ថ្មីៗនេះ តម្លៃទីផ្សាររបស់ Bitcoin មានការកើនឡើងយ៉ាងគំហុកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ Bitcoin។ កាលពីឆ្នាំ ២០០៨ វាមានតម្លៃត្រឹម ០ ដុល្លារអាមេរិក ប៉ុន្តែ ១២ឆ្នាំក្រោយមក Bitcoin មានតម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ។ តើនេះមកពីមូលហេតុអ្វី?
Bitcoin គឺជារូបិយវត្ថុឌីជីថលមួយដែលកំពុងចរាចរយ៉ាងសកម្មលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ដោយបុគ្គលម្នាក់ ឬមនុស្សមួយក្រុមដែលគេមិនអាចវែករកអត្តសញ្ញាណជាក់លាក់បាន ដោយប្រើឈ្មោះក្លែងក្លាយថា “Satoshi Nakamoto”។
ការទិញ Bitcoin គឺដូចជាការទិញមាស អចលទ្រព្យ ឬភាគហ៊ុនដែរ គ្រាន់តែថា Bitcoin មានលក្ខណៈជារូបិយវត្ថុឌីជីថល(cryptocurrency)។ អ្នកអាចទិញ Bitcoin ក្រោមរូបភាពជាការវិនិយោគ ឬប្រើប្រាស់ជាមធ្យោបាយទូទាត់ទំនិញ នៅតាមហាងដែលទទួល Bitcoin ជំនួសលុយសុទ្ធ ឬកាតឥណទាន (Credit Card)។
ខាងក្រោមនេះ ជាមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យតម្លៃ Bitcoin មានការកើនឡើងខ្លាំងយ៉ាងនេះ៖
១. ការធ្លាក់ចុះនៃតម្លៃលុយដុល្លារអាមេរិកក្នុងទីផ្សារជួញដូររូបិយបណ្ណអន្តរជាតិ
កាលពីឆ្នាំ ២០២០ បើយោងទៅតាមសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (The US dollar Index) រង្វាស់នៃតម្លៃដុល្លារ បើធៀបនឹងរូបិយប័ណ្ណពិភពលោកសំខាន់ៗដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុន បានធ្លាក់ចុះ 6.8% ហើយត្រូវបានអ្នកជំនាញហិរញ្ញវត្ថុប៉ាន់ស្មានថាវានឹងបន្តធ្លាក់ចុះទៀតក្នុងឆ្នាំ ២០២១។
ធនាគារកណ្ដាលអាមេរិកបោះពុម្ពលុយដុល្លារច្រើនសម្រាប់ចំណាយ ធ្វើឱ្យលុយដុល្លារធ្លាក់ថ្លៃ ទើបជាហេតុធ្វើឱ្យមនុស្សសម្រុកទិញមាស និង Bitcoin ដោយពួកគេរំពឹងថាតម្លៃ Bitcoin នៅតែបន្តឡើងថ្លៃថែមទៀត។ ការទិញលក់ Bitcoin ត្រូវប្រើប្រាស់លុយដុល្លារជាគោល។ បើដុល្លារឡើងថ្លៃ Bitcoin ចុះថោក បើ Bitcoin ចុះថោក នោះលុយដុល្លារនឹងឡើងថ្លៃវិញ។
២. តម្រូវការពីទីផ្សារ
ការឡើងថ្លៃគួរឱ្យកត់សម្គាល់របស់ Bitcoin មិនត្រឹមតែមានការវិនិយោគ និងដេញថ្លៃពីអ្នកវិនិយោគខ្នាតតូចនោះទេ សូម្បីតែស្ថាប័នធំៗទាំងរដ្ឋ និងឯកជន ក៏ប្រមូលទិញ Bitcoin ជំនួសឱ្យការទុកលុយសុទ្ធក្នុងឃ្លាំងទ្រព្យរបស់ពួកគេដែរ។
ធនាគារកណ្ដាល និងរដ្ឋាភិបាលនៅប្រទេសមួយចំនួនលើពិភពលោក កំពុងសិក្សានិងពិចារណាទៅលើសក្ដានុពលនៃរូបិយវត្ថុឌីជីថល រួមមានការផ្ទេរប្រាក់ និងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះផងដែរ។
៣. ការបោះពុម្ពលុយដុល្លារច្រើនលើសលប់
ធនាគារកណ្ដាលនៃសហរដ្ឋអាមេរិក បានបោះពុម្ពលុយបន្ថែមប្រមាណជាង ៣ សែនកោដិដុល្លារ ($3 trillion) ក្នុងកំឡុងពាក់កណ្ដាលឆ្នាំ ២០២០ ដើម្បីចំណាយក្នុងសេដ្ឋកិច្ច និងកញ្ចប់ថវិកាប្រឆាំងវិបត្តិជំងឺកូវីដ។ ការបោះពុម្ពច្រើនលើសលប់នេះ បានធ្វើឱ្យមាស និង Bitcoin ជាដើម បានឡើងថ្លៃយ៉ាងគំហុក ដ្បិតរូបិយវត្ថុអរូបីភាគច្រើន គិតជាដុល្លារអាមេរិក។ នេះជាមូលហេតុមួយ ដែលវិនិយោគិនចាប់ផ្ដើមមានទំនោរសម្រុកទិញ Bitcoin និងរំពឹងលក់ចេញវិញនៅពេលតម្លៃវាផ្ទុះខ្លាំងក្នុងទីផ្សារ។
៤. ក្រុមហ៊ុនយក្សទូទាត់ប្រាក់ Paypal ប្រកាសទទួលស្គាល់ Bitcoin ជាមធ្យោបាយទូទាត់លុយថ្មី
ថ្មីៗនេះ ក្រុមហ៊ុនដ៏មានប្រជាប្រិយភាពមួយគឺ PayPal (PYPL) បានប្រកាសថា ក្នុងពេលបន្តិចទៀត Paypal នឹងអនុញ្ញាតិឲ្យបណ្ដាអ្នកប្រើប្រាស់គណនី PayPal និងអតិថិជនអាចទិញ លក់ កាន់កាប់ និងទទួល Bitcoin ក៏ដូចជារូបិយវត្ថុអរូបីដទៃទៀតសម្រាប់ទូទាត់ប្រាក់។ យើងធ្លាប់តែទិញទំនិញដោយទូទាត់ជាលុយសុទ្ធ កាតឥណទាន ឬផ្ទេរតាមកុងធនាគារ ប៉ុន្តែពេលនេះ ការជួញដូរនិងការទូទាត់អីវ៉ាន់នានាតាមរយៈ Bitcoin កាន់តែកើនឡើង។
មកទល់ពេលនេះ វិនិយោគិនជោគជ័យលើ Bitcoin នៅតែប្រកាន់ទស្សនៈវិជ្ជមានចំពោះវាថា វានឹងបន្តឡើងថ្លៃក្នុងឆ្នាំ ២០២១ នេះ។ ពោលគឺវាបានហុចសញ្ញាវិជ្ជមានតាំងពីដើមឆ្នាំ កាលពីថ្ងៃទី ៧ មករា កន្លងទៅ ដោយតម្លៃ Bitcoin មួយបានបំបែកកំណត់ត្រាកើនដល់ 4 ម៉ឺនដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណាមិញ មុននឹងសម្រេចចិត្តទិញ Bitcoin អ្នកគួរសិក្សាឲ្យច្បាស់ជាមុនសិន ចៀសវាងមានវិប្បដិសារីនៅថ្ងៃមុខ ព្រោះការវិនិយោគ Bitcoin មានហានិភ័យខ្ពស់ ដ្បិតថាតម្លៃវាហក់ឡើង ហក់ចុះ រហ័សពេកក្នុងរយៈពេលខ្លីមួយដែលនឹកស្មានមិនដល់។
គួរបញ្ជាក់ផងដែរថា ការជួញដូរ និងការវិនិយោគ Bitcoin ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ក្នុងប្រទេសមួយចំនួនផងដែរ។ បើយើងងាកមកប្រទេសកម្ពុជាយើងវិញ ធនាគារជាតិនៃកម្ពុជាក៏ពុំបានទទួលស្គាល់ Bitcoin នេះឡើយ ដ្បិតថា Bitcoin មិនប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីទូទាត់ ឬមានប្រព័ន្ធដែលគ្រប់គ្រងដោយធនាគារជាតិនោះទេ។
បញ្ជាក់៖ ក្រុមការងារ កាក់សេន មិនបានលើកទឹកចិត្តឱ្យនរណាម្នាក់វិនិយោគជាមួយ Bitcoin នេះទេ គឺពួកយើងមានគោលបំណងត្រឹមតែចែករំលែកអំពីចំណេះដឹងមូលដ្ឋាននិងព័ត៌មានខ្លះៗពី Bitcoin តែប៉ុណ្ណោះ៕
អត្ថបទត្រូវបានស្រាវជ្រាវ និងដកស្រង់ចេញពីប្រភព៖
- “Why Does the Price of Bitcoin Keep Going Up?” Investopedia.
- 5 crucial bitcoin predictions for 2021, from a fintech expert ៉”. CNBC.
- "U.S. Treasury To Borrow $3 Trillion To Finance Pandemic Relief Programs" npr.org
- "Why Is Bitcoin Going Up, and Will It Crash Soon? What’s Next as Price Doubles to $40K" Coindesk