កាលពីថ្ងៃមុន កាក់សេន បាននិយាយពីប្រធានបទ «ទាល់តែរៀបការហើយទើបអាចសល់លុយ?» ដោយយើងបានបញ្ជាក់ថា ការរៀបការពិតជាអាចសល់លុយកាក់មែន ដោយផ្អែកលើមូលហេតុសំខាន់ៗមួយចំនួន។ ចុះបើមិនទាន់រៀបការ ដឹងតែមិនសល់លុយឬអត់? មិនប្រាកដនោះទេ ព្រោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងម្នាក់ៗវាខុសៗគ្នា!
ថ្ងៃនេះ យើងនឹងពិភាក្សាថាគួរ «ចាំមានលុយច្រើនសិន ចាំរៀបការ ឬចាំរៀបការហើយ ចាំគិតទៀត?»
មូលហេតុដែលគួររង់ចាំដល់មានហិរញ្ញវត្ថុនឹងនរសិនចាំគិតគូររឿងរៀបការ៖
១. ជួយបញ្ចៀសបញ្ហាហិរញ្ញវត្ថុក្រោយរៀបការ
មានគូស្រករមិនតិចទេ ដែលមានទំនាស់ និងបញ្ហាមិនទុកចិត្តគ្នាដោយសាររឿងរ៉ាវហិរញ្ញវត្ថុ រហូតដល់មានករណីខ្លះត្រូវឈានដល់ការបែកបាក់គ្នាក៏មាន។ ការមានមូលដ្ឋានហិរញ្ញវត្ថុនឹងនរមុនរៀបការ អាចជួយសម្រាលបន្ទុកគ្រួសារបានច្រើនក្រោយរៀបការដូចជា ទិញផ្ទះ ឡាន សេវាសុខភាព ការចិញ្ចឹមបីបាច់ថែរក្សាកូន ថ្លៃសេវាអប់រំរបស់កូន និងការសងបំណុលរួមគ្នា ។ល។
២. ជួយបញ្ចៀសការបង្កើតបំណុលថ្មី
ហិរញ្ញវត្ថុនឹងនរជួយឱ្យអ្នកអាចទទួលខុសត្រូវចំណាយចាំបាច់ផ្សេងៗក្នុងពិធីមង្គលការដូចជា ការរៀបចំពិធីដែលអឹកធឹក ទទួលភ្ញៀវកិត្តិយស ដែលអ្នកត្រូវការចំណាយច្រើន។ ហេតុនេះហើយ ទើបហិរញ្ញវត្ថុនឹងនជារឿងសំខាន់ ចៀសវាងបង្កើតបំណុល ក្រោយពេលរៀបការរួច ឬលើសពីនេះ វាក៏អាចបណ្ដាលឱ្យមានទំនាស់ក្នុងគ្រួសារនៅពេលក្រោយ។
៣. បញ្ជាក់ពីភាពទទួលខុសត្រូវខ្ពស់ក្នុងការកសាងគ្រួសារ
សូមកុំមានការភាន់ច្រឡំ ព្រោះមិនមែនមានន័យថា អ្នកដែលមិនទាន់មានស្ថានភាពហិរញ្ញវត្ថុនឹងនរ ហើយសម្រេចចិត្តរៀបការនោះ មិនមានការទទួលខុសត្រូវនោះទេ។ អ្នកខ្លះរង់ចាំ ដល់មានទ្រព្យសមល្មមទើបរៀបការនោះ ព្រោះគាត់មានគោលបំណងចង់ផ្ដល់សុភមង្គលឱ្យគូស្រករ និងកូនប្រុសស្រីរបស់គាត់ ដោយសង្ឃឹមថា គ្រួសាររបស់គាត់នឹងមិនចាំបាច់ត្រូវនឿយហត់ ក្រោយរៀបការរួច។
ឥឡូវយើងងាកមកស្ដាប់ហេតុផលដែលគួររៀបការហើយ ចាំគិតគូរដល់រឿងលុយវិញម្ដង៖
១. ជិតផុតវ័យដែលគួររៀបការហើយ
