កុំច្រឡំថា ទីផ្សារងងឹតជាទីផ្សារដែលគ្មានអំពូលភ្លើង និងគ្រឿងអគ្គិសនីបំភ្លឺ ហើយទីផ្សារប្រផេះជាទីផ្សារដែលគេលាបពណ៌ប្រផេះណា គឺពុំមែនដូច្នេះទេ! ថ្ងៃនេះ អេដមីននឹងនាំអ្នកទាំងអស់គ្នា មកស្គាល់ពីភាពខុសគ្នារវាងទីផ្សារងងឹត និងទីផ្សារប្រផេះ។ តោះស្វែងយល់ខាងក្រោម៖
‣ ទីផ្សារងងឹត
ជាទីផ្សារទុច្ចរិត ដែលសកម្មភាពជួញដូរ លក់និងទិញប្រព្រឹត្តទៅដោយខុសច្បាប់។ មនុស្សដែលចូលរួមរកស៊ីក្នុងទីផ្សារនេះ ច្រើនតែមានគោលបំណងចង់គេចពន្ធដែលរដ្ឋាភិបាលកំណត់ រីឯអតិថិជនចង់ទិញអីវ៉ាន់ដែលធូរថ្លៃ និងមិនមានក្នុងទីផ្សារស្របច្បាប់។ ជាទូទៅ គេបែងចែកទីផ្សារងងឹតនេះ ជា៣មែកធាងគឺ ព័ត៌មានផ្ទាល់ខ្លួន ផលិតផលខុសច្បាប់ និងផលិតផលស្របច្បាប់ តែលក់បែបខុសច្បាប់។
- ចំពោះព័ត៌មានផ្ទាល់ខ្លួន គឺជនអនាមិកជាអ្នកបរិហារតាមប្រព័ន្ធអ៉ីនធឺណេត តាមរយៈការហេកយកអត្តសញ្ញាណរបស់នរណាម្នាក់តាំងពីលេខគណនីធនាគារ លេខកូដកាតឥណទាន ឬហេកចូលប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុនធំៗណាមួយ ដើម្បីប្រមូលផ្ដុំព័ត៌មានទាំងនេះ ដាក់លក់ក្នុងទីផ្សារងងឹត។
- រីឯផលិតផល ឬសេវាកម្មខុសច្បាប់វិញ គឺត្រូវបានរដ្ឋហាមប្រាមមិនឲ្យមានសកម្មភាពជួញដូរឡើយ ដូចជាថ្នាំជក់ កាប់ព្រៃឈើដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ជួញដូរសត្វព្រៃ អវយវៈមនុស្ស(ក្រលៀន ថ្លើម) គ្រឿងសព្វាវុធ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរកស៊ីផ្លូវភេទ ការលាងលុយកខ្វក់ជាដើម។
- ចំណែកឯផលិតផលស្របច្បាប់ តែលក់ក្នុងផ្លូវខុសច្បាប់វិញ ស្ដែងក្រោមរូបភាពជាការគេចពន្ធពីរដ្ឋអំណាច។ ឧទាហរណ៍ បុគ្គល “ក” បើកជំនួញដាក់លក់ទំនិញ ឬសេវាកម្មស្របច្បាប់ ប៉ុន្តែគាត់គេចវេសពីពន្ធ ឬថ្លៃរត់ឯកសារ ថ្លៃសុំអាជ្ញាបណ្ណបើកអាជីវកម្ម។ល។ ដូចនោះ បុគ្គល “ក” ជាប់ឈ្មោះជាអ្នករកស៊ីក្នុងទីផ្សារងងឹត។ សូម្បីតែហាងទំនិញ ឬអាហារដ្ឋានណាដែលមិនប្រមូលអាករពីអតិថិជន ហើយមិនប្រកាសពីប្រាក់ចំណូលទៅខាងរដ្ឋ អាជីវកម្មនោះត្រូវបានចាត់ទុកជាទីផ្សារងងឹតដូចគ្នា។
