កាលពីថ្ងៃមុន កាក់សេន បានលើកឡើងម្ដងរួចមកហើយពីការរបៀបមើលសែក ចៀសវាងមានបញ្ហាអ្វីមួយកើតឡើង។ ចុះការប្រើប្រាស់សែក ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់? តោះ! ទៅស្វែងយល់ទាំងអស់គ្នា។
សែក ឬមូលប្បទានបត្រ(cheque) គឺជាបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារ ជាលាយលក្ខណ៍អក្សរនិង មានចុះហត្ថលេខាដោយបុគ្គលអ្នកចេញបញ្ជានេះ ក្នុងគោលបំណងតម្រូវឲ្យធនាគារទូទាត់ប្រាក់ក្នុងចំនួនកំណត់ណាមួយឲ្យទៅបុគ្គលម្នាក់ទៀតតាមបញ្ជា។
អត្ថប្រយោជន៍ពីការប្រើប្រាស់សែក
• សុវត្ថិភាព៖ ការប្រើប្រាស់សែកផ្តល់នូវសុវត្ថិភាពដោយការពារពីការលួច ហើយនៅពេលដែល អ្នកទៅបើកសែកធនាគារតែងទាមទារអត្តសញ្ញាណបណ្ណបញ្ជាក់ ដូចនេះទោះមានគេលួច ក៏មិនអាចដកប្រាក់បានដែរ។ អ្នកមិនចាំបាច់ដាក់លុយទាំងដុលទៅតាមខ្លួន គ្រាន់តែសរសេរ សែកជាការស្រេច។
• ការទូទាត់ប្រាក់ឥតកំណត់៖ ការផ្ញើលុយតាមកុងធនាគារមានកំណត់អប្បបរមានៃចំនួនទឹកលុយដែលអាច ផ្ញើបានក្នុងមួយថ្ងៃ ចំណែកឯសែកមិនមានចំនួនកំណត់ចំណាយនោះទេ (ប៉ុន្តែវាក៏អាស្រ័យលើលក្ខខណ្ឌមួយចំនួនពីខាងធនាគារអ្នកដែរ)។
• ងាយគ្រប់គ្រងស្ថានការណ៍៖ ប្រសិនបើអ្នកចេញសែករួច ហើយមានបញ្ហាណាមួយដែលតម្រូវឲ្យអ្នកផ្អាក ការផ្ទេរប្រាក់ទៅអ្នកទទួល អ្នកអាចទាក់ទងទៅធនាគារដើម្បីលុបចោលសែកមួយនោះបាន ដោយគ្រាន់តែបញ្ជាក់ពីមូលហេតុ និងព័ត៌មានទាក់ទងនឹងសែក និងគណនីរបស់អ្នក (ករណីបើសែកមានបញ្ហា នៅពេលដកប្រាក់ ខាងធនាគារនឹងផាកពិន័យ ដោយតម្លៃអាស្រ័យទៅតាមស្ថាប័នធនាគារអ្នក)។
• ចំនួនទឹកប្រាក់ និងឈ្មោះអ្នកទទួលច្បាស់លាស់៖ នៅពេលប្រើប្រាស់សែក អ្នកត្រូវសរសេរទឹកលុយច្បាស់លាស់ដែលជារឿងល្អ ព្រោះមិនងាយនឹងច្រឡំ ។
• ការកេងប្រវ័ញ្ច៖ ចំណុចល្អមួយទៀតរបស់ការប្រើប្រាស់សែកសម្រាប់អាជីវកម្ម គឺចៀសវាង ការកេងប្រវ័ញ្ចដូចជា ការកិបកេងលុយជាដើម ព្រោះនៅពេលប្រើប្រាស់សែកចាំបាច់ត្រូវមាន ហត្ថលេខា ឬ/និងត្រាបញ្ជាក់។
• ងាយស្រួលផ្ទេរ និងដកលុយ៖ ប្រសិនបើអ្នកចង់ផ្ទេរប្រាក់ទៅបុគ្គលម្នាក់ទៀត នោះទាំងពីរនាក់ត្រូវមាន គណនីធនាគារ តែចំពោះសែកអ្នកទទួលមិនចាំបាច់មានគណនីធនាគារនោះទេ។
រឿងត្រូវប្រយ័ត្នពេលប្រើប្រាស់ ឬទទួលសែក
