បច្ចេកវិទ្យាកាន់តែជឿនលឿន យើងកាន់តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
រហូតមកដល់ថ្មីៗនេះ យើងនៅតែសង្កេតឃើញនៅលើបណ្តាញសង្គម ពីករណីឆបោកពីជនខិលខូចមួយចំនួន ចំពោះអ្នកប្រើប្រាស់សេវាធនាគារលើទូរសព្ទដៃ រួមមានការក្លែងបន្លំអត្តសញ្ញាណ ការផ្ញើតំណភ្ជាប់មិនមានអត្តសញ្ញាណត្រឺមត្រូវដើម្បីលួចយកព័ត៌មានសម្ងាត់ និងការបោកប្រាស់ទាមទារទឹកប្រាក់ជាថ្នូរជាមួយការឈ្នះរង្វាន់ជាដើម។
ថ្ងៃនេះ កាក់សេន នឹងចែករំលែកពីវិធីសាស្រ្ត ៧ ក្នុងការការពារគណនីធនាគារលើទូរសព្ទដៃរបស់អ្នកទាំងអស់គ្នា។ ចុចអានបន្តលើរូបនីមួយៗទាំងអស់គ្នាណ៎ា!
ផ្ទៀងផ្ទាត់ព័ត៌មានគណនីឲ្យបានច្បាស់មុនពេលផ្ទេរប្រាក់
មុនពេលវេរលុយទៅអ្នកដទៃ យើងចាំបាច់ត្រូវតែផ្ទៀងផ្ទាត់ព័ត៌មានគណនីឲ្យបានច្បាស់សិនដូចជា លេខគណនី ឈ្មោះគណនី និងចំនួនទឹកប្រាក់ឲ្យបានត្រឹមត្រូវ។ ចៀសវាងករណីផ្ញើទៅខុសមនុស្ស យើងមិនត្រឹមតែត្រូវខាតបង់ថវិការដែលបានផ្ញើចេញទៅទេ ថែមទាំងខាតពេលវេលា និងអាចអស់ថ្លៃសេវា ឬថ្លៃផាកពិន័យប្រសិនត្រូវស្នើសុំការដោះស្រាយបណ្តឹងពាក់ព័ន្ធ។
ការធ្វើបច្ចុប្បន្នកម្មលេខកូដសម្ងាត់ឲ្យបានទៀងទាត់
លេខកូដសម្ងាត់ប្រៀបដូចជាសោរចូលផ្ទះអ៊ីចឹង។ បើអ្នកដទៃបានដឹង ឬចម្លងបាន ច្បាស់ណាស់គេអាចប្រើគណនី ឬចូលផ្ទះយើងបានដោយងាយស្រួល។ ដូច្នេះ ការផ្លាស់ប្តូរកូដសម្ងាត់ញឹកញាប់គឺជាការចាំបាច់ ដើម្បីការពារសុវត្ថិភាពគណនីនិងព័ត៌មានផ្ទាល់ខ្លួនរបស់យើងឲ្យកាន់តែខ្ពស់។ ជាមួយគ្នានេះ អ្នកគួរចៀសវាងការប្រើប្រាស់លេខកូដសម្ងាត់ជា លេខទូរសព្ទ ឬថ្ងៃខែឆ្នាំកំណើត ជាដើម ដ្បិតវាងាយឲ្យជនខិលខូចស្មានត្រូវ។
ប្រើប្រាស់ការផ្ទៀងផ្ទាត់ពីរដង
បន្ថែមពីការធ្វើបច្ចុប្បន្នកម្មកូដសម្ងាត់របស់យើងឲ្យបានទៀងទាត់ ការប្រើប្រាស់ការផ្ទៀងផ្ទាត់ពីរដងដូចជាការបន្ថែមប្រព័ន្ធការពារទៅលើសុវត្ថិភាពគណនីរបស់អ្នកទាំងអស់គ្នា។ ដូចនេះទើបបានគេជំរុញឲ្យមានការប្រើប្រាស់ការផ្ទៀងផ្ទាត់ពីរដង ដោយប្រើប្រាស់ អ៉ីម៉ែល ឬលេខទូរស័ព្ទជាការផ្ទៀងផ្ទាត់កម្រិតទីពីរ ដើម្បីបង្កើនកម្រិតសុវត្ថិភាពកាន់តែខ្ពស់។
