មុនគេងក៏គិត ងើបពីគេងក៏គិត ចង់ទិញអ្វី ឬធ្វើអ្វីក៏គិត គ្រប់យ៉ាងគឺមកពីលុយទាំងអស់! ចុះតើប្រិយមិត្តដែលធ្លាប់គិតពីសំណួរទាំងនេះឬទេ? តើមានចម្លើយឲ្យខ្លួនឯងឬទេ?
ថ្ងៃនេះ កាក់សេននឹងមកជួយឆ្លើយសំណួរខ្លីៗឲ្យអ្នកទាំងអស់គ្នា។
តើបំណុប៉ុនណាទើបចាត់ទុកថាច្រើន?
មនុស្សភាគច្រើនសុទ្ធតែមានបំណុលជាប់ខ្លួន គ្រាន់តែអ្នកខ្លះមានតិច ឬមានច្រើនតែប៉ុណ្ណោះ។
បើនិយាយពីទំហំបំណុលតែមួយមុខ គ្មានចំនួន ឬតួលេខជាក់លាក់ណាមួយកំណត់ថាអ្នកមាន បំណុលច្រើននោះទេ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពហិរញ្ញវត្ថុខុសៗគ្នា។ តែយោងទៅតាមក្បួនគ្រប់គ្រងបំណុល (សមាមាត្ររវាងបំណុល និងប្រាក់ចំណូល) អ្នកមិនគួរមានបំណុលសរុបលើសពី៤៣% នៃប្រាក់ចំណូលសរុបប្រចាំខែរបស់អ្នកនោះទេ។
ឧទាហរណ៍ បើអ្នកមានប្រាក់ចំណូលសរុប ១០០០ដុល្លារ/ខែ អ្នកមិនគួរមានបំណុលត្រូវបង់សរុបច្រើនជាង ៤៣០ដុល្លារ/ខែ នោះទេ ព្រោះវានឹងធ្វើឱ្យអ្នកមិនអាចគ្រប់គ្រង ការចំណាយលើតម្រូវការចាំបាច់ផ្សេងៗទៀត រួមទាំងការសន្សំផងដែរ។
តើខ្ញុំមានលុយច្រើនប៉ុនណាទើបអាចឈប់ធ្វើការបាន?
មនុស្សភាគច្រើនចង់ឈប់ធ្វើការនៅវ័យក្មេង ដើម្បីអាចសម្រាក និងប្រើប្រាស់ជីវិតដែលខ្លួនចង់បាន ដោយសប្បាយរីករាយ។ តែបញ្ហាវាស្ថិតនៅត្រង់ថា មានលុយច្រើនប៉ុនណាទើបអាចឈប់ធ្វើការបាន?
ប្រសិនបើអ្នកចង់ឈប់ធ្វើការ ហើយមានលុយគ្រប់គ្រាន់នៅពេលចូលនិវត្តន៍ យើងអាចប្រើប្រាស់ គោលការណ៍ ៤% x ២៥។ ជាទូទៅ យើងអាចមើលលើប្រាក់ខែបច្ចុប្បន្ន និងចំណាយជាមធ្យមប្រចាំឆ្នាំ ដើម្បប៉ាន់ស្មានចំនួនទឹកប្រាក់ដែលអាចឱ្យយើងរស់នៅបានយ៉ាងស្រួលនៅពេលចូលនិវត្តន៍ ហើយគណនាចំនួនលុយនោះដោយ យកចំនួនទឹកប្រាក់ ចង់ចាយក្នុងមួយឆ្នាំនៅពេលឈប់ធ្វើការទៅគុណនឹង២៥។
ឧទាហរណ៍៖ បើអ្នកចង់ចាយ ១០,០០០ដុល្លារ ក្នុងមួយឆ្នាំ នោះអ្នកប្រហែលជាត្រូវការលុយចំនួន ២៥០,០០០ ដុល្លារមុននឹងឈប់ធ្វើការបាន។ ដូច្នេះនៅពេលចូលនិវត្តន៍អ្នកអាចដក ៤% នៃ ២៥០,០០០ដុល្លារជារៀងរាល់ឆ្នាំសម្រាប់ចាយ។
ស្វែងយល់បន្ថែមពី គោលការណ៍ ៤% x ២៥ តាមតំណភ្ជាប់នេះ៖ https://investorjunkie.com/retirement/25x-rule/
បើមានបញ្ហាកើតឡើងតើខ្ញុំយកលុយពីណាដោះស្រាយបញ្ហា?
នៅពេលត្រូវការលុយដើម្បីដោះស្រាយបញ្ហាភ្លាមៗ យើងអាចអ្នកអាចស្នើសុំកម្ចីរហ័សពី គ្រឹះស្ថានហិរញ្ញវត្ថុ (សម្រាប់អ្នកមានគណនីប្រាក់បៀវត្សជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនោះ) សេវាដកប្រាក់ជាមុនរបស់កាតឥណទាន (Credit Card Cash Advance) ឬការខ្ចី និងចងការប្រាក់ពីមិត្តភក្តិ សាច់ញាតិ បងប្អូនជាដើម។
កាន់តែសំខាន់នោះ យើងគួរចាប់ផ្តើមគិតគូរឱ្យបានវែងឆ្ងាយកុំឲ្យបញ្ហានេះកើតឡើងដដែលៗ នោះគឺអ្នកគួរមានលុយសន្សំ ទុកបម្រុងសម្រាប់ពេលមានអាសន្ន (Emergency Fund) រួមជាមួយការទិញនូវធានារ៉ាប់រងផ្សេងៗ ដែលមានដូចជា ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងយានយន្ត ឬធានារ៉ាប់រងសុខភាពផ្សេងៗ ដែលអាចដោះស្រាយជាសំណង គ្រោះថ្នាក់ ឬហេតុអកុសលនានា សម្រាប់ថ្ងៃអនាគត។
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន