ធ្វើការងារពីព្រឹកដល់យប់ ប្រាក់ចំណូលពិបាករកណាស់ទំរាំបានលុយមកចាយ ប៉ុន្តែដល់ពេលចាយឡើងស្រួល។ មានឆ្ងល់អត់ថា ចំណូលខ្លួនឯងស្ថិតក្នុងប្រភេទណា? ហើយកំពុងមានចំណូលអ្វីខ្លះ?
ចំណូលសកម្ម
ចំណូលប្រភេទនោះភាគច្រើនជាចំណូលដើមដែលបានមកពីការងារ ឬការរកសុីផ្សេងៗជាដើម ដែលតម្រូវឲ្យធ្វើការ ចំណាយពេលវេលាច្រើនក្នុងការទទួលបាន ក្នុងករណីចង់បានប្រាក់បន្ថែម ត្រូវធ្វើការថែមម៉ោង។ ចំណូលសកម្មក៏បានមកពីការបើកអាជីវកម្ម ឬការងារផ្ទាល់ខ្លួនដែលតម្រូវឲ្យអ្នកចំណាយពេលវេលា និងកម្លាំងផងដែរ។ ម្យ៉ាងទៀតចំណូលនេះ ត្រូវជាប់ពន្ធទៅតាមកម្រិតចំណូលទទួលបាន ដោយនៅប្រទេសកម្ពុជាពន្ធខ្ពស់បំផុតគឺ២០% សម្រាប់ចំណូលប្រចាំខែលើស ១២,៥០០,០០០រៀល។
ចំណូលវិនិយោគ
ចំណែកចំណូលវិនិយោគវិញអាចនិយាយបានថាជាប្រាក់ចំណេញបានពីការវិនិយោគដូចជាការលក់និងទិញអចលនទ្រព្យ ចលនទ្រព្យ ឬការវិនិយោគលើភាគហ៊ុនជាដើម។ ប្រាក់ចំណូលនេះអាចរកបានដោយមិនអាស្រ័យទៅលើចំនួនម៉ោងឬថ្ងៃធ្វើការនោះទេ ប៉ុន្តែអាស្រ័យលើដើមទុន ឬទ្រព្យដែលដាក់វិនិយោគ ហើយអាចបានជាប្រចាំខែឬឆ្នាំ ឬទាំងអស់ក្នុងពេលតែមួយ។ អត្រាពន្ធលើចំណូលវិនិយោគ ឬចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០% និងត្រូវកំណត់ឲ្យអនុវត្តក្នុងឆ្នាំ២០២៤ខាងមុខនេះ។
ចំណូលអសកម្ម
ចំណូលអសកម្មមានលក្ខណៈស្រដៀងនឹងចំណូលវិនិយោគដែរ ក៏ប៉ុន្តែចំណូលដែលទទួលបានមកអាស្រ័យតាមចំនួនទុនវិនិយោគច្រើនជាងរយ:ពេល។ ចំណូលអកម្មមានដូចជា ថ្លៃជួលផ្ទះ ឬអគារ ការប្រាក់ពីប្រាក់សន្សំ និងចំណេញពីការចូលហ៊ុនរកសុីជាដើម។ ចំណូលនេះអាចបានដោយមិនសូវចាំបាច់ប្រើកម្លាំង និងពេលវេលាច្រើនម៉ោង។ ពន្ធដែលត្រូវបង់ជាប្រភេទពន្ធកាត់ទុក ហើយអត្រាពន្ធដែលត្រូវបង់ខុសគ្នាទៅតាមប្រភេទនៃចំណូល៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន
ឯកសារយោង
1. Aquarii – Tax on salary
2. MEF – Prakas on capital tax
3. Deloitte – Guide to taxation in Cambodia in 2022
4. MEF – ប្រកាស ស្តីពី ពន្ធលើចំណេញមូលធន