អាជីវកម្មខ្នាតតូចភាគច្រើនមិនត្រូវការដើមទុនច្រើន មិនត្រូវការទីតាំងធំ មិនត្រូវការបុគ្គលិកច្រើន មានតែម្នាក់ឯងក៏អាចរកស៊ីបាន បើកនៅផ្ទះក៏បាន។
ធ្លាប់ស្រមៃចង់មានរបររកស៊ីតូចមួយដោយខ្លូនឯងអត់? ថ្ងៃនេះយើងមកមើលពី4 ចំណុចដែលអ្នកគួរគិតគូរមុនពេលបើកអាជីវកម្មខ្នាតតូចទាំងអស់គ្នា!!
1. សរសេរផែនការអាជីវកម្ម
ប្រសិនជាអ្នកទើបតែចាប់ផ្ដើមអាជីវកម្មខ្នាតតូចដំបូងៗ អ្នកត្រូវតែចេះកំណត់គោលដៅអាជីវកម្ម និងរៀបចំផែនការអាជីវកម្មរបស់អ្នកឲ្យបានល្អិតល្អន់ដោយផ្ដើមចេញពីការកំណត់តម្លៃផលិតផល ការវេចខ្ចប់ ការផ្ដល់សេវាកម្មទៅកាន់អតិថិជន។ល។ ម៉្យាងទៀត អ្នកគួរតែមើលទាក់ទងនឹងការចុះបញ្ជីអាជីវកម្មស្របច្បាប់ដើម្បីប្រាកដថាគ្មានបញ្ហាអ្វីទេ បន្ទាប់ពីអ្នកបើកអាជីវកម្មហើយ។
2. ស្គាល់ពីអតិថិជនគោលដៅ(Target customer)
អ្នកគប្បីស្គាល់ពីអតិថិជនគោលដៅដើម្បីអាចកំណត់យុទ្ធសាស្រ្ដទីផ្សារ និងបង្កើតយុទ្ធនាការទីផ្សារមានប្រសិទ្ធភាពសម្រាប់អាជីវកម្មរបស់អ្នក។ ការស្គាល់ពីអតិថិជនគោលដៅរបស់ខ្លួនអនុញ្ញាតឱ្យអ្នកសិក្សាបន្ថែមពីពួកគេ ថាគេត្រូវការផលិតផលឬសេវាកម្មបែបណា តាមរយៈការស្វែងយល់ពីភេទ វ័យ ចំណង់ចំណូលចិត្ត អាកប្បកិរិយាអ្នកប្រើប្រាស់ ប្រភពចំណូលរបស់ពួកគេជាដើម។
3. ត្រៀមយុទ្ធនាការផ្សព្វផ្សាយ
ការផ្សាយពាណិជ្ជកម្មមានសារៈសំខាន់សម្រាប់គ្រប់អាជីវកម្ម សូម្បីអាជីវកម្មខ្នាតតូចក៏ដោយ។ អ្នកគួរតែស្រាវជ្រាវពីទីផ្សារ និងជ្រើសរើសយុទ្ធសាស្រ្ដផ្សព្វផ្សាយអំពីម៉ាក ផលិតផល ឬសេវាកម្មរបស់អាជីវកម្ម តាមបណ្ដាញសង្គមផ្សេងៗដូចជា Facebook Instagram និង TikTok ដើម្បីទាក់ទាញឲ្យមនុស្សបានស្គាល់ពីអាជីវកម្មរបស់អ្នកឲ្យបានច្រើន។ តួយ៉ាង អ្នកអាចអនុវត្តការផ្សព្វផ្សាយដោយប្រើប្រាស់រូបភាព ឬបង្កើតវីដេអូដែលមានភាពច្នៃប្រឌិត និងគួរឲ្យចាប់អារម្មណ៍ ការប្រកាសពីថ្ងៃបើកសាកល្បង ឬថ្ងៃសម្ពោធហាងដោយមានការបញ្ចុះតម្លៃ ការចែករង្វាន់អនុស្សាវរីយ និងប្រូម៉ូសិនផ្សេងៗចំពោះអតិថិជន។
4. កំណត់និងកៀងគរដើមទុនសម្រាប់អាជីវកម្ម
មិនអាចភ្លេចបានទេ! ចំណុចនេះជាចំណុចសំខាន់ជាងគេ។ បើគ្មានទុនគ្រប់គ្រាន់ គម្រោងការទាំងប៉ុន្មានក៏មិនអាចប្រព្រឹត្តទៅបានដែរ។ អ្នកត្រូវដឹងអាជីវកម្មរបស់អ្នកត្រូវការដើមទុនប៉ុន្មាន និងត្រូវចំណាយលើអ្វីខ្លះ ដើម្បីងាយស្រួលរៀបចំកញ្ចប់ថវិកាសម្រាប់អាជីវកម្មរបស់អ្នកឱ្យនៅតែអាចបន្តទៅមុខ។ ឧទាហរណ៍ ការត្រៀមថវិកាសម្រាប់ចំណាយលើតម្លៃទំនិញនាំចូល ឬវត្ថុធាតុដើម ថ្លៃចំណាយលើសម្ភារៈលម្អឬសម្រាប់ដាក់តាំងទំនិញ។ល។
តែអេដមីនសូមបញ្ជាក់បន្តិចណា៎ ថា ការលើកឡើងខាងលើនេះគ្រាន់តែជាផ្នែកខ្លះប៉ុណ្ណោះ ក្នុងការចូលរួមចែករំលែកជាគំនិតនិងចំណេះដឹងទៅកាន់ប្រិយមិត្ត។ តែការចាប់ផ្ដើមរកស៊ីដំបូងអាចទាមទារឱ្យអ្នកត្រូវគិតគូរលើសពី ៤ចំណុចខាងលើនេះរួមជាមួយមេរៀននិងបទពិសោធន៍ពីការអនុវត្តជាក់ស្ដែង។ ហេតុនេះហើយ អ្នកគប្បីខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអាចត្រៀមខ្លួនបានកាន់តែប្រសើរ។ ក្រុមការងារកាក់សេនមានតែជូនពរឲ្យអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូននិងទទួលបានភាពជោគជ័យ៕
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: ចេញរកស៊ីដំបូងទាំងបាតដៃទទេ គួរត្រៀមចិត្តត្រៀមកាយដូចម្ដេចខ្លះ ?
Click here to read about: CGCC recommends ways to Access to Guaranteed Loans
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។