ការលេងតុងទីននៅតែជាមធ្យោបាយសន្សំ និងខ្ចីប្រាក់មួយដ៏មានប្រជាប្រិយភាពនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន ព្រោះវាមិនសូវស្មុគស្មាញច្រើនរឿងឯកសារ ពឹងផ្អែកទាំងស្រុងលើការទុកចិត្តគ្នា ហើយវាអាច ជួយសម្រាលបន្ទុកហិរញ្ញវត្ថុបាននៅពេលដែលអ្នកត្រូវការចាំបាច់។
គេច្រើនលេងតុងទីនក្នុងចំណោមអ្នកធ្វើការជាមួយគ្នា ឬក្នុងចំណោមអាជីវករលក់ដូរនៅក្នុងផ្សារជាមួយ គ្នាជាដើម។ គេអាចលេងតុងទីនបាននៅពេលដែលមានចំនួនអ្នកចូលរួមលេង មានការកំណត់ទំហំសាច់ ប្រាក់ដែលត្រូវបង់ម្ដងៗ (ក្បាលតុងទីន) វដ្ដដែលត្រូវដេញម្ដងៗ (មួយអាទិត្យ ពីរអាទិត្យ មួយខែ។ល។) និងអ្នកទទួលខុសត្រូវកាតព្វកិច្ចប្រមូលប្រាក់ រៀបចំដំណើរការដេញតុង និងប្រមូល ប្រាក់ឱ្យអ្នកឈ្នះ ដែលយើងហៅថាជាមេតុងទីននោះឯង។
ទន្ទឹមគ្នានឹងភាពងាយស្រួល ការលេងតុងទីនក៏ផ្ដល់ផលវិបាកដល់អ្នកលេងមួយចំនួនផងដែរ ដូចជា៖
១.បាត់បង់ប្រាក់សន្សំ ពេលមានការគេចវេសកាតព្វកិច្ចបង់ប្រាក់កើតឡើង
កូនតុងទីនដែលនៅរស់ (មិនទាន់ដេញបាន) មិនសូវមានបញ្ហាកើតឡើងនោះទេ ប៉ុន្តែច្រើនកើតមាន បញ្ហាជាមួយកូនតុងទីនងាប់ (ដែលដេញបានរួចហើយ ប៉ុន្តែនៅត្រូវបន្តបង់ការប្រាក់រហូតដល់ដេញ បានគ្រប់គ្នា)។ ពេលមានកូនតុងទីនរត់គេច មេត្រូវមានកាតព្វកិច្ចបង់ការប្រាក់ជំនួសរហូតដល់កូនដេញ បានគ្រប់គ្នា។ បើមានកូនរត់គេចច្រើនពេក មេមិនអាចទទួលរ៉ាប់រងបង់ជំនួសរួច ក៏រត់គេចខ្លួនដែរ។ មេ តុងទីនក៏អាចរត់គេចដែរ ពេលដែលប្រមូលបានលុយច្រើន។ អ្នកដែលរងគ្រោះ គឺកូនតុងទីននៅរស់ ដែលមិនទាន់ដេញបាននឹងគេ។
២.មិនមានវិធីអាចទទួលបានប្រាក់មកវិញ
ក្នុងករណីមានឯកសារព្រមព្រៀងច្បាស់លាស់ ដែលបញ្ជាក់ពីតួនាទីរបស់ភាគីពាក់ព័ន្ធ (កូនតុងទីនមាន តួនាទីបង់ប្រាក់តាមកាលកំណត់ និងតាមចំនួនកំណត់ មេតុងទីនមានតួនាទីប្រមូលប្រាក់ រៀបចំការដេញ និងប្រមូលប្រាក់ឱ្យអ្នកដេញបាន។ល។) ច្បាប់ពាក់ព័ន្ធនឹងកិច្ចសន្យាអាចជាជំនួយក្នុងការទាមទារ សំណង។ ផ្ទុយទៅវិញ ការលេងតុងទីនភាគច្រើន ផ្អែកលើការទុកចិត្តគ្នា ដោយមិនមានឯកសារព្រម ព្រៀង ឬកិច្ចសន្យាផ្លូវការអ្វីនោះទេ។ ក្នុងស្ថានភាពនេះ អ្នកបានត្រឹមតែសោកស្ដាយប្រាក់កាសដែលខាត បង់តែប៉ុណ្ណោះ។
៣.មិនប្រាកដថាជាវិធីល្អបំផុតដើម្បីសន្សំ ឬខ្ចីប្រាក់នោះទេ
ដោយសារកូន ឬសមាជិកតុងទីនត្រូវបង់ប្រាក់ជាប្រចាំ ម្នាក់ៗត្រូវដកចំណែកនៃប្រាក់ចំណូលរបស់ខ្លួន ទៅប្រើលើការបង់តុងទីន។ ក្នុងករណីដែលយើងត្រូវការលុយបន្ទាន់ យើងត្រូវការរង់ចាំដល់វដ្ដនៃការដេញ តុងទីន ថែមទាំងត្រូវហ៊ានដេញក្នុងអត្រាការប្រាក់ខ្ពស់ទៀតផង ដែលជួនកាល សំណាងមិនដល់ ដេញ មិនបានទៀត។ បែបនេះ លុយដែលយើងសង្ឃឹមថានឹងអាចប្រើប្រាស់បានក្នុងគ្រាមានអាសន្ន បែរជាមិន អាចជួយយើងបានទាន់ពេលវេលាទៅវិញ។
ទន្ទឹមនឹងចំណុចដែលគួរយកចិត្តទុកដាក់មួយចំនួនខាងលើនេះ ក៏មានការលើកឡើងផងដែរថា ការយក ប្រាក់ទៅវិនិយោគក្នុងរូបភាពផ្សេងៗ អាចផ្ដល់ផលចំណេញល្អប្រសើរជាងយកទៅលេងតុងទីន។ បន្ថែម លើនេះ អ្នកអាចមានជម្រើសសន្សំ និង ប្រាក់កម្ចីផ្សេងៗទៀតដែលមានសុវត្ថិភាព តែអាចត្រូវការរៀបចំ ឯកសារច្រើន។ យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាគំនិតសម្រាប់ជំនួយដល់ការពិចារណា និងសម្រេច ចិត្តរបស់អ្នកប៉ុណ្ណោះ៕