ធ្លាប់តែលឺគេនិយាយពីការវិនិយោគភាគហ៊ុន តែមានដឹងអត់ថាភាគហ៊ុនមិនមែនមានតែមួយប្រភេទនោះទេ។ ភាគហ៊ុនមានច្រើនប្រភេទ និងលក្ខណៈពិសេសខុសៗគ្នា។ អ៊ីចឹង យើងមកស្គាល់ពីភាគហ៊ុន៤ប្រភេទដែលពេញនិយម នៅក្នុងទីផ្សារភាគហ៊ុនសកលលោក។
១ ភាគហ៊ុន Blue Chip
Blue Chip ជាប្រភេទភាគហ៊ុនរបស់ក្រុមហ៊ុនធំៗមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរក្នុងរយៈច្រើនឆ្នាំ។ ចំពោះអត្ថប្រយោជន៍វិញ យើងនឹងទទួលបានស្ថិរភាពនៃការចែកភាគលាភ និងមានឱកាសខ្ពស់ក្នុងការទទួលបានភាគលាភនៅពេលក្រុមហ៊ុនមានប្រាក់ចំណេញ ដូចជាក្រុមហ៊ុនMasterCard, Visacard, CocaCola និង Boeing ជាដើម។ ជាទូទៅ Blue Chip ស័ក្តិសមជាមួយអ្នកវិនិយោគដែលចង់បានកម្រិតហានិភ័យទាប និងចង់បានភាគលាភទៀតទាត់ជាជាងការជួញដូរភាគហ៊ុនដើម្បីបានចំណេញពីការផ្លាស់ប្តូរនៃថ្លៃក្នុងទីផ្សារ។
២ ភាគហ៊ុន Growth
ក្រុមហ៊ុនបោះផ្សាយភាគហ៊ុន Growth ជាក្រុមហ៊ុនដែលសង្ឃឹមថាខ្លួនមានប្រាក់ចំណេញកើនឡើងខ្ពស់ជាងកម្រិតជាមធ្យមរបស់ក្រុមហ៊ុនផ្សេងទៀតក្នុងទីផ្សារ។ ភាគហ៊ុន Growth មានកម្រិតហានិភ័យខ្ពស់ ព្រោះមិនប្រាកដថា ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ និងចែកភាគលាភដូចការរំពឹងទុកនោះទេ ។ ផ្ទុយមកវិញយើងនឹងទួលបានប្រាក់ចំណេញពីការទិញលក់ក្នុងទីផ្សារទៅវិញទេ។ ដូចនេះវាស័ក្តិសមជាមួយអ្នកហ៊ានប្រថុយនឹងហានិភ័យខ្ពស់ ព្រោះត្រូវទិញលក់ភ្លាមៗក្នុងទីផ្សារពេលថ្លៃប្រែប្រួល ជាងរង់ចាំយកភាគលាភ។ ក្រុមហ៊ុនដែលបោះផ្សាយភាគហ៊ុនប្រភេទនេះមាន Meta (Facebook), Amazon និង Netflix ជាដើម។
៣ ភាគហ៊ុនចំណូល (Income)
ខុសប្លែកគ្នាពីភាគហ៊ុន Growth ភាគហ៊ុនចំណូល និងផ្ដល់ចំណូលជាភាគលាភដល់អ្នកវិនិយោគ នៅពេលក្រុមហ៊ុនប្រកាសប្រាក់ចំណេញជាជាងការទិញលក់ភាគហ៊ុនក្នុងទីផ្សារ ព្រោះតម្លៃរបស់ភាគហ៊ុនចំណូលមិនសូវប្រែប្រួលខ្លាំងដូចភាគហ៊ុន Growth ។ ភាគហ៊ុនមួយប្រភេទនេះមានកម្រិតហានិភ័យទាប ហើយក៏ស័ក្តិសមជាមួយនឹងអ្នកវិនិយោគដែលចង់បានចំណូលឋេរក្នុងរយៈពេលយូរអង្វែង។ ក្រុមហ៊ុនដែលចាត់ទុកថាបានបោះផ្សាយភាគហ៊ុនប្រភេទនេះមានដូចជា Walmart Inc. និង Microsoft ជាដើម។
៤ ភាគហ៊ុន Penny
ភាគហ៊ុន Penny សំដៅដល់ភាគហ៊ុនរបស់ក្រុមហ៊ុនតូច មានសកម្មភាពអាជីវកម្មតិច ដែលត្រូវការសាច់ប្រាក់បន្ថែម។ វាមានតម្លៃទាប (ជាធម្មតាទាបជាង៥ដុល្លារ)។ ភាគហ៊ុននេះនឹងផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី ហើយពេលខ្លះវា ក៏បានក្លាយជាភាគហ៊ុន Blue Chip ទៀតផង ដូចជា Amazon ជាដើម។ តែអ្នកវិនិយោគអាចលំបាកក្នុងការលក់វាត្រលប់ទៅវិញ ដោយសារតែព័ត៌មានទាក់ទងនឹងក្រុមហ៊ុនបោះផ្សាយមិនសូវសម្បូរលើទីផ្សារដែលជាឧបសគ្គក្នុងការសម្រចចិត្តរបស់អ្នកវិនិយោគ។ វាមិនបែងចែកភាគលាភនោះទេ ដូចនេះវាស័ក្តិសមនឹងអ្នកហ៊ានទទួលយកហានិភ័យខ្ពស់ ហ៊ានសម្រេចចិត្តភ្លាមៗថាពេលណាត្រូវទិញ ឬលក់។ ក្រុមហ៊ុនមួយចំនួនដែលបានបោះផ្សាយភាគហ៊ុនប្រភេទនេះមានដូចជា Journey Energy Inc, Zion Oil & Gas Inc និង Cresco Lab Inc។
ចំណាំ៖ ភាគហ៊ុននីមួយៗមានលក្ខណៈសម្បត្តិខុសគ្នា អ្នកទាំងអស់គ្នាគួរឈ្វេងយល់ពីស្ថានភាពហិរញ្ញវត្ថុ ឥរិយាបថវិនិយោគរបស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញភាគហ៊ុនប្រភេទណាមួយ ដើម្បីជៀសវាងការសោកស្តាយនៅពេលក្រោយ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន