វ័យ៣០ឆ្នាំជាវ័យមួយពោរពេញដោយការទទួលខុសត្រូវសម្រាប់ខ្លួនឯង ឳពុកម្តាយ និងគ្រួសារទាំងមូល ជាពិសេសបើនិយាយផ្នែកហិរញ្ញវត្ថុ យើងមិនត្រឹមតែធានាពីស្ថិរភាពហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្នទេ ថែមទាំងនៅពេលអនាគត ដូចជាពេលចូលនិវត្តន៍ទៀតផង។
ហេតុនេះហើយបានជាយើងគួរមានទម្លាប់ក្នុងការគ្រប់គ្រងលុយកាក់ត្រឹមត្រូវដើម្បីធានាថាយើងនឹងមិនទទួលរងផលប៉ះពាល់ហិរញ្ញវត្ថុនៅពេលក្រោយ។
តោះ! មកតាមដានពីទម្លាប់គ្រប់គ្រងលុយកាក់ទាំង៥ដែលមនុស្សវ័យ៣០គួរតែមាន។
សន្សំសម្រាប់ពេលចូលនិវត្តន៍
ជម្រើសល្អប្រសើរមួយគឺការសន្សំប្រាក់ទុក ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុក្នុងរូបភាពជា គណនីសន្សំមានកាលកំណត់ ឬគណនីសន្សំសម្រាប់ការចូលនិវត្តន៍។ តាមការលើកឡើងរបស់អ្នកជំនាញហិរញ្ញវត្ថុ យើងគួរដាក់សន្សំប្រាក់យ៉ាងហោចណាស់ចំនួន ១៥% នៃប្រាក់ចំណូលសរុបប្រចាំខែក្នុងគណនីសន្សំសម្រាប់ត្រៀមខ្លួនពេលចូលនិវត្តន៍។
ប្រាក់បម្រុងគ្រាអាសន្ន
ប្រាក់បម្រុងគ្រាអាសន្នគឺអ្វីដែលមនុស្សគ្រប់វ័យគួរមានជាចំាបាច់ មិនថាវ័យណា ព្រោះនឹងជួយយើងដោះស្រាយបញ្ហាកើតមានភ្លាមៗដែលមិនបានព្រាងទុក ដ្បិតយើងមិនចាំបាច់រត់ទៅខ្ចីលុយគេ ឬដកប្រាក់ចេញពីបណ្ណឥណទានដែលមានការប្រាក់ខ្ពស់។ បើយើងដល់វ័យ៣០ឆ្នាំហើយ នៅមិនទាន់មាននឹងគេ គួរតែចាប់ផ្តើមសន្សំពីឥឡូវទៅ។ ប្រាក់បម្រុងសម្រាប់គ្រាអាសន្នគួរតែអាចរ៉ាប់រងការចំណាយបានចន្លោះពី ៣ទៅ៦ខែ នៅពេលដែលយើងបាត់បង់ការងារ ឬចំណូលដោយសារកត្តាណាមួយ (ជាពិសេសវិបត្តិសេដ្ឋកិច្ចជាដើម)។
ពិភាក្សារឿងហិរញ្ញវត្ថុជាមួយដៃគូរ
ការប្រាស័យទាក់ទងជាចំនុចសំខាន់ ដើម្បីពង្រឹងទំនាក់ទំនងរវាងដៃគូ ពិសេសរឿងបញ្ហាលុយកាក់។ ម៉្យាងធ្វើបែបនេះ អនុញ្ញតឲ្យយើងឈ្វេងយល់បន្ថែមពីគ្នា កាត់បន្ថយការរំពឹងទុកខ្ពស់ មិនបំពានហិរញ្ញវត្ថុរវាងគ្នា ដូចជាលុយប្តី ឬប្រពន្ធអ្នកគ្រប់គ្រង និងចាយវាយមិនត្រឹមត្រូវ។ យើងគួរជជែកបើកជំហរជាមួយដៃគូ ពីផែនការហិរញ្ញវត្ថុរយៈពេលខ្លី/វែង ចំណាយទូទៅក្នុងគេហដ្ឋាន ថ្លៃសិក្សាសម្រាប់កូនៗ ដើម្បីជៀសវាងភាពមិនចុះសម្រុងនឹងគ្នាក្នុងពេលអនាគត។
ពិនិត្យមើលពិន្ទុឥណទាន
ការមានពិន្ទុឥណទានល្អក៏ជារឿងចាំបាច់មួយ ព្រោះធនាគារនឹងប្រើប្រាស់វាសម្រាប់កំណត់លទ្ធភាពទទួលបានឥណទានរបស់យើង ក្នុងករណីយើងត្រូវការកម្ចីទិញផ្ទះ ឬធ្វើទុនរកស៊ី។ល។ បើប្រវត្តិឥណទានយើងល្អ អាចទទួលបាននូវលក្ខខណ្ឌល្អប្រសើរ និងការអនុម័តឥណទានឆាប់រហ័ស។ ដើម្បីថែរក្សាពិន្ទុឥណទានឲ្យបានល្អ យើងមិនគួរខ្ចីលើសពីសមត្ថភាពដែលអាចសង មិនយឺតយ៉ាវក្នុងការសង មិនចាយលើសចំនួនកំណត់ និងជៀសវាងប្រើកាតក្រឌីតលើការចំណាយធំៗ។ល។
មានធានារ៉ាប់រងសម្រាប់គ្រួសារ
ដូចរៀបរាប់ខាងលើ វ័យ៣០ ភាគរយច្រើនយើងអាចនឹងក្លាយជាមេគ្រួសារ មានកាតព្វកិច្ច និងទំនួលខុសត្រូវច្រើន ទាំងការចំណាយប្រចាំថ្ងៃ និងចំណាយពេលបញ្ហា ឬគ្រោះថ្នាក់ដោយចៃដន្យ។ ដូច្នេះ យើងគួរតែមានធានារ៉ាប់រងអាយុជីវិត ទុកសម្រាប់ការពារសុវត្ថិភាពហិរញ្ញវត្ថុដល់ខ្លួនឯង និងគ្រួសារ ព្រោះយើងអាចផ្ទេរហានិភ័យទៅធានារ៉ាប់រងក្នុងការដោះស្រាយបញ្ហា រ៉ាប់រងការព្យាបាល និងផ្តល់ប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន