ធ្លាប់តែឃើញគេដាក់បង្ហាញប័ណ្ណប៉ាតង់នៅតាមទីប្រកបអាជីវកម្មលក់ទំនិញឬសេវាកម្មផ្សេងៗ ហើយចេះតែឆ្ងល់ថាប័ណ្ណហ្នឹងម៉េចទៅ?
អាជីវករទាំងឡាយណាដែលមានដាក់តាំងប័ណ្ណប៉ាតង់នៅទីប្រកបអាជីវកម្មរបស់ខ្លួនគឺបានន័យថាទីតាំងអាជីវកម្មនោះបានចុះបញ្ជីពន្ធដាររួចរាល់ហើយ ព្រមទាំងសកម្មភាពអាជីវកម្មរបស់គាត់ត្រូវបានបញ្ជាក់និងទទួលស្គាល់ជាផ្លូវការដោយអគ្គនាយកដ្ឋានពន្ធដារនិងបានបង់ពន្ធប៉ាតង់ត្រឹមត្រូវហើយដែរ។
បើសួរថាពន្ធប៉ាតង់ជាអ្វីនោះ គឺអាចបកស្រាយបានថា ពន្ធប៉ាតង់ជាពន្ធដែលម្ចាស់អាជីវកម្មឬសហគ្រាសត្រូវបង់ប្រចាំឆ្នាំ ក្នុងកំឡុងពេលចាប់ពីដើមខែមករា រហូតដល់ចុងខែមីនា។ កម្រិតពន្ធប៉ាតង់ដែលត្រូវបង់ដោយម្ចាស់សហគ្រាសនីមួយៗត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់អ្នកជាប់ពន្ធនិងផលរបរសរុបប្រចាំឆ្នាំ ដូចដែលកាក់សេនបានបកស្រាយពីម្សិលមិញអ៊ីចឹង។
ចំពោះសហគ្រាសឬក្រុមហ៊ុនទើបបើកប្រកបអាជីវកម្មថ្មី អំឡុងពេល៦ខែដើមឆ្នាំ ត្រូវបង់ពន្ធប៉ាតង់សម្រាប់មួយឆ្នាំពេញ ប៉ុន្តែបើបើកថ្មីអំឡុងពេល ៦ខែចុងឆ្នាំ ត្រូវបង់តែសម្រាប់កន្លះឆ្នាំទេ។
ឯកម្រិតពន្ធប៉ាតង់ដែលត្រូវបង់គឺអាស្រ័យទៅតាមចំណាត់ថ្នាក់អ្នកជាប់ពន្ធដូចបង្ហាញក្នុងរូបភាពខាងក្រោម។
កំណត់សម្គាល់នៃការបង់ពន្ធប៉ាតង់៖
- បើអ្នកជាប់ពន្ធមានសកម្មភាពអាជីវកម្មច្រើនខុសគ្នា គាត់ត្រូវបង់ពន្ធប៉ាតង់ដាច់ដោយឡែកពីគ្នាទៅតាមចំនួនសកម្មភាពអាជីវកម្មនីមួយៗនោះ។
- ចំពោះសកម្មភាពអាជីវកម្មខុសគ្នា ប៉ុន្តែស្ថិតនៅទីតាំងតែមួយនិងក្រោមការគ្រប់គ្រងរបស់អ្នកជាប់ពន្ធតែមួយ ពន្ធប៉ាតង់ត្រូវបង់តែមួយប៉ុណ្ណោះ។ ឧទាហរណ៍ សណ្ឋាគារដែលមានភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ឬ ផ្ដល់សេវា សកម្មភាពអាជីវកម្មជាឧបសម្ព័ន្ធដទៃទៀតក្នុងទីតាំងតែមួយ។
- ចំពោះអាជីវកម្មដែលមានសាខា ឃ្លាំង ឬ រោងចក្រសម្រាប់សកម្មភាពអាជីវកម្មតែមួយ និងស្ថិតក្នុងរាជធានីឬខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយទេ។ តែបើមានសាខា ឃ្លាំង ឬ រោងចក្រស្ថិតក្នុងរាជធានីឬខេត្តផ្សេងគ្នា (ទោះបីសម្រាប់សកម្មភាពអាជីវកម្មតែមួយក៏ដោយ) ត្រូវបង់ពន្ធប៉ាតង់ដាច់ដោយឡែកទៅតាមរាជធានីឬខេត្តនោះ៕
ប្រភពព័ត៌មានពី៖ សៀវភៅណែនាំស្ដីពីពន្ធប៉ាតង់ ឆ្នាំ២០១៣ រៀបចំនិងបោះពុម្ពផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រកាសស្ដីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ ឆ្នាំ២០១៥
Click here to read more about: The Importance Of Taxes