គ្រប់រាល់ឥណទានតែងមានការព្រមព្រៀងទៅលើលក្ខខណ្ឌនៃកម្ចី រួមមានថិរវេលាកំណត់សង ការប្រាក់និងអត្រាការប្រាក់ ចំនួននិងរបៀបនៃការទូទាត់សងទៅលើឥណទានមួយនោះ។
ដោយឡែក របៀបទូទាត់សងឥណទានមានច្រើនទម្រង់។ កម្ចីខ្លះតម្រូវឱ្យបង់សងតែការប្រាក់ក្នុងកំឡុងអាយុកាលទូទាត់ តែត្រូវបង់ផ្ដាច់ប្រាក់ដើមទាំងមូលនៅចុងបញ្ចប់នៃថិរវេលាកំណត់សង។ ឯកម្ចីខ្លះទៀតតម្រូវឱ្យបង់សងបណ្ដាក់ លក្ខណៈបង់រំលស់ជាដំណាក់កាល ក្នុងចំនួនថេរជាប្រចាំ ហើយច្រើនតែជាកម្ចីដែលអត្រាការប្រាក់គ្មានការប្រែប្រួល។
ក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់ពីការទូទាត់សងកម្ចីមួយប្រភេទបែបរំលស់ថេរ ដែលត្រូវបានគេហៅថា “Loan Amortization”។ ការសងកម្ចីបែបរំលស់ថេរនេះត្រូវបានគេអង្កេតឃើញមានអនុវត្តលើឥណទានមួយចំនួនរួមមានឥណទានយានយន្ត ឥណទានគេហដ្ឋាន កម្ចីអចលនទ្រព្យ កម្ចីផ្ទាល់ខ្លួន ។ល។
ដើម្បីងាយយល់ពីដំណើរការរំលស់សងថេរនេះ គេពិនិត្យមើលតាមតារាងកាលវិភាគបង់រំលស់ (ឬ loan amortization table) ដូចក្នុងរូប។ តារាងនេះអាចបង្កើតឡើងបានតាមកម្មវិធីគណនាការរំលស់កម្ចី (Loan Amortization Calculator) ក្នុងកុំព្យូទ័រ ទូរសព្ទ គេហទំព័រនានា ឬ spreadsheet ជាដើម ឬអាចគណនាដោយខ្លួនឯងក៏បាន ដោយគ្រាន់តែដឹងនូវចំនួនកម្ចី ថិររវេលាបង់សង និងអត្រាការប្រាក់ប៉ុណ្ណោះ។
តារាងក្នុងរូបខាងក្រោមគឺជាឧទាហរណ៍បង្ហាញពីពង្រាងកាលវិភាគសងបែបបង់រំលស់ថេរលើកម្ចីយានយន្តមួយ។ យោងតាមឧទាហរណ៍ បើមួយខែអ្នកត្រូវបង់ $856 គឺ $856 រហូតដល់ខែចុងក្រោយ។ រីឯប្រាក់ដែលត្រូវបង់រៀងរាល់ខែនេះ ត្រូវបានបូកបញ្ចូលនូវថ្លៃការប្រាក់មួយចំណែក និងប្រាក់ដើមមួយចំណែក។
នៅក្នុងតារាងខាងក្រោមត្រូវបានបែងចែកជា ៥ ជួរឈរ។
» ជួរឈរទី១ គឺជាចំនួនដងដែលត្រូវទូទាត់សងជាប្រចាំខែ (ការទូទាត់សងក៏អាចជាប្រចាំត្រីមាស ឬឆមាស -ល- អាស្រ័យតាមលក្ខខណ្ឌកម្ចី)
» ជួរឈរទី២ គឺចំនួនប្រាក់ត្រូវបង់ប្រចាំខែ
» ជួរឈរទី៣ គឺចំណែកប្រាក់ដើមនៃការទូទាត់សងម្ដង
» ជួរឈរទី៤ គឺចំណែកការប្រាក់នៃការទូទាត់សងម្ដង
» ជួរឈរទី៥ គឺសមតុល្យប្រាក់ដើមដែលនៅសល់បន្ទាប់ពីបង់សងរាល់ខែជាបន្តបន្ទាប់។
ឧទាហរណ៍កម្ចីយានយន្តខាងក្រោមមានលក្ខខណ្ឌដូចតទៅ៖
• ទំហំកម្ចី: $10,000
• ថិរវេលាបង់សង: 1ឆ្នាំ ឬ 12ខែ
• អត្រាការប្រាក់ក្នុងមួយឆ្នាំ: 5%
→ ដើម្បីគណនាប្រាក់ទូទាត់សងថេរជាប្រចាំ គេត្រូវប្រើរូបមន្តគណនា (សូមមើលនៅក្នុងប្រអប់ comment ខាងក្រោម)
