កុំច្រឡំណា! ទីផ្សារគោ ទីផ្សារខ្លាឃ្មុំ មិនមែនបានន័យថាផ្សារលក់គោ ឬ លក់ខ្លាឃ្មុំទេ!
ពាក្យថា Bull Market (ទីផ្សារគោ) និង Bear Market (ទីផ្សារខ្លាឃ្មុំ) ត្រូវបានប្រើដើម្បីបរិយាយពីស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុឬទីផ្សារភាគហ៊ុន។
Bull Market (ទីផ្សារគោ) សំដៅទៅលើស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុមួយដែលតម្លៃរបស់វាកំពុងតែកើនឡើង ហើយគេព្យាករណ៍ថា វានឹងនៅតែបន្តកើនឡើងនាពេលអនាគត។ ជាទូទៅ Bull Market កើតឡើងនៅពេលតម្លៃនៃការវិនិយោគឡើងថ្លៃ ២០% ឬច្រើនជាងនេះ នៅក្នុងសន្ទស្សន៍ទីផ្សារ (market index) ក្នុងរយៈពេលយ៉ាងហោចណាស់២ខែ។
Bull Market ភាគច្រេីន សំដៅទៅលេីការកេីនឡេីងនៃតម្លៃទីផ្សារផេ្សងៗដូចជា៖
- ការជួញដូរអចលនទ្រព្យ និងភាគហ៊ុន
- រូបិយប័ណ្ណ មាស ប្រាក់
- ទំនិញ
- ប្រេងកាត ឬ ប្រេងឥន្ធនៈជាដេីម។
Bull Market អាចមានរយៈពេលវែងរហូតដល់រាប់ខែ ឬអាចអូសបន្លាយដល់រាប់ឆ្នាំ ដែលជាទូទៅកេីតមានឡេីងនៅពេលសេដ្ឋកិច្ចពិភពលោកកំពុងឈានទៅរកភាពរឹងមាំ ឬពេលដែលរឹងមាំហេីយ។ ក្រៅពីនេះ វាក៏កេីតមានឡេីងក្នុងកំឡុងពេលដែលផលិតផលក្នុងស្រុកសរុប (GDP) មានសន្ទុះឡេីង ស្របពេលដែលអត្រាបាត់បង់ការងារធ្វេីបានធ្លាក់ចុះផងដែរ។ ដោយសារតែ Bull Market ពិបាកនឹងទស្សន៍ទាយ ជាទូទៅ អ្នកវិភាគអាចដឹងពីវាបាន ក្រោយពេលវាកើតឡើងរួច។
ដូចគ្នាទៅនឹង Bull Market ដែរ Bear Market (ទីផ្សារខ្លាឃ្មុំ) អាចប្រើប្រាស់ដើម្បីសំដៅលើស្ថានភាពនៃទីផ្សារភាគហ៊ុន អចលនទ្រព្យ រូបិយប័ណ្ណ មាស ប្រាក់ និងប្រេងឥន្ធនៈជាដើម។
តែ Bear Market ខុសពី Bull Market ត្រង់ថា វាសំដៅលើស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុមួយដែលតម្លៃរបស់វាជួបប្រទះនឹងការធ្លាក់ចុះក្នុងរយៈពេលយូរ។ ជាធម្មតា ស្ថានភាពធ្លាក់ចុះនេះ សំដៅលេីការធ្លាក់ចុះនៃតម្លៃមូលប័ត្រលេីសពី២០% ក្នុងរយៈពេលថ្មីៗ ដែលភាគច្រើន តែងមានការជាប់ទាក់ទងនឹងការធ្លាក់ចុះក្នុងសន្ទស្សន៍ទីផ្សារទាំងមូល។ ស្ថានភាពនៃ Bull Market អាចកើតឡើងស្របពេលដែលសេដ្ឋកិច្ចធ្លាក់ចុះឬមានភាពទន់ខ្សោយដែលបង្ហាញដោយអត្រាការងារទាប ប្រាក់ចំណូលតិច ផលិតភាពខ្សោយ និងការធ្លាក់ចុះនៃប្រាក់ចំណេញអាជីវកម្ម។
ការកើតឡើងនៃ Bear Market អាចបណ្ដាលមកពីមូលហេតុច្រើនប្រភេទ ដូចជាការធ្លាក់ចុះនូវទំនុកចិត្តរបស់វិនិយោគិន ដោយហេតុថា នៅពេលដែលទំនុកចិត្តថយចុះ តម្រូវការនិងតម្លៃក៏ធ្លាក់ចុះដែរ។ ស្របពេលជាមួយគ្នានេះ ប្រសិនបើវិនិយោគិនរំពឹងថានឹងមានហេតុការណ៍អ្វីមួយកើតឡើង ពួកគេនឹងលក់ភាគហ៊ុនរបស់ពួកគេចេញ ដើម្បីចៀសវាងការខាតបាត់បង់ច្រើន ហើយវាអាចបណ្ដាលឱ្យតម្លៃទីផ្សារក្លាយទៅជា Bear Market។ ក្រៅពីនេះ អន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ច ក៏អាចបង្កជាគ្រោះថ្នាក់ដល់ការធ្លាក់ចុះតម្លៃទីផ្សារផងដែរ ឧទាហរណ៍ដូចជា ការផ្លាស់ប្តូរអត្រាពន្ធ ជាដេីម។
ជារួម Bull Market និង Bear Market មានភាពផ្ទុយគ្នា ដោយ Bull Market សំដៅលើការកើនឡើងនៃតម្លៃទីផ្សារហិរញ្ញវត្ថុ រីឯ Bear Market សំដៅលើការធ្លាក់ចុះនៃតម្លៃទីផ្សារហិរញ្ញវត្ថុនោះ៕
Click here to read more: ប្រភេទទីផ្សារហិរញ្ញវត្ថុ