ដើម្បីទុកដាក់លុយកាក់កុំឲ្យខ្ជះខ្ជាយ ឬចាយច្រើនលើសលប់ អ្នកចាំបាច់ត្រូវចេះចាត់ចែងការចាយវាយឲ្យតិចជាងចំណូល។
ប៉ុន្តែពេលខ្លះ ដើម្បីបំពេញតម្រូវការរបស់ខ្លួន យើងពុំបានគិតល្អិតល្អន់ពីការចាយវាយឡើយ ហើយវាអាចមកពីទម្លាប់ទាំង៣ខាងក្រោមដែលធ្វើឲ្យអ្នកចាយភ្លេចខ្លួន។
១. ទុកសាច់ប្រាក់ច្រើនតាមខ្លួន
នៅពេលដែលអ្នកមានសាច់ប្រាក់ជាប់ខ្លួនកាន់តែច្រើន អ្នកនឹងកាន់តែមានទំនោរក្នុងការចាយវាយ។ សាកសួរមិត្តៗរបស់អ្នកមើល អ្នកណាខ្លះធ្លាប់គិតថាមានប៉ុណ្ណា ចាយប៉ុណ្ណឹងទេ? នៅមានអ្នកខ្លះទៀត មានលុយក្នុងកាបូបចេះតែចង់ចាយ ឬមួយទៀត ពេលមានលុយជាប់ខ្លួន ចេះតែចង់ទិញនេះទិញនោះ។ ម្យ៉ាងទៀត ពេលដែលទុកសាច់ប្រាក់ជាប់ខ្លួនច្រើនបែបនេះ វាអាចពិបាកក្នុងការកំណត់ចំណូលចំណាយនិងតាមដានថាលុយចេញទៅណា ដែលខុសពីការចាយលុយតាមប្រព័ន្ធឌីជីថលដោយយើងអាចមើលពីប្រតិបត្តិការចំណាយទាំងឡាយបាន។
២. ប្រើប្រាស់កាតឥណទានមិនបានត្រឹមត្រូវ
កាលណាបច្ចេកវិទ្យាកាន់តែរីកចម្រើន ការប្រើប្រាស់កាតឥណទាន ឬ Credit Card គឺកាន់តែមានភាពងាយស្រួល។ កាតឥណទានអាចប្រើប្រាស់សម្រាប់ទិញទំនិញជាច្រើនប្រភេទ រួមទាំងការទិញទំនិញតាមអុីនធឺណេតផងដែរ ដោយហេតុថាការចាយវាយតាមប្រព័ន្ធឌីជីថលមានភាពងាយស្រួល និងលឿនរហ័ស។ តែនៅពេលដែលអ្វីៗដែលយើងទិញត្រូវបានទូទាត់តែតាមកាតឥណទានតែមួយមុខនោះ វាក៏អាចធ្វើឲ្យយើងចាយច្រើន លើសកំណត់ដោយមិនដឹងខ្លួន (លុះត្រាតែកាតឥណទានរបស់អ្នកជាប្រភេទមានកម្រិត) ក៏ព្រោះតែភាពងាយស្រួលនេះឯង។ បើភ្លេចខ្លួនទៀត យើងអាចធ្លាក់ខ្លួនជាប់បំណុលធនាគារទៀតផង។
៣. ចាយលុយទៅតាមអារម្មណ៍
ធ្លាប់ទេ? ចង់បានអ្វីមួយ ហើយបើមិនបានទិញទេគឺដេកនឹកគិត មិនលក់ទល់ភ្លឺ។ តែបើជ្រុលទិញភ្លាមៗ អាចលង់ខ្លួនដាច់លុយចុងខែទៅវិញ។ នេះហើយ ការចាយលុយទៅតាមអារម្មណ៍ តាមចិត្តចង់បានមួយឆាវ។ ភាពរំជើបរំជួលចង់បានរបស់ប្រើប្រាស់ទំនើបៗ សំលៀកបំពាក់ប្រេនៗ ឬ ម្ហូបអាហារថ្លៃៗ ដែលមិនមែនជាការចាំបាច់អាចធ្វើឲ្យអ្នកស្តាយក្រោយ។ ឧទាហរណ៍ថាអ្នកមានគម្រោងក្នុងការសន្សំលុយទិញម៉ូតូល្អ១គ្រឿង។ ប៉ុន្តែស្របពេលនោះផងដែរ អ្នកក៏បានចាប់ចិត្ត ជាប់អារម្មណ៍នឹងសំលៀកបំពាក់ប្រេនៗដ៏ស្រស់ស្អាតមួយឈុត ហើយអ្នកមិនអាចទប់អារម្មណ៍បាន ក៏ជ្រុលជ្រួសទិញ ឃាត់ខ្លួនឯងមិនទាន់។ វាគឺជាកំហុសឆ្គងមួយដែលធ្វើឲ្យអ្នកមិនអាចសម្រេចគោលបំណងរបស់អ្នកបាន ដោយសារការចាយលុយទៅតាមអារម្មណ៍មួយឆាវ។
ចំនុចទាំង៣ខាងលើគឺគ្រាន់តែជាចំនុចខ្លះៗប៉ុណ្ណោះដែលធ្វើឲ្យអ្នកចាយលុយច្រើនហួសភ្លេចខ្លួន។ បើយល់ល្អ អ្នកគួរតែកំណត់កម្រិតចាយវាយច្បាស់លាស់ហើយអនុវត្តតាមការកំណត់ ដើម្បីអាចសន្សំប្រាក់កាស និងចៀសវាងការចាយវាយខ្ជះខ្ជាយ។
តើអ្នកមានទម្លាប់អ្វីផ្សេងដែលធ្វើឲ្យចាយលុយភ្លេចខ្លួន ក្រៅពីចំនុចដែលបានរៀបរាប់ខាងលើនេះទេ? បើមាន ជួយចែករំលែកនៅក្នុង comment ឲ្យអេដមីន និងទាំងអស់គ្នាបានដឹងផង៕
Click here to read more about: ទម្លាប់ចាយវាយរបស់ក្រុម Millennials