តាមពិតទៅ វាមិនមានក្បួនខ្នាតជាក់លាក់ ណាមួយដែលកំណត់ថាគួររៀបការនៅអាយុប៉ុន្មានទើបល្អនោះទេ។ ប៉ុន្តែ មូលហេតុដែលយើងលើកយក វ័យមកនិយាយនៅពេលនេះ ព្រោះថានៅតំបន់អាស៊ី ការរៀបការអាចមានទំនោរខុសពីបរិបទលោកខាងលិច ជាពិសេសចំពោះមនុស្សស្រី។ ឪពុកម្ដាយអាស៊ីខ្លះជឿថា ការដែលកូនស្រីរបស់គាត់រៀបការ មានកូនលឿនជារឿងល្អ អ្នកជិតខាងក៏មិនម៉ាកងាយ រីឯអ្នកខ្លះគាត់អាចនឹងរងគំនាបពីសង្គមដោយគិតថា វ័យជ្រេ ប៉ុន្តែបែរជាមិនទាន់មានគូស្រករទៅវិញ។
ដោយឡែកបើយើងនិយាយពីកត្តាវិទ្យាសាស្ត្រវិញ មនុស្សស្រីដែលរៀបការនៅអាយុច្រើន អាចប៉ះពាល់សុខភាព នៅពេលមានកូន ឬប៉ះពាល់ដល់លទ្ធភាពមានកូន ប្រសិនបើគាត់មានសុខភាពខ្សោយជាដើម។ ទាំងនេះអាចជាមូលហេតុដែលពួកគាត់សម្រេចចិត្តរៀបការ មុនពេលមានហិរញ្ញវត្ថុនឹងន។
២. តស៊ូកសាងមូលដ្ឋានហិរញ្ញវត្ថុគ្រួសារជាមួយគ្នា
អ្នកខ្លះគាត់គិតថា គាត់ចង់កសាងសុភមង្គល ផែនការហិរញ្ញវត្ថុគ្រួសារពីតិចតួចជាមួយគ្នាទៅ ដោយខិតខំប្រឹងប្រែងបង្កើនប្រាក់ សន្សំប្រាក់ វិនិយោគ ជោគជ័យពីញើសឈាមជាមួយគ្នា។ បន្ថែមពីនេះ ពួកគាត់យល់ថា អាពាហ៍ពិពាហ៍របស់គាត់ ពុំមែនមែនកើតឡើងដោយសារតែមូលហេតុមើលឃើញ ឬ សំអាងតែលើទ្រព្យសម្បត្តិរបស់ភាគីម្ខាងទៀតនោះទេ។
៣. មូលដ្ឋានហិរញ្ញវត្ថុនឹងនរទាមទារពេលវេលា និងការយកចិត្តទុកដាក់
ទម្រាំទទួលបានហិរញ្ញវត្ថុនឹងនរមួយ វាទាមទារពេលវេលាយូរ រាប់តាំងពីការសន្សំ ការវិនិយោគ រីឯភាពឈ្លាសវៃក្នុងការវិនិយោគ ត្រូវការភាពអំណត់ព្យាយាម និងការយកចិត្តទុកដាក់ខ្ពស់ ដែលពេលវេលានេះ អាចច្រើនរហូតដល់គាត់វ័យរៀងជ្រេបន្តិចក៏មាន។ ដោយមិនចង់ចំណាយពេលរង់ចាំយូរ គាត់អាចនឹងរៀបការមុន សឹមចាប់ផ្ដើមហិរញ្ញវត្ថុគ្រួសារជាមួយដៃគូរបស់គាត់តាមក្រោយ។
ចំណុចខាងលើនេះគ្រាន់តែជាចំណុចមួយចំនួនសម្រាប់ជំនួយដល់ការពិចារណា និងសម្រេចចិត្ត របស់គូស្រករប៉ុណ្ណោះ។ មិនមានរូបមន្ដជាក់លាក់ណាមួយ ដែលកំណត់ថាអ្នកត្រូវធ្វើបែបណានោះទេ ដោយការឈានចូលជីវិតជាប្ដី ប្រពន្ធ ក្រៅពីរឿងហិរញ្ញវត្ថុ នៅមានរឿងជាច្រើនទៀតដែលត្រូវរៀនសូត្រ ស្វែងយល់ សម្របសម្រួល និងកែប្រែ រួមទាំងអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពគ្រួសារ ក្ដីស្រមៃ ផែនការអនាគត និងស្ថានភាពទំនាក់ទំនងរបស់អ្នកទាំងពីរផង។
កាក់សេនសង្ឃឹមថា ចំណុចខាងលើ អាចជួយជាយោបល់ខ្លះៗឱ្យអ្នកពិចារណា និងសម្រេចចិត្តថាតើគួរមានហិរញ្ញវត្ថុនឹងនរមុន ឬរៀបការមុន ព្រោះមានតែសាម៉ីខ្លួនប៉ុណ្នោះដែលដឹងពីខ្លួនឯងច្បាស់៕