ប្រូម៉ូតសិន Black Friday នេះ គឺធ្វើឡើងនៅទូទាំងពិភពលោក ព្រោះវាជាប្រភេទម៉ាឃីតធីងដែលអាចលក់អីវ៉ាន់ចេញបានច្រើនជាងគេ។ ប៉ុន្តែក្នុងនាមយើងជាអ្នកទិញអីវ៉ាន់ថ្ងៃគេប្រូម៉ូតសិនហ្នឹង ប្រាកដចិត្តឬអត់ថា ពិតជាចំណេញមែន?
ប្រូម៉ូតសិន Black Friday ជាប្រភេទប្រូម៉ូតសិនបញ្ចុះតម្លៃច្រើន តាមដែលយើងមើលឃើញដូចជា បញ្ចុះ 50% – 70% ទិញមួយថែម១ថែម ទិញ២ថែម១ ឬ Up to 90%(សុំកុំច្រឡំថាគ្រប់ផលិតផលិតបញ្ចុះដល់ 90% ឱ្យសោះ គេគ្រាន់តែមានផលិតផលមួយចំនួនអាចបញ្ចុះដល់ 90% ប៉ុណ្ណោះ) ។
១. ពិនិត្យមើលតម្លៃឱ្យបានច្រើនកន្លែង (អាចពិនិត្យមើលតាមវេបសាយ ឬហ្វេកប៊ុកផេក)
ជាទូទៅ បើផលិតផលនោះមិនមែនជាប្រភេទផលិតផលលក់ផ្ដាច់មុខ បានន័យថាកន្លែងណាក៏មានលក់ដែរ។ អញ្ចឹង! ប្រសិនបើយើងមិនមែនជាអតិថិជនចាស់ មិនដឹងតម្លៃដើម យើងអាចពិនិត្យមើលតម្លៃថា តើពីមុនៗគេលក់ផលិតផលនេះតម្លៃប៉ុន្មានតាមកន្លែងផ្សេង។ ឧបមាថា អ្នកកំពុងទិញអីវ៉ាន់តាមវេបសាយមួយ ដូចនេះគួរពិនិត្យលើវេបសាយផ្សេងៗទៀត ថាគេមានលក់ផលិតផលនេះទេ ហើយដាក់លក់ក្នុងតម្លៃប៉ុន្មានដែរ?
២. ពិនិត្យមើលកន្លែង Review Product
ប្រសិនបើកំពុងទិញអនឡាញ ឬតាមវេបសាយ គួរពិនិត្យមើលកន្លែង Review ព្រោះជាកន្លែងបញ្ចេញមតិយោបល់ពីអតិថិន។ ពួកគេអាចនឹងនិយាយរៀបរាប់ពីតម្លៃ ឬប្រភេទផលិតផលនោះល្អ ឬមិនល្អនៅទីនោះផងដែរ។
៣. ប្រយ័ត្នប្រយែងជាមួយនឹងពាក្យ “តម្លៃដើម $$$ ចុះមកសល់ត្រឹមតែ $$$”
តម្លៃលើផលិតផលនីមួយៗអាចនឹងមានការប្រែប្រួលដែលវាអាចនឹងខុសពីតម្លៃដើម។ គេអាចនឹងតម្លើងឱ្យខ្ពស់ជាងមុន បន្ទាប់មកបញ្ចុះមកសល់តម្លៃដើម ឬពុំដូច្នោះទេ គេតម្លើងថ្លៃឱ្យខ្ពស់ បញ្ចុះតម្លៃឱ្យមើលឃើញថាច្រើន។ ឧទាហរណ៍ថា តម្លៃនៃផលិតផលនោះ 70$ ប៉ុន្តែគេបានតម្លៃដើម 100$ បញ្ចុះ 30% នៅសល់ $70 ឬអាចមានករណីខ្លះគេបញ្ចុះ 35% មកសល់ត្រឹម $65 ដែលគេបញ្ចុះមែន តែមិនមែនច្រើនដូចគេនិយាយឡើយ។
៤. ទិញផលិតផលប្រូម៉ូតសិន Black Friday ពិតជាចំណេញឬទេ?
ជាធម្មតា បើយើងទិញអីវ៉ាន់អនឡាញ តាមវេបសាយ គេរមែងគិតថ្លៃដឹកជញ្ជូនពីលើផលិតផលរបស់យើងនោះ។ គេអាចបញ្ចុះតម្លៃផលិតផលទំនិញពិតមែន តែសម្រាប់សេវាដឹកជញ្ជូនអាចនឹងមានការប្រែប្រួលនៅថ្ងៃបញ្ចុះតម្លៃនេះ។ វិធីសាស្ត្រនេះហាក់ឃើញភាគច្រើននៅតាមវេបសាយទំនិញក្រៅប្រទេស ដែលយើងតម្រូវឱ្យបង់ថ្លៃដឹកជញ្ជូន(Shipping Fee)ពីប្រទេសមួយមកកាន់ប្រទេសមួយក្នុងតម្លៃថ្លៃ។
៥. អញ្ចឹងគួរទិញផលិតផលថ្ងៃ Black Friday ឬអត់?
វាអាស្រ័យលើប្រភេទទំនិញដែលអ្នកចង់បាន បូករួមតម្លៃដែលគេដាក់លក់។ ថ្ងៃ Black Friday មិនមែនតែថ្ងៃគេលក់ផលិតផលថ្មីៗទាំងអស់នោះទេ វាក៏អាចជាថ្ងៃគេលក់ផលិតចាស់ៗដែលនៅសល់ក្នុងស្តុកច្រើន។ ប្រសិនបើអ្នកគិតថា ផលិតផលក្នុងស្តុកទាំងអស់នោះអាចមានអត្ថប្រយោជន៍ ហើយតម្លៃធូរថ្លៃ អ្នកអាចពិចារណាបាន៕