បើតាមឯកសារប្រវត្តិសាស្ត្រ មាសត្រូវបាននិយមប្រើប្រាស់ដោយប្រជាជនខ្មែរក្នុងជីវភាពប្រចាំថ្ងៃដើម្បីដោះដូរទំនិញផ្សេងៗ តាំងពីសតវត្សទី១មកម៉្លេះ។ ទោះបីចាស់ៗពីដើមធ្លាប់ប្រើប្រាស់ក្នុងការដោះដូរទំនិញក៏ដោយ មាសមិនមែនមធ្យោបាយទូទាត់លុយនោះទេ។ បន្ថែមពីនេះ យើងក៏អាចចាត់ទុកការទិញដូរមាសថាជាការវិនិយោគមួយប្រភេទស្រដៀងនឹងការវិនិយោគលើមូលប័ត្រ និងភាគហ៊ុនផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ចរាចរណ៍មាសនៅតែមានភាពពេញនិយមដដែល ជាពិសេសក្នុងចំណោមមនុស្សចាស់ដូចជាឪពុកម្ដាយយើងតែម្ដង។
លក្ខណៈពិសេសរបស់មាសនោះគឺអាចនិយាយបានថា វាជាវត្ថុមានតម្លៃមួយប្រភេទ ដែលអាចទិញ និងទុកដាក់បាន ងាយលក់ចេញឬផ្លាស់ប្តូរយកសាច់ប្រាក់វិញ។
ការទិញដូរមាសមានភាពពេញនិយមក៏ដោយសារតែហេតុផលដូចជា៖
ក/ ទម្លាប់
នៅសតវត្សទី៧ ក្នុងរាជព្រះបាទឦសានវរ្ម័ន គេបានរកឃេីញកាសមាសដំបូងក្នងប្រវត្តិសាស្រ្ត និងក្នុងសតវត្សទី១៦ ក្នុងរាជព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ទ្រង់បានដាក់អោយមានចរារចរណ៍ប្រាក់ស្លឹង(ធ្វេីពីមាស និងប្រាក់សុទ្ធ)ដែលត្រូវបានសន្មត់ថាជារូបិយវត្ថុដំបូងគេក្នុងប្រវត្តិសាស្ត្រផងដែរ។
ប្រជាជនខ្មែរចាប់ផ្តើមប្រេីប្រាស់មាស ដើម្បីទិញទំនិញ ឬរបស់របរប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ។ ហេតុដូច្នេះ ទើបធ្វើឲ្យទម្លាប់មួយនេះបន្តកើតឡើងមកដល់សព្វថ្ងៃ។ បើទោះបីជាតថភាពរស់នៅត្រូវបានផ្លាស់ប្ដូរមកប្រើក្រដាសប្រាក់ក្ដី ក៏ប្រជាជនភាគច្រើននៅតែបន្តទិញមាសទុកជួញដូរ។ ឧទាហរណ៍ ដូចយើងតែងលឺប៉ាម៉ាក់និយាយថា កាលពីសង្គមគាត់ទិញដី ឬផ្ទះក្នុងតម្លៃ 5ជី ឬ 1តម្លឹងមាសជាដើម។
ខ/ តម្លៃនិងទីផ្សារក្នុងស្រុក
ចាស់ៗនិយមទិញដូរមាស គឺដោយសារតែពួកគាត់មើលឃើញពីតម្លៃយូរអង្វែងរបស់វា។ សម្រាប់ពួកគាត់ មាសប្រៀបដូចជាកញ្ចប់ប្រាក់ពេលមានអាសន្ន (Emergency Fund) ដែលអាចទិញ និងលក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយអាស្រ័យថាទីផ្សារមាសនៅកម្ពុជាមានភាពទូលំទូលាយ ទោះពេលខ្លះអាចនឹងលក់ខាត តែក៏ខាតមិនច្រើន។ លើសពីនេះទៅទៀត តម្លៃមាសហាក់មានស្ថេរភាពព្រោះតាំងពីដើមមក តម្លៃរបស់វាកម្រនឹងធ្លាក់ចុះណាស់។ រហូតមកដល់សព្វថ្ងៃ តម្លៃមាសតែងតែកើនឡើងជាលំដាប់ និងកំពុងតែមានតម្លៃដល់ខ្ទង់ $2000 ក្នុង1តម្លឹងទៀតផង។
គ/ តម្លៃធៀបនឹងដុល្លារ និងភាគហ៊ុន
មាសត្រូវបានគេមើលឃើញថាជាវត្ថុមានតម្លៃ និងមានសុវត្ថិភាពបំផុតក្នុងពេលមានវិបត្តិសេដ្ឋកិច្ច។ ទោះបីជាតម្លៃមាសច្រើនតែមានទំនាក់ទំនងអវិជ្ជមានធៀបនឹងលុយដុល្លារ និងភាគហ៊ុនក្នុងទីផ្សារអន្តរជាតិ តែវានឹងកើនឡើងស្របពេលដែលលុយដុល្លារ និងតម្លៃក្នុងទីផ្សារភាគហ៊ុនធ្លាក់ចុះ។ មនុស្សគ្រប់គ្នានឹងចាប់ផ្តើមទិញមាសទុកវិញ កាលណារូបិយប័ណ្ណវត្ថុធ្លាក់ចុះកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ព្រោះមាសអាចរក្សាតម្លៃបានយូរ ព្រមទាំងអាចប្រើប្រាស់ក្នុងការដោះដូរយកទំនិញបានផង។
ឃ/ ងាយទុកដាក់ពេលមានអាសន្ន និងប្រើជាគ្រឿងអលង្ការ
ក្រៅពីនេះ ចាស់ៗនិយមទិញមាសក៏ដោយសារភាពងាយស្រួលក្នុងការទុកដាក់ ហើយថែមទាំងអាចកែច្នៃធ្វើជាគ្រឿងអលង្ការសម្រាប់ពាក់លម្អផង។ អ្នកមានទ្រព្យសម្បត្តិមួយចំនួន ច្រើនតែយកមាសមកធ្វើជាគ្រឿងលម្អកាយតាមឋានៈ និងលទ្ធភាពផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត ដោយសារតែមាសជាវត្ថុមានតម្លៃខ្លាំង ទើបយើងចំណាំថាអ្នកមានលទ្ធភាពពាក់មាសជាគ្រឿងអលង្ការ ជាអ្នកមានទ្រព្យសម្បត្តិ។ យ៉ាងណាមិញ ពេលមានអាសន្នអន់ក្រណាមួយមើលមិនដឹងមុន អ្នកដែលមានមាសនៅនឹងខ្លួន មិនថាជាគ្រឿងអលង្ការ ឬជាមាសដុំ អាចលក់ចេញដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុជាបណ្ដោះអាសន្នបាន។
ទាំងនេះជាហេតុផលខ្លះៗដែលចាស់ៗនិយមទិញមាស។ ចុះអ្នកវិញ តើគិតថាមានហេតុផលផ្សេងទៀត ឬដឹងពីដំណាលណាមួយទាក់ទងនឹងការទិញដូរមាសដែរឬទេ?
Click here to read more about: កត្តាធ្វើអោយមាសឡើងថ្លៃ