បើគិតត្រឹមខែមេសានេះ ជំងឺរលាកផ្លូវដង្ហេីម កូរ៉ូណា ឬ កូវីត-១៩ (COVID-19) បានចម្លងទៅកាន់មនុស្សទូទាំងពិភពលោកជិត២លាននាក់ ហេីយឆក់យកជីវិតមនុស្សប្រមាណជាង១សែននាក់។
ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើអោយពលរដ្ឋ ទទួលរងផលប៉ះពាល់ផ្នែកជីវភាព និងការរស់នៅប្រចាំថ្ងៃ។ សាលារៀនត្រូវបិទទ្វារ អ្នកធ្វេីការមួយភាគធំត្រូវបានណែនាំអោយធ្វេីការពីផ្ទះ ការដេីរហេីរ និងការជួបជុំផ្សេងៗត្រូវបានកាត់បន្ថយ ដើម្បីចៀសវាងពីការឆ្លងមេរោគនេះ។ រីឯវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង វិស័យឧស្សាហកម្មកាត់ដេរជាដើម ក៏បានទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំងពីវិបត្តិCOVID-19ដែរ។ ក្រៅពីនេះ វាក៏មានផលប៉ះពាល់ដល់អ្នកផ្គត់ផ្គង់សេវាកម្ម អ្នកជួញដូរទូទៅ និងអ្នករកសុីមួយថ្ងៃរស់មួយថ្ងៃដូចគ្នា។
តេីអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមទាំងនេះ កំពុងប្រឈមមុខនឹងបញ្ហាអ្វីខ្លះ?
១.ការបាត់បង់ចំណូលមួយភាគធំ
ក្រុមហ៊ុនមួយចំនួនធំត្រូវពឹងផ្អែកខ្លាំងទៅលើទីផ្សារ និង អតិថិជនរបស់ពួកគេ។ ហេតុនេះ ផលប៉ះពាល់ដោយសារCOVID-19 ទៅលើសង្គមជាតិ និងសេដ្ឋកិច្ច គឺជាបញ្ហាចំបងដែលអាចធ្វើឲ្យក្រុមហ៊ុនត្រូវផ្អាកដំណើរការ ឬ ត្រូវបិទទ្វារទាំងស្រុង។ ដូច្នេះបុគ្គលិកត្រូវប្រឈមនឹងការកាត់ប្រាក់ខែ ឬ បាត់បង់ការងារធ្វេីជាដេីម។ ឯអ្នកលក់ដូរវិញក៏ត្រូវប្រឈមនឹងការលក់មិនដាច់ដោយសារគ្មានអ្នកទិញ ត្បិតទីផ្សារស្ងាត់គ្មានអ្នកដេីរ។
២.គ្មានលទ្ធភាពទិញរបស់របរទៅតាមតម្រូវការដូចពីមុន
ទាំងគេទាំងយេីង នៅពេលដែលចំណូលធ្លាក់ចុះ លទ្ធភាពទិញរបស់របរទៅតាមតម្រូវការក៏ត្រូវមានកម្រិត។ ការចំណាយលើគ្រឿងបរិភោគ ញ៉ាំបាយក្រៅ សំលៀកបំពាក់ ឬសម្ភារប្រេីប្រាស់ផ្សេងៗ ត្រូវបានកាត់បន្ថយដោយសារចំណូលមិនដូចពីមុន និងការបារម្ភពីសុវត្ថិភាព សុខភាពអនាម័យនៅពេលចេញទៅក្រៅម្តងៗ។
៣.គ្មានលទ្ធភាពបង់ប្រាក់ឈ្នួល រឺធនាគារ
ប្រជាជនអាចជួបជាមួយបញ្ហាលុយកាក់ ដោយពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃជួលផ្ទះ និងថ្លៃទឹកភ្លើងនានា។ ជាពិសេសសម្រាប់អ្នកខ្ចីលុយធនាគារ និង អ្នកត្រូវបង់រំលស់ផ្ទះ ឬ ដីជាដើម នឹងខ្វះលទ្ធភាពបង់ការប្រាក់ទៅធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញមិនខាន។
៤. ការផ្លាស់ប្តូរទម្លាប់ក្នុងការចាយវាយ
ដោយមើលឃើញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និង បញ្ហាផ្សេងៗដែលបានកើតឡើងនៅពេលជំងឺCOVID-19 ផ្ទុះឡេីង មនុស្សភាគច្រើនបានផ្លាស់ប្ដូរទម្លាប់នៃការចាយវាយរបស់ខ្លួនដោយមានការរិះថាំជាងមុន ឬ កាត់បន្ថយចំណាយផ្សេងៗតាមដែលអាចធ្វើទៅបាន។ ព្រោះថាបើមិនដូច្នោះទេ ពួកគេអាចប្រឈមនឹងវិបតិ្តហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬកាន់តែដុនដាបទ្វេដង។
៥.កម្រិតជីវភាពនឹងមានការផ្លាស់ប្តូរ
ដោយសារតែការប្រែប្រួល និងការរងផលប៉ះពាល់ភ្លាមៗពីជំងឺCOVID-19នេះ កម្រិតជីវភាពរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ អ្នកដែលរកប្រាក់ចំណូលមធ្យមអាចនឹងរកបានតិចជាងមុន ចំណែកឯអ្នករកមួយថ្ងៃរស់មួយថ្ងៃអាចនឹងធ្លាក់ទៅស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ សឹងពុំអាចរកអ្វីចិញ្ចឹមក្រពះសោះក៏ថាបាន។ ដូចនេះ កាលណាកម្រិតជីវភាពមានភាពប្រែប្រួលកាន់តែខ្លាំង ឬ អត្រាគ្មានការងារធ្វើកាន់តែកើនឡើង នោះបទឧក្រិដ្ឋកម្មក៏អាចកើតមានទៅតាមស្ថានភាពផងដែរ។
សរុបមក យើងឃើញថាប្រទេសកម្ពុជាបានរងទង្គិចយ៉ាងខ្លាំងពីវត្តមានជំងឺកូវីត-១៩នេះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម។ បើតាមការព្យាករណ៍របស់ធនាគារ ABD (Asian Development Bank) ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២០ របស់ប្រទេសកម្ពុជាគឺមកនៅត្រឹម ២.៣% ប៉ុណ្ណោះ។ ស្ថានភាពរីករាលដាលនៃជំងឺកូវីត-១៩ នេះហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគ្រប់វិស័យ ហើយវាបាននាំប្រទេសជាតិទាំងមូលប្រឈមនឹងហានិភ័យខ្ពស់ទៀតផង។