ការសន្សំលុយដើម្បីទិញផ្ទះឬឡានអាចចាត់ទុកបានថាជាគោលដៅហិរញ្ញវត្ថុទូទៅមួយចំពោះមនុស្សភាគច្រើន។ តែសំនួរគឺថា បើសន្សំលុយបានហើយ តើទិញផ្ទះមុន ឬឡានមុន? ដោយជម្រើសទាំងពីរមានទាំងគុណសម្បត្តិ និង គុណវិបត្តិរៀងខ្លួន អញ្ចឹងថ្ងៃនេះ យើងមកពិចារណាទាំងអស់គ្នា ថាគួរទិញមួយណាមុនល្អ។
១. ផ្ទះ
• ជម្រក
កាលណានិយាយពីផ្ទះ អ្វីដែលគេនឹកឃើញមុនគេគឺជម្រក។ ផ្ទះគឺជាជម្រកដែលអាចឲ្យអ្នកស្នាក់នៅ ឬ រស់នៅបានស្រួល ជាពិសេសសម្រាប់អ្នកទើបតែការហើយថ្មីថ្មោង។ ការដែលមានផ្ទះផ្ទាល់ខ្លួនមួយគឺជារឿងចាំបាច់សម្រាប់ជីវភាពគ្រួសារ។
• ការវិនិយោគ
ការទិញផ្ទះមិនចាំបាច់ទាល់តែទិញទុកនៅនោះទេ។ យើងក៏អាចទិញផ្ទះសម្រាប់វិនិយោគបាន ដោយទុកលក់ ឬជួល ព្រោះអាចនឹងចំណេញបានគួរសមផងដែរ។ លើសពីនេះ អ្នកក៏អាចប្រកបមុខរបររកស៊ីបន្តិចបន្តួចនៅផ្ទះដើម្បីចិញ្ចឹមគ្រួសារផងរ។
• ប្រើជាទ្រព្យបញ្ចាំបាន
ពេលមានផ្ទះមួយផ្ទាល់ខ្លួន អ្នកអាចនឹងមានអារម្មណ៍កក់ក្តៅជាងមុន ហើយបើមានប្លង់ផ្ទះត្រឹមត្រូវទៀតនោះ អ្នកអាចដាក់បញ្ចាំបាន ប្រសិនបើមានបញ្ហាហិរញ្ញវត្ថុណាមួយនាថ្ងៃអនាគត។
• តម្លៃឋិតឋេរ
ផ្ទះអាចមានសក្តានុពលខ្ពស់ដោយតម្លៃអាចឋិតឋេរ ឬ ឡើងថ្លៃជាងមុន។
មិនតែប៉ុណ្ណោះ បើអ្នកចេះរចនាផ្ទះរបស់អ្នកបន្ថែមឲ្យទាន់សម័យទៀតនោះ វាអាចនឹងលក់ចេញវិញបានថ្លៃសមរម្យ ហើយយើងអាចចាត់ទុកវាបានថាជាការិនិយោគដូចបានលើកឡើងពីខាងដើម។
ចុចទីនេះស្វែងយល់បន្ថែមពី: គួរសង់ផ្ទះថ្មី ឬទិញផ្ទះគេសង់រួច?
២. ឡាន
• សម្រួលដល់ការរស់នៅ
ប្រសិនបើអ្នកគិតចង់ទិញឡានមុនដើម្បីជួយសម្រួលដល់ការរស់នៅ តួយ៉ាងគឺពេលធ្វើដំណើរឲ្យបានងាយស្រួល
អ្នកគួរមានផែនការជាមុនដើម្បីសម្រេចចិត្តទិញរថយន្តដោយភាពឈ្លាសវៃ។
• តម្រូវការប្រចាំថ្ងៃ
បច្ចុប្បន្ន យើងអាចចាត់ទុកបានថាឡានគឺជាតម្រូវការប្រចាំថ្ងៃមួយដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយថែមទាំងបានគ្នាច្រើនផង។ ក្រៅពីនេះ អ្នកក៏អាចរកចំណូលពីវាបានដែរ ប្រសិនបើអ្នកផ្ដល់សេវាកម្មជាមធ្យោបាយធ្វើដំណើរ ដូចជារត់ taxi ឬ Grab ជាដើម។ តែបេីប្រៀបធៀបនឹងផ្ទះ ឡានអាចនឹងផ្ដល់បន្ទុកដល់អ្នកច្រើនដូចជាចំណាយលើថ្លៃសាំង ការជួសជុល និងសេវាថែទាំផ្សេងៗ ហើយពេលលក់ចេញវិញក៏ខាតយ៉ាងតិច ១០% ដែរ។
បើគិតជារួម ផ្ទះគឺជាការវិនិយោគរយៈពេលវែង និង ជាការវិនិយោគដ៏ប្រសើរមួយបើអ្នកអាចទទួលបានប្រាក់ចំណូលអកម្មពីវា ឬ ទទួលបានប្រាក់ចំណេញច្រើននៅពេលដែលអ្នកលក់ចេញវិញ។ រីឯឡានក៏មានប្រយោជន៍ដែរ តែបើតាមការថ្លឹងថ្លែងខាងលើ វាអាចតិចជាងផ្ទះ។ ទោះយ៉ាងណាក៏ត្រូវពិចារណាទៅលេីស្ថានភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់យើងផង ថាតើប្រាក់ចំណូលយើងអាចទ្រទ្រង់នឹងចំណាយផ្សេងៗពេលមានឡាន ហើយវាពិតជាតម្រូវការចាំបាច់នោះ។
សរុបមក បើអ្នកពិបាកក្នុងការសម្រេចចិត្តថាគួរទិញឡាន ឬ ផ្ទះមុននោះ អ្នកគួរថ្លឹងថ្លែងនិងពិចារណាឲ្យបានច្បាស់ពីគុណសម្បត្តិ គុណវិបត្តិ ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុដែលអ្នកនឹងត្រូវប្រឈម ក៏ដូចជាតម្រូវការពិតប្រាកដថាមួយណាចាំបាច់ជាងសម្រាប់អ្នក។