ជាធម្មតា ដើម្បីឱ្យអាជីវកម្មមួយដំណើរការទៅល្អ ម្ចាស់អាជីវកម្មរមែងមានកត្តាជាច្រើនដែលត្រូវគិតគូរ ហើយជាពិសេសនោះគឺកត្តាហិរញ្ញវត្ថុ និងការគ្រប់គ្រងបញ្ជីគណនីនេះឯង។
បញ្ជីគណនីសំដៅទៅលើកំណត់ត្រាចំណូលចំណាយរបស់សហគ្រាស ឬអាជីវកម្ម ដែលចាំបាច់ត្រូវតែមានភាពច្បាស់លាស់ ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ទើបអាជីវកម្មនោះអាចឈរជើងបានយូរ។ អត្ថប្រយោជន៍នៃការមានបញ្ជីគណនីត្រឹមត្រូវមានច្រើនដូចជា៖
• លំហូរសាច់ប្រាក់ (Cash-flow)៖
លំហូរសាច់ប្រាក់មានភាពចាំបាច់ខ្លាំងសម្រាប់ប្រតិបត្តិការអាជីវកម្ម ដោយក្នុងដំណើរការអាជីវកម្មជាប្រចាំ ត្រូវការសាច់ប្រាក់ដើម្បីបង្វិលចំណូលនិងចំណាយ។ ការមានបញ្ជីគណនី អាចឱ្យអ្នកគ្រប់គ្រងអាជីវកម្មតាមដាននិងគ្រប់គ្រងចំណូលចំណាយទាំងនោះ ឱ្យបានសមស្របទៅតាមតម្រូវការរបស់ប្រតិបត្តិការអាជីវកម្ម និងដើម្បីចៀសវាងភាពរាំងស្ទះ។
• តាមដាន និង ផ្ទៀងផ្ទាត់៖
ការមានបញ្ជីគណនី អនុញ្ញាតឱ្យម្ចាស់អាជីវកម្មតាមដានពីលំហូរសាច់ប្រាក់ ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់ខ្លួនបានច្បាស់លាស់ បើទោះបីជាគាត់ពុំបានចូលរួមក្នុងសកម្មភាពអាជីវកម្មជាប្រចាំក៏ដោយ។ វាក៏អនុញ្ញាតឱ្យម្ចាស់អាជីវកម្មវិភាគមើលផងដែរថា អាជីវកម្មរបស់ពួកគេអាចពង្រីកបន្ថែម ឬកែសម្រួលបានលើផ្នែកណាខ្លះ។
• បង្កើនទំនុកចិត្ត៖
ជាទូទៅ ចំពោះប្រភេទអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវ ជាពិសេសក្រុមហ៊ុនដែលចុះបញ្ជីជាសាធារណៈ អាចបង្កើនទំនុកចិត្តដល់សាធារណជន និងអ្នកពាក់ព័ន្ធផ្ទាល់ដូចជា អតិថិជន អ្នកផ្គត់ផ្គង់ ព្រមទាំងក្រសួងផ្សេងៗនូវប្រតិបត្តិការ និងសកម្មភាពអាជីវកម្មរបស់ពួកគេ ជាមួយនឹងការរក្សាទុកនូវបញ្ជីគណនីត្រឹមត្រូវ។ លើសពីនេះ របាយការណ៍ត្រឹមត្រូវ និងម៉ត់ចត់ធ្វើឲ្យពួកគេមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងគ្នានាថ្ងៃអនាគតផង។
• ឱកាសគៀងគរមូលធន៖
ក្រុមហ៊ុនដែលមានបញ្ចីគណនីត្រឹមត្រូវ មានឱកាសច្រើនក្នុងការស្វែងរកមូលធន (Raising fund) បានងាយស្រួលជាងក្រុមហ៊ុនដែលមិនយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ជីគណនីរបស់ខ្លួន។ បញ្ជីគណនីស្របតាមស្តង់ដារដែលមានការទទួលស្គាល់ ផ្ដល់ទំនុកចិត្តដល់វិនិយោគិន រីឯការដាក់ស្នើកម្ចីផ្សេងៗក៏មានភាពរហ័ស និងងាយស្រួលទៀតផង។
• ការលើកទឹកចិត្ត៖
បើយោងតាមច្បាប់គណនីនៅកម្ពុជា ក៏បានចេញសេចក្ដីប្រកាសឲ្យសហគ្រាសធុនតូចនិងមធ្យមទាំងអស់គួរគោរពតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (Cambodia International Financial Reporting Standards for Small and Medium Enterprises)។ វាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់សហគ្រាស ក៏ដូចជាមានអ្នកជំនាញផ្នែកគណនីជួយសម្របសម្រួល និងព្រមទាំងទទួលបានការលើកទឺកចិត្តពីនាយកដ្ឋានពន្ធដារកម្ពុជាដោយលើកលែងការបង់ពន្ធអប្បបរមាថែមទៀតផង។
យើងឃើញថា គណនេយ្យករដែលមានជំនាញ និងកម្រិតចំណេះដឹងជាលក្ខណៈស្តង់ដារជាតិ និងអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីរកម្មមួយ ពីព្រោះពួកគាត់ជាអ្នកគ្រប់គ្រងចំណូលចំណាយ ព្រមទាំងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យត្រឹមត្រូវតាមស្ដង់ដារ និងដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ហេតុអ្វីបានម្ចាស់អាជីវកម្មថ្មីគួរវិនិយោគលើការចនា Brandingអោយអាជីវកម្ម?