5 កត្តាគួរពិចារណា មុនទិញអចលនទ្រព្យលេីកដំបូង
ការវិនិយោគលើអចលនទ្រព្យនៅប្រទេសកម្ពុជារមែងតែងមានសកម្មភាពយ៉ាងមមាញឹក មិនថាការវិនិយោគក្នុងស្រុកក្ដី ការវិនិយោគពីបរទេសក្ដី។
នេះក៏ដោយសារការវិនិយោគមួយនេះអាចផ្ដល់ផលចំណេញច្រើនដល់វិនិយោគិន។ យ៉ាងណាមិញ ការវិនិយោគតែងមានហានិភ័យ។
ចុះបេីចង់វិនិយោគលេីអចលនទ្រព្យជាលេីកដំបូងគួរធ្វេីបែបណា? គួរដឹងពីចំណុចណាខ្លះ ដើម្បីវិនិយោគឱ្យឈ្លាសវៃ និងហានិភ័យទាប? ក្នុងមាតិកានេះ យើងនឹងនាំប្រិយមិត្តអ្នកអានមកស្គាល់ពីកត្តាចំនួន៥ ដែលគួរពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យលើកដំបូង!
មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ អ្នកគួរស្វែងយល់ពីខ្លួនឯង ជាពិសេសមើលលើស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពនៃការទិញជាមុន។ មុននឹងសម្រេចចិត្តទិញអចលទ្រព្យ អ្នកគួរមើលពីតម្លៃនៃអចលនវត្ថុនោះ និងគិតត្រួសៗអំពីផែនការហិរញ្ញវត្ថុ របៀបគ្រប់គ្រងលុយកាក់ និងមើលថា តើក្នុងមួយខែៗ អ្នកត្រូវចាត់ចែងប្រាក់ប៉ុន្មានភាគរយដើម្បីទុកបង់រម្លស់ ហើយទុកប៉ុន្មានភាគរយសម្រាប់ការចំណាយនានា។ ម្យ៉ាងវិញទៀត ដើម្បីវិនិយោគឱ្យត្រូវ អ្នកគួរសួរខ្លួនឯងថា ទិញអចលទ្រព្យដើម្បីអ្វី? ដើម្បីបានផ្ទះរស់នៅ? ដើម្បីប្រកបរបរអាជីវកម្ម ឬដើម្បីវិនិយោគរកប្រាក់ចំណេញ? គ្រាន់តែយល់ពីតម្រូវការខ្លួនឯង និងសមត្ថភាពនៃការបង់រម្លស់ប៉ុណ្ណេះ អ្នកអាចមានទំនុកចិត្តមួយផ្នែកធំទៅហើយ។
ដើម្បីវិនិយោគឱ្យឈ្លាសវៃ គម្បីមើលផ្លូវខាងមុខឱ្យបានវែងឆ្ងាយ និងវិភាគមើលពីសក្ដានុពលនៃអចលនវត្ថុនោះ។ អចលនទ្រព្យល្អ គួរតែបំពេញមុខងារ ឱ្យស្របតាមគោលបំណងរបស់អ្នក។ ប្រសិនបើអ្នកចង់ទិញផ្ទះដើម្បីប្រកបអាជីវកម្ម គួរណាស់តែស្វែងរកគេហដ្ឋានដែលមានទីតាំងល្អ អាចប្រកបអាជីវកម្មបាន សំណង់រឹងម៉ាំ ហើយអាចមានគម្រោងអភិវឌ្ឍទៅថ្ងៃខាងមុខ។ បើអ្នកចង់ទិញផ្ទះដើម្បីការរស់នៅប្រកបដោយសុខសុភមង្គល អ្នកអាចជ្រើសរើសផ្ទះណាដែលស្ថិតនៅជិតកន្លែងការងារ មានហាងអាហារនៅក្បែរ ហើយការរចនាក្នុងគេហដ្ឋានក៏គួរតែស្រស់ស្អាត កក់ក្ដៅ គួរឱ្យចង់រស់នៅដែរ។
ប្រសិនបើអ្នកចង់វិនិយោគលើអចលនទ្រព្យដើម្បីបានប្រាក់ចំណេញ អ្នកគួរចងចាំថា ទោះជាវាអាចផ្ដល់ផលចំណេញច្រើនក្នុងរយៈពេលយូរ អចលនទ្រព្យមិនងាយលក់ដូចទ្រព្យដទៃដូចជាស្ដុក ឬមាសនោះឡើយ។ អ្នកចាំបាច់ត្រូវមានភាពអត់ធ្មត់ដើម្បីវិនិយោគ ព្រោះវាអាចនាំឱ្យមានភាពលំបាកក្នុងការបង្វិលថវិកានាពេលខាងមុខ។
ម្យ៉ាងវិញទៀត មុនវិនិយោគ ឬសម្រេចចិត្តទិញអចលនវត្ថុណាមួយ អ្នកគួរចងចាំថាការវិនិយោគនោះត្រូវការពេលវេលាដើម្បីទទួលបានប្រាក់ចំណេញ។
ស្រាវជ្រាវហើយ ស្រាវជ្រាវទៀត! បើចង់ទិញអចលនទ្រព្យ កុំចេះតែស្ដាប់តាមការបញ្ចុះបញ្ចូលពីអ្នកដទៃ និងមិនគួរចេះតែជឿរាល់សម្ដីអ្នកលក់នោះឡើយ។ អ្នកត្រូវក្ដោបក្ដាប់ និងតាមដានព័ត៌មានដោយខ្លួនឯង ដោយឆែកមើលគេហទំព័រនានាដូចជា CBRE, Real Estate និង IPS-Cambodia។ នៅពេលស្រាវជ្រាវដើម្បីបញ្ជាក់ព័ត៌មាន គួរផ្ទៀងផ្ទាត់មើលពីទីតាំង ហេដ្ឋារចនាសម្ព័ន្ធ ការរចនា បរិយាកាស តម្លៃ និងគោលការណ៍នានា។
នេះជាចំណុចស្នូលនៃអចលនទ្រព្យ ព្រោះវាជាផ្លូវតែមួយដែល ធានាសុវត្ថិភាពទុនដែលអ្នកបានវិនិយោគលើ។ សម្រាប់អ្នកដែលទើបទិញអចលនទ្រព្យលើកដំបូង អ្នកគប្បីយល់ខ្លះៗអំពីគោលការណ៍នៃការបង់ពន្ធ។ បន្ថែមនឹងនេះ អ្នកត្រូវពិនិត្យឱ្យបានល្អិតល្អន់អំពីស្ថានភាពនៃអចលនវត្ថុនោះ ថាតើធ្លាប់មានជម្លោះឬទេ មានប្លង់រឹងត្រឹមត្រូវឬទេ ឬក៏ជាប្រភេទទ្រព្យ ដែលមានជាប់ពាក់ព័ន្ធជាមួយកម្មសឹទ្ធិរបស់រដ្ឋជាដើម។ អ្នកក៏គួរស្វែងយល់បន្ថែមអំពីដំណាក់កាលនៃការទិញ-លក់ហិរញ្ញវត្ថុផងដែរ ថាតើគួរមានឯកសារអ្វីខ្លះផងដែរ។
Click here to read about: ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?