ចម្លែកចិត្តអត់? ពេលឮថាអ្នកមានខ្ចីលុយធនាគាររកស៊ី?
ធ្លាប់តែគិតថាទាល់តែអត់លុយបានទៅខ្ចីលុយធនាគារ។ ចុះហេតុអីអ្នកមានដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយ ម៉េចនៅតែខ្ចីលុយធនាគារទៀត?
ទី១ នោះគឺ «ងាយបានលុយមកបង្វិលក្នុងករណីបន្ទាន់»
អ្នកមាន ដែលមានមុខរបររកស៊ីច្រើន មានប្រភពចំណូលមិនទៀងទាត់ទេ ជួនតិច ជួនច្រើន ជួនខ្វះប្រាក់បង្វិលចុះឡើង។ ជួនណា គេត្រូវការលុយច្រើនប្រញាប់យកទៅបង្វិលក្នុងជំនួញរកស៊ី ពង្រីកអាជីវកម្ម ដោះស្រាយបញ្ហា ឬយកទៅបណ្ដាក់ទុនលើអាជីវកម្មថ្មី។ល។ ដោយកម្ចីពីធនាគារជាជម្រើសងាយស្រួល រហ័ស សាមញ្ញ អាចខ្ចីបានទំហំធំ ជាមួយអត្រាការប្រាក់សមរម្យ ដើម្បីបំពេញតាមតម្រូវការក្នុងរយៈពេលខ្លី ឬពេលបន្ទាន់ ហេតុនេះហើយទើបអ្នកមានមិនរារែកនឹងខ្ចីលុយធនាគារទេ។
ទី២ «អាចខ្ចីបានច្រើនជាមួយអត្រាការប្រាក់ទាប»
អ្នកមានមានគុណសម្បត្តិមួយចំនួនដែលផ្ដល់ជាទំនុកចិត្តឲ្យធនាគារយល់ព្រមឲ្យខ្ចូីលុយដូចជា ជំនួញស្របច្បាប់របស់ពួកគេ ទ្រព្យសម្បត្តិមានតម្លៃសម្រាប់ដាក់បញ្ចាំ មានកត្តិយស កេរ្តិ៍ឈ្មោះ ប្រវត្តិរូបល្អក្នុងសង្គម និងមានពិន្ទុឥណទានល្អជាដើម។ ទាំងនេះហើយគឺជាកត្តាដែលជម្រុញដល់ការសម្រេចចិត្តរបស់ធនាគារក្នុងការផ្ដល់ប្រាក់កម្ចីទំហំកាន់តែធំទៅពួកគេ រួមទាំងក្នុងអត្រាការប្រាក់ទាបទៀតផង។
ទី៣ «ដំណើរការសាមញ្ញ ចំណាយតិច និងបានលុយលឿន»
ការស្នើសុំកម្ចីពីធនាគារមានដំណើរការសាមញ្ញ និងចំណាយតិចជាង បើធៀបទៅនឹងការលក់ផ្ទះសម្បែង ដី ធ្លី ដើម្បីដោះដូរយកលុយមករកស៊ី។ រីឯកម្ចីពីធនាគារ គេគ្រាន់តែត្រូវចាយថ្លៃការប្រាក់ប៉ុណ្ណោះ។ ក្រៅពីនេះ ការស្នើសុំកម្ចីធនាគារគ្រាន់តែត្រូវការឯកសារចាំបាច់មួយចំនួន និងរង់ចាំការអនុម័តឲ្យខ្ចីពីធនាគារ ពួកគេនឹងបានលុយយកមកប្រើប្រាស់បាត់ទៅហើយ។
ទី៤ « ដើម្បីបង្កើតពិន្ទុឥណទានល្អ»
អ្នកមានយល់ពីភាពសំខាន់នៃការកសាងនិងរក្សាពិន្ទុឥណទានឱ្យបានល្អ។ ដូចនេះ ទោះបីគេខ្ចីបំណុលធនាគារ គេនឹងព្យាយាមសងឱ្យទាន់ពេលវេលា ដើម្បីចៀសវាងមានប្រវត្តិឥណទានមិនល្អ។ ម្យ៉ាង គេមិនត្រឹមតែបានបង្កើតកំណត់ត្រាពិន្ទុឥណទានល្អឱ្យខ្លួនក្នុងប្រព័ន្ធធនាគារនោះទេ តែពិន្ទុឥណទានល្អនេះទៀតសោត នឹងផ្ដល់ភាពស្រួលនៅពេលគេចង់ស្នើសុំកម្ចីថ្មីៗនៅថ្ងៃក្រោយ។
ទី៥ «អ្នកមាន គេខ្ចីលុយទៅរកលុយថែមកាន់តែច្រើន»
បើនិយាយឱ្យសាមញ្ញ អ្នកមានក៏អាចមានជាប់បំណុលធនាគារដែរ ប៉ុន្តែគោលបំណងចម្បងនៃកម្ចីរបស់ពួកគេ គឺដើម្បីយកលុយទៅបង្កើតលុយ។ ដោយសារអ្នកមានភាគច្រើន មានលក្ខខណ្ឌសមប្រកប ដែលអនុញ្ញាតឱ្យគេមានឱកាសខ្ពស់ក្នុងការទទួលបានកម្ចីទំហំធំ ជាមួយអត្រាការប្រាក់ទាបដូចបានលើកឡើងខាងលើ ហើយគេក៏បានសិក្សាលម្អិតនិងប្រៀបធៀបពីលក្ខខណ្ឌកម្ចីរវាងធនាគារផ្សេងៗគ្នា និងច្បាស់ពីលទ្ធភាពសងកម្ចីត្រឡប់វិញយ៉ាងល្អិតល្អន់ជាមុនសិន ទើបគេហ៊ានខ្ចី៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។