ទីផ្សារងងឹតផ្ដល់គុណវិបត្តិ និងកំហាតបង់ជាច្រើនដល់សេដ្ឋកិច្ចជាតិ ពោលគឺរដ្ឋបាត់បង់ចំណូលជាតិពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលបង្កភាពរាំងស្ទះដល់ការបើកប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ហើយធ្វើឲ្យកញ្ចប់ថវិការជំនួយសុខុមាលភាពសង្គមក៏ថមថយទៅតាមនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាញ៉ាំងឱ្យផលិតផលក្នុងស្រុកសរុប (GDP) ធ្លាក់ចុះ ហើយអត្រាអ្នកគ្មានការងារធ្វើ ក៏ធ្លាក់ចុះដូចគ្នា។
‣ ទីផ្សារប្រផេះ
គឺជាទីផ្សារដែលដាក់លក់ផលិតផលស្របច្បាប់ ប៉ុន្តែមិនត្រូវបានឆ្លងកាត់ការអនុញ្ញាតត្រឹមត្រូវតាមនីតិវិធីពីម្ចាស់ប្រេនដើមឡើយ។ ទំនិញដែលគេឧស្សាហ៍ជួញដូរញឹកញាប់ក្នុងទីផ្សារប្រផេះ មានដូចជានាឡិកា បារី សម្លៀកបំពាក់ គ្រឿងសម្អាង ឧបករណ៍តន្ត្រីជាដើម។ រីឯទំនិញក្លែងក្លាយ ដែលមិនបានផលិតពីក្រុមហ៊ុនស្របច្បាប់វិញ ក៏អាចចាត់ទុកជាធាតុផ្សំក្នុងទីផ្សារប្រផេះផងដែរ។ តួយ៉ាង ស្បែកជើងរបស់ប្រេនល្បីៗដូចជា Adidas, Pedro, Nike ត្រូវបានគេបន្លំជាផលិតផលក្លែងក្លាយដាក់លក់ត្រៀបត្រាក្នុងផ្សារ ដែលមានតម្លៃធូរថ្លៃជាង ហើយពេលខ្លះមានភិនភាគស្រដៀងគ្នាទៅនឹង Original Product ទៀតផង។
យើងឃើញថាទីផ្សារប្រផេះ ថ្វីត្បិតតែគ្មានការរឹតបន្តឹងខ្លាំងដូចទីផ្សារងងឹត តែវានៅតែផ្តល់ភាពអវិជ្ជមានដល់ប្រេនដើមផងដែរ ព្រោះពួកគេបាត់បង់ចំណូល ដ្បិតអតិថិជននិយមជាវទំនិញដែលថោកជាង ហើយវាអាចនឹងប៉ះពាល់ដល់កិត្តិយស ឬកម្មសិទ្ធិបញ្ញារបស់ប្រេនដើម ប្រសិនបើ Dealer បង្កភាពរញ៉េរញ៉ៃ ឬភាពវឹកវរផ្សេងៗដល់ផលិតផលនៃប្រេនដើម។
ជារួមមក យើងអាចទាញសម្មតិកម្មបានថា ទីផ្សារប្រផេះ ថ្វីត្បិតតែស្របច្បាប់ និងហានិភ័យតិចជាងទីផ្សារងងឹតក៏ពិតមែន តែវាក៏មិនល្អឥតខ្ចោះដែរ ព្រោះវាអាចធ្វើឲ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីបាត់បង់តម្លាភាព។ ចំពោះ ទីផ្សារងងឹតវិញ មិនត្រឹមតែប្រាសចាកពីបញ្ញត្តិច្បាប់ក្នុងផ្លូវអាណាចក្រទេ វាថែមទាំងប៉ះពាល់ដល់សាសនាចក្រ និងក្រមសីលធម៌ផងដែរ៕