នៅតាមផ្សារ ឬកន្លែងដូរលុយនានា យើងតែងតែលឺគេនិយាយថា “លុយហើមៗ”។ ប៉ុន្តែ លុយហើម បានន័យថាម៉េចទៅ? លុយមានដៃ មានជើងហើមឬ? មិនមែនទេ!
តាមពិតទៅពេលគេនិយាយថា «លុយហើម» គេចង់សំដៅដល់ ការចុះថោកនៃតម្លៃរូបិយប័ណ្ណមួយធៀបទៅនឹងរូបិយប័ណ្ណមួយទៀត។ ឧទាហរណ៍ថាអ្នកមានលុយរៀល ៤០០០៛ អាចដូរយកលុយដុល្លារអាមេរិកបាន ១ដុល្លារ។ ប៉ុន្តែដោយសារលុយរៀលហើមធៀបនឹងដុល្លារ ពេលនេះទាល់តែអ្នកមាន ៤៥០០៛ ទើបអាចដូរបាន ១ដុល្លារអាមេរិក។ និយាយឱ្យងាយយល់គឺ អ្នកត្រូវការលុយរៀលច្រើនជាងមុន ៥០០៛ ទើបអាចដូរបានលុយ ១ដុល្លារ។ ត្រង់នេះហើយ ពេលគេនិយាយថា លុយរៀលហើម នោះបានន័យថាតម្លៃលុយរៀលចុះថោក ឯលុយដុល្លារឡើងថ្លៃ។មានកត្តាជាច្រើនដែលអាចធ្វើឲ្យឱ្យមានបម្រែបម្រួលនៃតម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយ។ រូបិយប័ណ្ណមួយអាចធ្លាក់ឬឡើងថ្លៃដោយសារ បរិមាណរូបិយប័ណ្ណដែលចរាចរលើទីផ្សារ តម្រូវការនៃរូបិយប័ណ្ណនោះ និងទំនុកចិត្តអ្នកប្រើប្រាស់។
ឧបមាថាតម្រូវការលុយដុល្លារកើនឡើង ធ្វើឱ្យលុយរៀលធ្លាក់ថ្លៃ។ ជាក់ស្ដែង កាលពីឆ្នាំ១៩៩៣ ការប្រើប្រាស់លុយដុល្លារក្នុងប្រទេសយើងចាប់ផ្តើមមានសន្ទុះខ្លាំងដែលធ្វើឲ្យមានការចាយទាំងលុយដុល្លារនិង លុយរៀល។ កាលសម័យនោះ ប្រជាជនយើងពុំទាន់មានទំនុកចិត្តជាមួយនឹងលុយរៀលប៉ុន្មានទេ តែដោយចរន្តលុយដុល្លារចាប់ផ្តើមមានសន្ទុះ ប្រជាជនក៏ចាប់ផ្តើមប្រើប្រាស់លុយដុល្លារក្នុងការចាយវាយ ហើយក៏ធ្វើឲ្យតម្លៃលុយរៀលកាន់តែធ្លាក់ចុះ។
ក្រៅពីនេះ នៅមានកត្តាដទៃទៀតដែលអាចជះឥទ្ធិពលដល់ការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណ រួមមាន កត្តាសេដ្ឋកិច្ច អស្ថិរភាពនយោបាយ អន្តរាគមន៍ពីធនាគារកណ្ដាលឬធនាគារជាតិ ការនាំចេញ-នាំចូលនិងការវិនិយោគទុនពីក្រៅប្រទេស និងការជួញដូររូបិយប័ណ្ណជាដើម៕
ឯកសារយោង:
• ប្រាក់រៀលធ្លាក់ចុះខ្លាំងបំផុត ធៀបនឹងប្រាក់ដុល្លារ (31 ឧសភា 2010) | VOA
• មូលហេតុធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់រៀលថ្មីបន្ថែម | RFA
• អ្នកវិភាគសេដ្ឋកិច្ចជំរុញរដ្ឋាភិបាលកម្ពុជាឲ្យគិតគូរពីអតិផរណាឬតម្លៃទំនិញឡើងថ្លៃ | RFA
• គុណសម្បត្តិនិងគុណវិបត្តិរបស់ដុល្លាររូបនីយកម្ម | KAKCENT- dollarization cambodia
• Currency Depreciation Definition | Investopedia
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។