex អាចក្លាយទៅជាល្បែងនៅពេលណាដែលអ្នកជួញដូររំពឹងទៅលើសំណាង និងទំនោរតាមគេច្រើនជាងការយល់ដឹងក្នុងវិស័យ Forex នេះដោយខ្លួនឯង ពោលគឺវាប្រៀបបានដូចជាអ្នកលេងល្បែងក្នុង Casino អញ្ចឹងដែរ គឺគ្មានភាពជាក់លាក់ទៅលើការជួញដូរនោះ ដែលជាហេតុបង្កឲ្យមានហានិភ័យខ្ពស់ខ្លាំង។ ការលេងបែបនេះអាចហៅថាជាល្បែង។
យ៉ាងណាមិញ បើអ្នកជួញដូរប្រើប្រាស់បច្ចេកទេស និងជំនាញត្រឹមត្រូវក្នុងការជួញដូរ Forex នេះដោយការវិភាគលើទីផ្សារ និងប៉ាន់ស្មានថាតើវានឹងមានភាគរយបានផលចំណេញដែរឬទេ មុនសម្រេចចិត្តធ្វើការជួញដូរ នោះ Forex នឹងមិនក្លាយជាល្បែងនោះទេ ព្រោះវាជាការជួញដូរផ្អែកទៅលើការវិនិច្ឆ័យ វិភាគ ដែលតម្រូវឲ្យយើងមានចំណេះដឹងច្រើនគួរសមក្នុងការយល់ដឹងពីវា។ មួយវិញទៀត ការលេងដែលរំពឹងទៅលើសំណាងនឹងមិននាំឱ្យអ្នកជួញដូរទទួលបានជោគជ័យក្នុងវិស័យនេះទេ។
• អារម្មណ៍របស់អ្នកជួញដូរ (Trader’s Emotion)
ថ្វីដ្បិតតែអ្នកជួញដូរមានចំណេះដឹងខ្ពស់ខាង Forex យ៉ាងណាក៏ដោយ ពួកគេត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឱ្យបាន និងចៀសឱ្យផុតពីការញៀន។ អ្នកជួញដូរតម្រូវឲ្យប្រើប្រាស់ខួរក្បាលច្រើនជាងអារម្មណ៍នៅពេលជួញដូរដើម្បីឱ្យ Forex មិនក្លាយទៅជាល្បែង។ ឧទាហរណ៍ថាយើងបានទិញ Forex ចំពេលវាចុះថោកហើយវាក៏ឡើងវិញគុណនឹង 10 ប៉ុន្តែដោយសារតែការលោភលន់ យើងមិនលក់ចេញដើម្បីចំណេញប៉ុណ្ណឹងនោះឡើយ ដោយយើងចង់ឲ្យឡើងច្រើនជាងនេះទៀត លទ្ធផលការលោភលន់នេះអាចធ្វើឲ្យប៉ះពាល់ដល់ការចំណេញនឹងហានិភ័យដែលត្រូវប្រឈម។ ដូច្នេះហើយ អ្នកជួញដូរ Forex នឹងមិនក្លាយជាល្បែងនោះឡើយប្រសិនបើអ្នកមានផ្នត់គំនិតមិនលំអៀង។
• វិបត្តិហិរញ្ញវត្ថុ
មនុស្សមួយចំនួនបានយល់ខុសថា Forex ជាកន្លែងដើម្បីចំណេញប្រាក់លឿនបំផុត ហើយនៅពេលពួកគេជួបវិបត្តិហិរញ្ញវត្ថុ ពួកគេនឹងដើរចូលក្នុងវិស័យ Forex នេះទាំងដែលពុំមានចំណេះដឹងច្បាស់លាស់។ វាផ្តល់ហានិភ័យខ្លាំងដូចនឹងការយកលុយទៅលេងល្បែងដូច្នោះដែរ ដោយក្រៅពីអារម្មណ៍អ្នកជួញដូរមានភាពប្រែប្រួល ហើយការចង់ចំណេញលុយមកវិញក៏ធំធេងដែលពេលខ្លះទោះជាខាតក៏នៅតែបន្តរង់ចាំស្រង់ដើមមិនបានមើលលើទីផ្សារឲ្យបានត្រឹមត្រូវ។
អ្នកដែលមានជំនាញនឹងការលេង Forex ពិតប្រាកដ គេនឹងចេះគ្រប់គ្រង និងបែងចែកលុយរបស់ខ្លួនបានត្រឹមត្រូវថាតើកញ្ចប់ថវិកាប៉ុណ្ណាសម្រាប់វិនិយោគ និងសម្រាប់ចាយវាយផ្សេងៗគ្នា ពោលគឺគេមិនមានវិបត្តិហិរញ្ញវត្ថុមុនពេល ឬក្រោយពេលជួញដូរ Forex នោះទេ។
អញ្ចឹង! សរុបមក យើងគួរបែងចែកឱ្យច្បាស់រវាងល្បែង និងការជួញដូរប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវ ប្រសិនបើយើងចង់ឈានជើងចូលក្នុងវិស័យ Forex នេះឱ្យបានយូរ និងរីកចម្រើនទៅមុខជាជាងការប្រើប្រាស់អារម្មណ៍ និងសំណាងក្នុងការជួញដូរព្រោះវានាំឱ្យយើងបរាជ័យនៅថ្ងៃមុខដែលគេហៅថាជាការទទួលរងហានិភ័យដោយមិនដឹងពីផលចំណេញ ឬខាតដែលទទួលបាន។