→ ដើម្បីគណនាចំណែកការប្រាក់ក្នុងការបង់សងនីមួយៗ គេយកទំហំកម្ចី គុណអត្រាការប្រាក់ប្រចាំឆ្នាំ រួចចែកនឹង 12ខែ។ បើតាមឧទាហរណ៍គឺ $10,000 x 5% រួចចែកនឹង12 ខែ ស្មើនឹង $41.66 ឬ $42 (បង្គត់ឡើង) ដែល $42 នេះ ជាចំនួនការប្រាក់ត្រូវបង់ក្នុងប្រាក់សងខែដំបូង។ រីឯចំណែកប្រាក់ដើមក្នុងការទូទាត់សងនីមួយៗគ្រាន់តែដកចំណែកការប្រាក់ចេញពីប្រាក់ទូទាត់ប្រចាំខែជាការស្រេច។
ដល់ខែទីបន្តបន្ទាប់ យើងយកប្រាក់ដែលនៅសល់ បន្ទាប់ពីសងខែទី១រួច មកគុណនឹង 5% ហើយចែកនឹង 12 ដដែល ធ្វើដូចនេះរហូតដល់គ្រប់ចំនួនខែដែលយើងត្រូវបង់សងកម្ចីនេះរួចរាល់។
ចំណុចគួរកត់សម្គាល់នៃកម្ចីទូទាត់សងតាមដំណាក់កាលនេះគឺ
• ប្រាក់ត្រូវបង់សងជាប្រចាំជាចំនួនថេរ ងាយចំណាំ មិនស្មុគស្មាញ
• ពីមួយខែទៅមួយខែ ចំណែកនៃការប្រាក់ដែលអ្នកត្រូវបង់នឹងថយចុះជាលំដាប់រហូតដល់ខែចុងក្រោយ
• កូនបំណុលងាយស្រួលតាមដានចំណែកប្រាក់ដើម និងការប្រាក់សរុប ដែលខ្លួនបានសងទៅឱ្យម្ចាស់បំណុល
ជាមួយតារាងសងរំលស់កម្ចីបែបនេះ អ្នកដែលចង់ខ្ចីឥណទានងាយនឹងថ្លឹងថ្លែងបានមុនសម្រេចចិត្តថា គួរជ្រើសរើសកម្ចីរំលស់មួយណា ជាមួយលក្ខខណ្ឌដូចម្ដេច ទើបសមស្របនឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។
យ៉ាងណាមិញ មុខនឹងសម្រេចចិត្តជ្រើសរើសកម្ចីប្រភេទណាមួយ អ្នកគួរសាកសួរនិងពិភាក្សាឲ្យបានច្បាស់លាស់ជាមួយម្ចាស់កម្ចីអំពីរយៈពេលបង់សង រូបមន្តចងការប្រាក់ របៀបបង់រំលស់នានា ពិសេសពិនិត្យទៅលើតារាងសងរំលស់ ដើម្បីវិភាគមើលនិងអាចសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានឆ្លាតវ័យ។
អេដមីនសង្ឃឹមថាអត្ថបទមួយនេះ និងតារាងឧទាហរណ៍ខាងក្រោមនឹងអាចជួយណែនាំអ្នកទាំងអស់គ្នាដែលនឹងត្រូវសម្រេចចិត្តស្នើកម្ចីណាមួយនាថ្ងៃអនាគត។
ឯកសារស្រាវជ្រោវ និងដកស្រង់ចេញពី៖
១. គណនាប្រាក់ត្រូវបង់ប្រចាំខែនៃកម្ចីបង់រំលស់ និងបង្កើតតារាងបង់រំលស់ | (kumnit.com)
២. How Is a Loan Amortization Schedule Calculated? | (fool.com/the-ascent/personal-finance/)
៣. What Is Loan Amortization? | (forbes.com)
៤. How Loan Amortization Works | (advice.metrocu.org/)
៥. What Is Amortization? | (thebalance.com)
៦. Amortization Schedule Calculator | Bankrate (https://www.bankrate.com/.../amortization-calculator.aspx)