សម្រាប់វិស័យអចលនទ្រព្យ ការទិញ-ដូរផ្ទះជាប្រធានបទមួយដែលគេឧស្សាហ៍វែកញ៉ែក ហើយមានមតិជាច្រើនបានលើកឡើងថា “តើការទិញផ្ទះ ជាការវិនិយោគឬយ៉ាងណា?”
មែនទែនទៅ នៅមិនទាន់មានឯកសារយោងច្បាស់លាស់ណាមួយមកបញ្ជាក់នៅឡើយទេថា ការទិញផ្ទះជាការវិនិយោគពិតមែនឬយ៉ាងណា។ ប៉ុន្តែអត្ថបទនេះ យើងនឹងមកពិភាក្សាទាំងអស់គ្នាថាវាពិតជាឬមិនមែនជាការវិនិយោគ ក្រោមហេតុផលខ្លះខាងក្រោម។
បើតាមនិយមន័យ «ការវិនិយោគ» គឺការបណ្តាក់ទុនដោយវិនិយោគិន ក្នុងគោលបំណងទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។
ដូចនេះ «ការទិញផ្ទះជាការវិនិយោគ» លុះត្រាតែអ្នកអាចទទួលបានប្រាក់ចំណេញពីការវិនិយោគ (ពីការទិញផ្ទះ) មកវិញនាពេលអនាគត។
ប្រាក់ចំណូល ឬផលចំណេញទទួលបានពីការទិញផ្ទះអាចប្រព្រឹត្តឡើងក្រោមរូបភាពដូចជា៖
ទិញផ្ទះមកដាក់ជួល៖
អ្នកនឹងទទួលបានប្រាក់ចំណូលថេរជារៀងរាល់ខែពីថ្លៃឈ្នួលផ្ទះក្នុងថិរវេលាកំណត់មួយ។ នៅកម្ពុជា ប្រជាជនយើងភាគច្រើននិយមទិញផ្ទះហើយដាក់ជួលឲ្យជនទី3 ដើម្បីបង្កើតប្រភពចំណូលអកម្មបន្ថែមជាប្រាក់ឈ្នួលប្រចាំខែ។ វាហាក់ដូចជាការសន្សំគ្រាប់ពូជ ព្រោះលំហូរសាច់ប្រាក់របស់ម្ចាស់ផ្ទះមានស្ថេរភាព រួមទាំងទទួលបានផលចំណេញម្តងបន្តិចៗទៅតាមពេលវេលា។ ស្របពេលដែលនិន្នាការនៃវិស័យអចលនទ្រព្យមានការកើនឡើង កំណើននៃការជួលផ្ទះក៏កើនទៅតាមនឹងដែរ។ ដោយមានវត្តមាននៃចំណូលត្រឡប់មកវិញឬផលចំណេញនេះហើយ ទើបគេនិយាយថាទិញផ្ទះជាការវិនិយោគមួយ។
ទិញផ្ទះទុកលក់យកចំណេញ៖
អេដមីនជឿថាមានប្រិយមិត្តយើងមួយចំនួនប្រាកដជាធ្លាប់បានពិភាក្សា ឬយ៉ាងហោចណាស់ក៏ធ្លាប់ស្ដាប់គេពិភាក្សាពីការទិញផ្ទះទុកលក់យកចំណេញដែរ។ ជាញឹកញយ ក្នុង scenario នេះ គេនឹងចាប់គិតគូរទិញផ្ទះតាំងពីផ្ទះនោះនៅដំណាក់កាលបុកគ្រឹះឱ្យហើយ ហើយនឹងលក់ចេញវិញក្នុងតម្លៃថ្លៃ។
ផ្ទុយទៅនឹងការអះអាងខាងលើ «ការទិញផ្ទះមិនមែនជាការវិនិយោគទេ» ប្រសិនបើអ្នកមិនទទួលបានផលចំណេញពីការវិនិយោគ ឬ ROI (Return on Investment) ពីការទិញផ្ទះទេនោះ។
យើងងាកមកមើលរូបភាពមួយដែលការទិញផ្ទះហើយមិនបានផ្ដល់ប្រាក់ចំណេញមកវិញ គឺនៅពេលយើងទិញផ្ទះសម្រាប់រស់នៅ។
ពេលយើងទិញផ្ទះមួយសម្រាប់រស់នៅ វាមិនត្រឹមតែមិនបានបង្កើតប្រភពចំណូលឱ្យយើងទេ តែយើងត្រូវរ៉ាប់រងចំណាយផ្សេងៗទៅវិញ ដូចជាថ្លៃជួសជុលផ្សេងៗ តំហែទាំ ថ្លៃបង់សេវាផ្សេងៗប្រចាំខែ បង់ពន្ធ និងចំណាយដទៃទៀត។
បន្ថែមពីនេះ ប្រសិនបើអ្នកទិញផ្ទះសម្រាប់រស់នៅដោយទូទាត់តាមបែបបង់រំលស់ទៀតនោះ អ្នកត្រូវរងកំហាតនៃអត្រាការប្រាក់ និងទទួលបន្ទុកច្រើនទៀតដូចជា កាតព្វកិច្ចបង់សងជាប្រចាំ បាត់បង់ឱកាសវិនិយោគលើវិស័យផ្សេងៗ និងអតិផរណាផងដែរ។
ក៏ប៉ុន្តែ មិនបានមានន័យថាអ្នកទិញផ្ទះមករស់នៅគឺដឹងតែខាត ដោយសារវាមិនមែនជាការវិនិយោគនោះទេ។ យើងក៏មិនអាចមើលរំលងដែរថា យើងរាល់គ្នាសុទ្ធតែត្រូវការផ្ទះជាជម្រកក្នុងការរស់នៅ។ ទោះបីជាអ្នកមិនទទួលបានផលចំណេញផ្ទាល់ពីការទិញផ្ទះក៏ដោយ តែវាបានផ្ដល់ចំណេញប្រយោលដល់អ្នក ដោយបានដើរតួជួយជ្រោមជ្រែងឱ្យមាននូវផាសុកភាពក្នុងការរស់នៅដល់អ្នក ដើម្បីបន្តសកម្មភាពប្រកបការងារ អាជីវកម្ម បង្កើតចំណូលមកទ្រទ្រង់ជីវភាពដែរ។ គ្រាន់តែអ្នកទទួលបានមកវិញនូវចំណូលសកម្ម មិនមែនអកម្មឬផលចំណេញពីការវិនិយោគឡើយ។
យើងមិនអាចកំណត់ជាក់លាក់ថា ការទិញផ្ទះពិតជាការវិនិយោគ ឬក៏អត់នោះឡើយ ដ្បិតវាអាស្រ័យលើគោលដៅខុសៗគ្នានៃការទិញនេះ។
ប្រភពឯកសារ ស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. Pros and Cons of Real Estate Investing: What You Should Consider (investorjunkie.com)
២. Is Buying a House a Good Investment? It Depends… (listenmoneymatters.com)
៣. The Truth? Your House Is Not An Investment – Money Under 30
៤. Wealth manager: Buying a home is ‘usually a terrible investment’ (cnbc.com)
៥. What Is House Poor and How Can You Avoid It? | Quicken Loans
៦. Sorry, But Your Home Isn’t an ‘Investment’ | The Simple Dollar