6 Jars Money Management គឺជាវិធីគ្រប់គ្រងលុយដោយបែងចែកប្រាក់ចំណូលរបស់អ្នកជា 6 ផ្នែកសម្រាប់គោលបំណងផ្សេងៗគ្នា។ បើតាមជាក់ស្ដែង អ្នកអាចទុកដាក់លុយទាំងនេះនៅក្នុងគណនីដោយឡែកពីគ្នា ឬ ប្រើកែវមែនទែន ឬស្រោមសំបុត្រក៏បាន ដែលលុយ 6 ចំណែកនោះគិតតាមអត្រាភាគរយខុសៗគ្នាទៅតាមភាពចាំបាច់របស់វា។ ការបែងចែកនិងទុកដាក់លុយកាក់របស់អ្នកទៅតាមវិធីនេះនឹងជួយឲ្យការចំណាយនិងសន្សំរបស់អ្នកមានគោលដៅច្បាស់លាស់ និងចៀសវាងការចាយខ្ជះខ្ជាយ។ បើយើងបំបែកប្រាក់ចំណូលទៅតាមផ្នែកផ្សេងៗគ្នាដោយប្រើកែវទាំង 6 នោះការគ្រប់គ្រងលុយកាក់តាមវិធីនេះ ត្រូវបានណែនាំឲ្យអនុវត្តដូចខាងក្រោម:
កែវទី 1:
55% នៃចំណូលត្រូវទុកដោយឡែកសម្រាប់ចំណាយចាំបាច់ប្រចាំថ្ងៃ (Necessities) ដូចជា ថ្លៃទឹកភ្លើង ថ្លៃជួលផ្ទះ និងម្ហូបអារហារជាដើម។
កែវទី 2:
10% គឺទុកសម្រាប់ការកំសាន្ត (Entertainment) ដែលយើងច្រើនចាយលើការជួបជុំមិត្តភក្តិ ជប់លៀង មើលកុន shopping និងការដើរកំសាន្តផ្សេងៗ ពេលយើងចង់បំបាត់ស្រ្តេស និងភាពនឿយហត់ពីការងារ។
កែវទី 3:
10% នៃចំណូលគឺសម្រាប់សន្សំដើម្បីសម្រេចនូវសេរីភាពហិរញ្ញវត្ថុ (Financial Freedom)។ ប្រាក់សន្សំនេះដែរគឺសម្រាប់យកទៅប្រើជាមធ្យោបាយបង្កើតលំហូរប្រាក់ចំណូលអកម្ម ឬយកទៅវិនិយោគដើម្បីទទួលបានប្រាក់ចំណេញបន្ថែម។ អ្នកពុំគួរយកប្រាក់ពីកែវនេះចាយឡើយ តែអ្នកអាចយកប្រាក់ចំណេញដែលបានបង្កើតបន្ថែមពីការវិនិយោគនោះទៅប្រើប្រាស់បាន។
កែវទី 4:
10% ទុកសម្រាប់ចំណាយលើការសិក្សានិងការអភិវឌ្ឍខ្លួនឯង (Education and Self-improvement) ដូចជាទិញសៀវភៅអប់រំ រៀនវគ្គសិក្សាតាមonline លើជំនាញថ្មីៗ ជាដើម។
កែវទី 5:
10% ដើម្បីសន្សំរយៈពេលយូរទុកសម្រាប់ចំណាយធំៗ (long-term savings) ឧទាហរណ៍ដូចជាគម្រោងទិញផ្ទះឬឡាន សម្រាប់ដំណើរកំសាន្តទៅក្រៅប្រទេស ឬទុកសម្រាប់ចំណាយលើថ្លៃព្យាបាលបញ្ហាសុខភាពដែលមិនអាចរំពឹងទុកមុនបាន និងបញ្ហាអាសន្នផ្សេងៗដែលនឹងអាចត្រូវការថវិកាច្រើន។
កែវទី 6:
5% ទុកសម្រាប់ការផ្ដល់ជាអំណោយឬការបរិច្ចាគជាសប្បុរសធម៌ (Gifts and Charity) តួយ៉ាងដូចជាការទិញអំណោយជូនឪពុកម្តាយ បងប្អូន ឬមិត្តភក្តិ ការបរិច្ចាគទៅមន្ទីរពេទ្យ មន្ទីរកុមារកំព្រានិងចាស់ជរា ឬជួយដល់បុគ្គលខ្វះខាតជាងយើងជាដើម។
វិធីគ្រប់គ្រងលុយកាក់ 6 Jars Money Management នេះ មិនចាំបាច់ទាល់តែអ្នកមានប្រាក់ចំណូលច្រើនទើបអាចអនុវត្តបាននោះទេ ព្រោះថាចំណុចសំខាន់នៃវិធីនេះគឺចង់អោយយើងចេះមានទម្លាប់ទុកដាក់លុយ និងគ្រប់គ្រងចំណាយអោយមានរបៀបរៀបរយ។
សូមចំណាំផងដែរថា អត្រាភាគរយនៃប្រាក់ចំណូលសម្រាប់កែវនីមួយៗអាចប្រែប្រួល តែជាពិសេសនោះគឺកែវទី1 និងកែវទី6 ដែលអាចខុសគ្នា ច្រើនឬតិចជាងនេះបន្តិចបន្តួច ទៅតាមតម្រូវការ គោលដៅចំណាយនិងស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ។ ដោយហេតុថាគោលដៅនៃប្រាក់ដែលយើងបំបែកទុកក្នុងកែវទី6 អាចនឹងចាំបាច់ឬមិនចាំបាច់សម្រាប់មនុស្សផ្សេងគ្នា និងត្រូវរក្សាទុកតិចឬច្រើន អាស្រ័យលើលទ្ធភាពដែលយើងមាន៕
Click here to read more: The 6 Jars: Most Powerful Money Management Technique All Parents Should Know