ចៀសវាងប្រើប្រាស់ Wi-Fi សាធារណៈគ្មានលេខកូដសម្ងាត់
Wi-Fi សាធារណៈគ្មានលេខកូដសម្ងាត់ បានន័យថា នរណាៗក៏អាចប្រើប្រាស់វាបានដោយងាយស្រួលដែរ ហើយវាក៏ងាយស្រួលឲ្យជនខិលខូចលួចយកព័ត៌មានរបស់អ្នកបាននៅពេលអ្នកតភ្ជាប់ប្រើប្រាស់ម្តងៗ។
កុំចូលទៅកាន់តំណភ្ជាប់ដែលអ្នកទទួលបានពីរជនមិនស្គាល់មុខ
ហាមបំពេញព័ត៌មានលើគេហទំព័រគ្មានប្រភពច្បាស់លាស់
ជាទូទៅ តំណភ្ជាប់បែបនេះច្រើនតែភ្ជាប់មកជាមួយនឹងមេរោគដែលយើងមិនបានដឹង ឬមើលឃើញ។ ជនខិលខូចអាចទំលាក់តំណភ្ជាប់ដែលមានមេរោគ ដើម្បីវាយប្រហារគណនី ឬព័ត៌មានរបស់យើងបានដោយងាយស្រួល។
ជនខិលខូចអាចយកព័ត៌មានទាំងនោះទៅធ្វើសកម្មភាពខុសច្បាស់ណាមួយដោយយើងមិនបានដឹងដូចជាយកឈ្មោះ លេខទូរសព្ទ ឬលេខអត្តសញ្ញាណបណ្ណរបស់យើង ដើម្បីទៅប្រព្រឹត្តអំពើទុច្ចរិចជាដើមតាមរយៈការក្លែងបន្លំអត្តសញ្ញាណ (Identity Fraud)។ ហេតុនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលផ្តល់ព័ត៌មានផ្ទាល់ខ្លួន ពិសេសត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់ មុននឹងបំពេញព័ត៌មានទាំងនេះនៅលើគេហទំព័រណាមួយ។
កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដទៃតាមការផ្ញើសារជាអក្សរ
ដូចបានបញ្ចាក់ខាងលើ ព័ត៌មានផ្ទាល់ខ្លួនរបស់យើងម្នាក់ៗមានសារៈសំខាន់ណាស់។ ការចែករំលែកព័ត៌មានទាំងនេះទៅអ្នកដទៃតាមការផ្ញើសារជាអក្សរមានភាពងាយស្រួលឲ្យអ្នកដទៃចែករំលែកបន្ត និងងាយប្រឈមនឹងហានិភ័យត្រូវបានគេលួចយកទៅប្រើប្រាស់ធ្វើរឿងទុច្ចរិតផ្សេងៗ។
ប្រសិនបើអ្នកមានការសង្ស័យលើសកម្មភាពបោកប្រាស់ណាមួយ អ្នកត្រូវផ្អាកការធ្វើប្រតិបត្តិការនោះភ្លាមៗ រួចស្វែងរកជំនួយពីភ្នាក់ងារមានសមត្ថកិច្ចដើម្បីដោះស្រាយនិងការពារខ្លួន។
ដើម្បីបង្កើនការការពារសុវត្ថិភាពកំឡុងពេលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែតនៅលើទូរសព្ទដៃសូមព្យាយាមអនុវត្តការប្រុងប្រយ័ត្នទាំង ៧ ចំណុចខាងលើនេះទាំងអស់គ្នាណា៎
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន