ធនាគារ អេស៊ីលីដា គ្រោងនឹងខ្ចីលុយ១០០លានដុល្លារបន្ថែមពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីផ្តល់ប្រាក់កម្ចីថ្មីដល់អាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា។ ការផ្តល់នូវប្រាក់កម្ចីថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណង ជួយពង្រីក និងអភិវឌ្ឍមុខរបរអាជីវកម្ម ក្នុងរយៈពេលវែងរហូតទៅដល់ ៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៨,៨០% ទៅ ១១%។
តាមការសង្កេត នៅរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ សេដ្ឋកិច្ចក្នុងស្រុកនៅមិនទាន់អាចត្រឡប់ទៅរកសភាពដើមដូចកាលពីមិនទាន់មានកូវីតនៅឡើយនោះទេ។ មានអាជីវកម្មមួយចំនួនបានប្រកាសបិទទ្វារផ្អាកបណ្តោះអាសន្ន ឯអាជីវកម្មខ្លះទៀតបានប្រកាសបិទទាំងស្រុងផងដែរ។ នេះអាចជាឱកាសល្អសម្រាប់ម្ចាស់អាជីវកម្មធុនតូច និងមធ្យម ក្នុងការដាក់ស្នើប្រាក់កម្ចីបន្ថែមដើម្បីជួយជំរុញនូវដំណើរការ ឬពង្រីកអាជីវកម្មរបស់ខ្លួន។
ដោយយោងតាម ផ្សារមូលបត្រកម្ពុជា លុយដែលធនាគារអេស៊ីលីដានឹងខ្ចីនេះ ធ្វើឱ្យធនាគារជាប់បំណុលបន្ថែម ៧,៣៩% ដែលបំណុលសរុបកើនឡើងរហូតដល់ ៥៩៦,៩៨%។ ខណៈពេលដែលតម្លៃភាគហ៊ុននៃធនាគារមានតម្លៃជាង ៣០ ប៊ីលានរៀល (៧,៣ លានដុល្លារ)។
គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា ធ្លាប់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ដោយផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា។ បច្ចុប្បន្ននេះ អេស៊ីលីដា គឺជាធនាគារពាណិជ្ជកម្មមួយដែលឈានមុខគេ និងជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