កាលពីអត្ថបទមុន យើងបានដឹងហើយពីនិយមន័យនៃ “មូលធន”។ ក្នុងអត្ថបទនេះ យើងនឹងដឹងបន្ថែមទៅលើ ពន្ធលើចំណេញមូលធន។ អ្វីទៅជាពន្ធលើចំណេញមូលធន?
នៅក្នុងប្រទេសកម្ពុជា ការកំណត់ពន្ធទៅលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ ម្ចាស់មូលធនត្រូវបង់ពន្ធលើចំណេញមូលធនជូនរដ្ឋ បន្ទាប់ពីទទួលផលចំណេញក្រោយពីការលក់ ឬជួញដូរទ្រព្យមូលធនណាមួយ។ ពន្ធលើចំណេញមូលធន គិតលើតែប្រាក់ចំណេញនៃប្រាក់សរុបទាំងអស់បានពីការលក់មូលធនតែប៉ុណ្ណោះ។
ទ្រព្យមូលធនមានដូចជា អចលនទ្រព្យ ភាគហ៊ុន និងកម្មសិទ្ធិបញ្ញាផ្សេងៗជាដើម។
តើពន្ធលើចំណេញមូលធន គេគណនាយ៉ាងដូចម្តេច?
ពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ ២០%
ក្នុងគណនាចំណេញមូលធនដែលជាអចលនទ្រព្យ យើងអាចប្រើវិធាននៃការកាត់កងចំណាយបានពីរបែប គឺ វិធីកាត់កងចំណាយតាមការកំណត់ និងវិធីកាត់កងតាមចំណាយជាក់ស្តែង។
១. វិធីកាត់កងចំណាយតាមការកំណត់
ក្នុងករណីម្ចាស់ទ្រព្យមិនរក្សាទុកឯកសារចំណាយពាក់ព័ន្ធនឹងទ្រព្យ រដ្ឋាភិបាលអនុញ្ញាតឲ្យកាត់កងចំណាយតាមការកំណត់ ៨០% នៃប្រាក់ចំណូលពីការលក់ ឬផ្ទេរទ្រព្យ។
ចំណាយតាមកាលកំណត់ = ចំណូលពីការលក់ ឬផ្ទេរទ្រព្យ x ៨០%
ចំណេញមូលធន = ចំណូលពីការលក់ ឬផ្ទេរទ្រព្យ - ចំណាយតាមកាលកំណត់
២. វិធីកាត់កងតាមចំណាយជាក់ស្តែង
ចំណាយជាក់ស្តែង ជាការបូកសរុបនូវថ្លៃជួសជុល ឬកែលម្អទ្រព្យ ដែលបានកត់ត្រាទុកក្នុងឯកសារពាក់ពន្ធនឹងទ្រព្យ។
ចំណេញមូលធន = ចំណូលពីការលក់ ឬផ្ទេរទ្រព្យ - ចំណាយជាក់ស្តែង
ក្នុងនោះក៏មានមូលធនមួយចំនួនត្រូវបានលើកលែងពន្ធផងដែរ ដូចជា៖
- ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ។
- ទីលំនៅដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ មុនពេលលក់ ឬផ្ទេរ។ ក្នុងករណីអ្នកជាប់ពន្ធមានលំនៅដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធ និងដៃគូមានលំនៅដ្ឋានផ្សេងពីគ្នា លំនៅដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជាលំនៅដ្ឋានជាគោលដើម។
- អចនលទ្រព្យក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យក្នុងចង្កោមគ្រួសារ។
- ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។
ចំណែកឯ មូលធនដទៃទៀត រដ្ឋាភិបាលអនុញ្ញាតឲ្យកាត់កងចំណាយ តាមតែវិធីកាត់កងតាមចំណាយជាក់ស្តែងប៉ុណ្ណោះ៕