- អ្នកត្រូវសរសេរព័ត៌មានដែលនៅលើសែកឲ្យបានត្រឹមត្រូវទាំងកាលបរិច្ឆេទ ឈ្មោះ និងទឹក ប្រាក់ (ទាំងជាលេខ និងអក្សរ) នៅពេលសរសេរសែកអ្នកត្រូវប្រើប៊ិច ចៀសវាងគេកែបាន
- អ្នកមិនត្រូវចុះហត្ថលេខានៅលើសែកដែលមិនទាន់សរសេរនោះទេ ព្រោះអាចគេយកទៅប្រើ ប្រាស់ខុសគោលដៅ។ អ្នកត្រូវទុកដាក់សែកឲ្យដូចជាទុកដាក់លុយកាក់ ត្រូវទុកនៅទីតាំងដែលមានសុវត្ថិភាព ។
- រាល់ពេលដែលអ្នកចេញសែកអ្នកអាចថតសែកទុក(ស្កេន) ដើម្បីបញ្ជាក់ថាអ្នកបានទូទាត់រួច និងទុកជាឯកសារផងដែរនៅពេលទទួលសែក
- ពិនិត្យព័ត៌មានទាំងអស់នៅលើសែក ដូចជា ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងកាលបរិច្ឆេទ
- អាយុកាលនៃសែកជាទូទៅគឺចន្លោះពី ៣ខែ ទៅ៦ខែ នៃថ្ងៃដែលបានសរសេរនៅលើសែកនោះ បើលើសពីកាលកំណត់ ធនាគារនឹងមិនទទួលសែកនេះនោះទេ
- ប្រសិនបើលុយមានចំនួនច្រើនហើយអ្នកមិនទុកចិត្តខ្លាចជាសែកខ្យល់ អ្នកអាចទាក់ទងទៅ កាន់ធនាគារនឹងសាកសួរព័ត៌មានបាន។
- ស្ថាប័នធនាគារខ្លះ មានចំណុចត្រូវពិនិត្យមួយទៀតគឺ នៅលើសែកមានគូសបន្ទាត់ពីឆ្នូតនៅជ្រុងឆ្វេងខាងលើបង្អស់នៃសែក មានន័យថាសែកនេះមិនអាចដកជាប្រាក់បានទេ សម្រាប់តែទូទាត់ចូលគណនីធនាគារតែ ប៉ុណ្ណោះ។ សែករបៀបនេះគេហៅថា Cross cheque។
ការប្រើប្រាស់សែកជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ការទូទាត់ប្រាក់ដោយសុវត្ថិភាព ជាពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលត្រូវការផ្ទេរដកប្រាក់ជាមួយទឹកប្រាក់ច្រើនក្នុងមួយថ្ងៃៗ។
ដោយឡែក អ្នកក៏ត្រូវតែប្រយ័ត្ននៅពេលដែលប្រើប្រាស់ ក៏ដូចជាពេលទទួលសែកដែរ ជាពិសេសទាក់ទង នឹងរឿងសែកស្អុយ (សែកគ្មានលុយ) ដែលយោងតាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ អ្នកដែលចេញសែកខ្យល់ត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារពី ១ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ដល់៦លានរៀលដោយមិនទាន់គិតកាតព្វកិច្ចទូទាត់ចំនួនប្រាក់ដែលសរសេរក្នុងសែក។
ខាងលើនេះគ្រាន់តែជាចំណុចមួយចំនួនដែលជាជំនួយឲ្យអ្នកបានដឹងអំពីរបៀបត្រួសៗពីរឿងដែលត្រូវប្រយ័ត្ន អ្នកអាចស្វែងយល់បន្ថែមដោយអានអំពីសែកនៅតាមគេហទំព័រធនាគារជាតិ ឬស្ថាប័នធនាគាររបស់អ្នកដោយផ្ទាល់កាន់តែប្រសើរ៕