ពីមុនទៅណាមកណាយើងត្រូវប្រាកដថាលុយក្នុងខ្លួនគ្រប់ពេល តែឥឡូវវិញឲ្យតែមានកាតធនាគារ ឬទូរស័ព្ទដៃមួយគឺអាចទូទាត់បាន អ៊ីចឹងសាច់ប្រាក់លែងជាតួឯកហើយមែនទេ? សាកស្រមៃថា បើសង្គមលែងប្រើសាច់ប្រាក់សុទ្ធតែម្តង តើពេលហ្នឹងនឹងមានអ្វីកើតឡើងសម្រាប់យើងគ្រប់គ្នា ?
តើសង្គមលែងប្រើសាច់ប្រាក់ (cashless society) ជាអ្វី?
សង្គមលែងប្រើសាច់ប្រាក់សំដៅដល់សង្គមដែលលែងប្រើក្រដាសប្រាក់ជាមធ្យោបាយក្នុងការទូទាត់ តែជំនួសដោយរូបិយប័ណ្ណឌីជីថលដូចជា កាតឥណពន្ធ (debit card) កាតឥណទាន (credit card) មកវិញ។ សូម្បីតែ Mobile wallet ដូចជា Pi Pay និងការទូទាត់តាម QR កូដ ក៏ចាត់ទុកជា cashless ដែរ។
តើយើងអាចទទួលបានអត្ថប្រយោជន៍អ្វីពីការលែងប្រើសាច់ប្រាក់?
- យើងមិនចាំបាច់យកលុយតាមខ្លួនច្រើន ដែលប្រឈមនឹងការលួច ឆក់ ឬប្លន់។
- ជំរុញដល់ការលុបបំបាត់ចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ។
- កាត់បន្ថយការលាងសម្អាតលុយកខ្វក់ ដោយសារប្រតិបត្តិការនីមួយៗមានប្រភពច្បាស់លាស់។
- ដើរលេងក្រៅបរទេស ក៏មិនត្រូវទៅប្ដូរលុយ ឬកាន់លុយបរទេសជាប់ខ្លួនដែរ ព្រោះមានស្មាតហ្វូន (Smartphone) មួយដែលធ្វើការជំនួសយើងមួយចប់ (ដោយគិតថ្លៃសេវាខ្លះៗ)
- សម្រាប់ធនាគារ ឬរដ្ឋាភិបាលវិញ វានឹងជួយដល់ការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយចំណាយលើការបោះពុម្ព ចែកចាយ ពេលវេលាដើម្បីការពារទឹកប្រាក់ និងទីតាំងស្តុកលុយទាំងនោះ។
ទន្ទឹមនឹងនេះ យើងក៏នឹងអាចប្រឈមមុខនឹងគុណវិបត្តិមួយចំនួនដូចជា៖
- ការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅដល់ជនទី៣ ការ hack ចូលគណនីយើង ដើម្បីលួចលុយ។
- ម្យ៉ាងទៀត កម្សោយនៃប្រព័ន្ឋសុវត្ថិភាព ប្រព័ន្ធដំណើរការបច្ចេកវិទ្យា ឬបញ្ហាអ៊ីនធឺណែតរអាក់រអួល ក្នុងការទូទាត់ក៏ជាចំណុចអវិជ្ជមានរបស់សង្គមលែងប្រើសាច់ប្រាក់ផងដែរ។
- បន្ថែមពីនេះ បើភ្លាមៗយើងទាំងអស់នាំគ្នាលែងរក្សាទុកសាច់ប្រាក់សុទ្ធ ហើយនាំគ្នាយកលុយទៅផ្ញើនៅធនាគារ នោះចំនួនសាច់ប្រាក់នៅធនាគារនឹងកើនឡើងខ្លាំង។ ហេតុនេះធនាគារខ្លះក៏នឹងបង្កើនថ្លៃរក្សាទុកនូវប្រាក់របស់យើងផងដែរ។ បើនិយាយដោយងាយស្រួលគឺធនាគារគិតថ្លៃរក្សាទុកលុយរបស់យើង ឬហៅម្យ៉ាងទៀតថា អត្រាការប្រាក់អវិជ្ជមាន។
- បណ្ដាលឲ្យមានវិសមភាពក្នុងសង្គម ពិសេសអ្នកមានជីវភាពទន់ខ្សោយ ឬមិនប្រើសេវាហិរញ្ញវត្ថុ (Unbanked People) ព្រោះពួកគេត្រូវការចំណាយយ៉ាងហោចណាស់ទិញទូរសព្ទឆ្លាតវៃមួយ និងបើកគណនីដើម្បីអាចធ្វើប្រតិបត្តិការបាន។
ចុងក្រោយយើងប្រហែលជានៅមានចម្ងល់មួយទៀតថា
សង្គមខ្មែរយើងនឹងប្រែក្លាយទៅជាសង្គមលែងប្រើសាច់ប្រាក់បានដែរឬទេ ?
=> ចម្លើយគឺប្រាកដជាបាន គ្រាន់តែត្រូវការពេលយូរបន្ថែមដើម្បីសិក្សា ជាក់ស្តែងដូចជា ប្រទេសស៊ុយអ៊ែតដែលបានចំណាយជាង៥ឆ្នំា ដោយចាប់ផ្តើមអនុវត្តប្រតិបត្តិការគ្មានសាច់ប្រាក់តាំងពីឆ្នាំ២០១៩មក ធ្វើយ៉ាងណាឲ្យក្លាយជាប្រទេសមួយដែលលែងប្រើប្រាស់សាច់ប្រាក់១០០% នៅឆ្នាំ២០២៣។ សម្រាប់កម្ពុជាវិញ យោងទៅតាមប្រសាសន៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជាត្រូវការពេលវេលាយ៉ាងតិច១០ឆ្នាំ ដើម្បីឈានទៅរកការផ្លាស់ប្តូរឌីជីថលពេញលេញមួយ។
ស្របពេលដែលបច្ចេកវិទ្យា និងសង្គមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងវិស័យហិរញ្ញវត្ថុ យើងទាំងអស់គ្នាគួរតែត្រៀម និងពង្រឹងអក្ខរកម្មឌីជីថលជាមួយនឹងបរិបទថ្មីសន្លាងមួយនេះ ដោយឈ្វេងយល់ពី ដំណើរការគ្រប់គ្រង តាមដាន ក៏ដូចជាសុវត្ថិភាពក្នុងការទូទាត់ឲ្យបានច្បាស់លាស់ ដើម្បីការពារហានិភ័យណាមួយក្នុងពេលប្រើប្រាស់ជាក់ស្តែង៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន