ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់
ធនាគារ ABA ដែលជាធនាគារឈានមុខនៅកម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល បានណែនាំគណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី 10 ដល់ 17ឆ្នាំ ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ធនាគារបែបទំនើប និងការចាយវាយដោយមិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile ផ្ទាល់ខ្លួន។ នៅពេលបើកគណនីបានជោគជ័យ កុមារ ឬក្មេងជំទង់ អាចប្រើសេវាដ៏ពេញនិយមរបស់ ABA ដោយខ្លួនឯង ខណៈការប្រើប្រាស់នោះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្ដាយ ជាមួយកមិ្រតទឹកប្រាក់កំណត់ជាក់លាក់។
កុមារ ឬក្មេងជំទង់ដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនីភ្លាមៗ ធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុក រួមទាំងការទូទាត់តាម KHQR និងការសន្សំប្រាក់ដោយខ្លួនឯង។ ឪពុកម្តាយអាចគ្រប់គ្រងការចំណាយរបស់កូន តាមរយៈកម្មវិធី ABA Mobile ដោយឡែករបស់ខ្លួន ផ្ញើប្រាក់ភ្លាមៗទៅកាន់គណនី Junior របស់កូន ហើយទទួលបានសារជូនដំណឹង នៅពេលកូនធ្វើការផ្ទរ ឬទូទាត់ប្រាក់លើកម្មវិធី ABA Mobile របស់ពួកគេ។
គណនី Junior លើកទឹកចិត្តដល់កុមារ ឬក្មេងជំទង់ឲ្យបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏ប្រសើរពីក្មេង និងយល់ពីសារៈសំខាន់នៃការសន្សំសម្រាប់អនាគតពួកគេ។ គណនីនេះ ស្ថិតក្រោមគណនី Minor ដែលធនាគារផ្ដល់ជូននៅតាមសាខាតែប៉ុណ្ណោះ។
ដើម្បីបើក ABA Junior Account ឪពុកម្ដាយត្រូវ៖
- បើកកម្មវិធី ABA Mobile រួចចុច បើកគណនីថ្មី;
- ជ្រើសរើសគណនី Junior បំពេញព័ត៌មានរបស់កូន ហើយជ្រើសរើសរូបិយប័ណ្ណគណនី;
- បញ្ចូលលេខទូរស័ព្ទរបស់កូន និងចុងក្រោយ បញ្ចូលលេខកូដ ដែលទទួលបាននៅលើទូរស័ព្ទរបស់កូនតាមរយៈសារ SMS ។
“យើងជឿជាក់ថាគណនី Junior នឹងជំរុញដល់ការអប់រំផ្នែកហិរញ្ញវត្ថុរបស់កុមារ និងក្មេងជំទង់ និងអាចឲ្យពួកគេទទួលបានបទពិសោធនៃការគ្រប់គ្រងចាត់ចែងលុយកាក់ក្នុងពេលបច្ចុប្បន្ន ខណៈដែលឪពុកម្តាយអាចសិក្សាស្វែងយល់ និងតាមដានទម្លាប់ចាយវាយរបស់កូនៗបានយ៉ាងពេញលេញ។ ខុសពីគណនីសន្សំធម្មតា គណនី Junior មិនត្រឹមតែលើកទឹកចិត្តកូនសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេគ្រប់គ្រងហិរញ្ញវត្ថុតាមមធ្យោបាយផ្ទាល់ខ្លួនជាមួយ ABA Mobile” លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA។
លោកបានបន្ថែមថា “យើងលើកទឹកចិត្តឪពុកម្តាយទាំងអស់ឱ្យបើកគណនី ABA Junior សម្រាប់កូន ព្រោះគណនីនេះជាមធ្យោបាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដែលមិនត្រឹមតែជួយបណ្ដុះទម្លាប់ល្អនៃការប្រើប្រាស់លុយរបស់កុមារ ឬក្មេងជំទង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គ្រួសារទាំងមូលផងដែរ”។
សូមចូលទៅកាន់វិបសាយ Junior Account របស់យើងសម្រាប់ព័ត៌មានបន្ថែម ឬទូរស័ព្ទទៅលេខឥតគិតថ្លៃ 1 800 203 203 (ក្នុងប្រទេសកម្ពុជា)។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី ABA Mobile សូមចូលទៅកាន់ទំព័រ ABA Mobile របស់យើង។
Click here to read about: លុយរៀលជារូបិយប័ណ្ណជាតិ