ស្របពេលដែលវិស័យជាច្រើនកំពុងតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថាវិស័យអចលនទ្រព្យក៏កំពុងមានសក្ដានុពលខ្ពស់នៅក្នុងទីផ្សារ ទោះបីខណ:ពេលស្ថានភាពបច្ចុប្បន្នវីរុសកូវីតបានផ្ទុះឡើងក៏ហាងឆេងអចលនទ្រព្យមិនបានធ្លាក់ចុះ គ្រាន់តែការទិញដូររាងស្ងប់ស្ងាត់បន្តិច។ បន្ថែមដោយការវិនិយោគធំៗពីក្នុងនិងក្រៅប្រទេស បានជំរុញអោយមានកំណើនខ្លាំងទៅលើអ្នកផ្ដល់សេវាកម្មនិងអ្នករកស៊ីនៅក្នុងវិស័យនោះផងដែរ។
បើចង់រកស៊ីអចលនទ្រព្យ តើអ្នកត្រូវគិតពីអ្វីខ្លះ?
១ ចំណេះដឹងទីផ្សារក្នុងវិស័យអចលនទ្រព្យ:
ចំណេះដឹងទីផ្សារក្នុងវិស័យអចលនទ្រព្យមានភាពខុសប្លែកពីទីផ្សារផលិតកម្ម សេវាកម្មក្នុងវិស័យផ្សេងៗទៀត។ ដោយចំណេះដឹងទីផ្សារក្នុងវិស័យអចលនទ្រព្យគឺសំដៅទៅលើការចេះជ្រើសរើសទីតាំង របៀបរង្វាយតម្លៃអចលនទ្រព្យ និងគោលដៅនៃការបញ្ចុះទុន។
- ការជ្រើសរើសទីតាំង: ទីតាំងពិតជាមានសារ:សំខាន់ខ្លាំង ព្រោះទាំងការទិញទុកជួលរឺលក់ បើសិនជាគ្មានតម្រូវការនឹងត្រូវកប់ដើម។
ឧទាហរណ៍ អចលនទ្រព្យប្រភេទផ្ទះ គួរមានទីតាំងក្នុងតំបន់ដែលមាន ផ្សារ សាលារៀន និងរោងចក្រ ជាដើម។ - របៀបរង្វាយតម្លៃអចលនទ្រព្យ: ការងារនេះគឺត្រូវមានបច្ចេកទេសខ្ពស់ បទពិសោធន៍ និងជំនាញ។ អ្នកត្រូវដឹងពីតម្រូវការទីផ្សារ ស្ថានភាពសេដ្ឋកិច្ច កត្តារុញច្រានអោយមានតម្រូវការ និង ដឹងពីហាងឆេងទើបការរង្វាយតម្លៃនោះមានប្រសិទ្ធភាព។
- គោលដៅនៃការដាក់ទុន: អ្នកត្រូវដឹងថា តើអ្នកចង់រកស៊ី ជាអ្នកអភិវឌ្ឍន៍គម្រោង (Real Estate Developer) ឬក្រុមហ៊ុនឈ្មួញកណ្ដាលអចលនទ្រព្យ (Real Estate Agency or Broker) ឬភ្នាក់ងាររបស់ក្រុមហ៊ុនឈ្មួញកណ្ដាលអចលនទ្រព្យ (Real Estate Agent) ឬការវិនិយោគលើអចលនទ្រព្យផ្ទាល់ខ្លួន (Self-Dealer)។
២ ច្បាប់ភូមិបាលនិងនិតិវិធី:
ច្បាប់ភូមិបាលដីធ្លីជាផ្នែកមួយដែលខ្វះមិនបានក្នុងវិស័យនេះ ព្រោះបើមិនបានយល់ដឹងពីនិតិវីធីទេ អ្នករកស៊ីអាចពិបាកក្នុងការសុំសិទ្ធិ ទំនាក់ទំនង និងអាចជួបប្រទះនឹងវិវាទដីធ្លី។ ការសុំសិទ្ធិនិងអញ្ញាបណ្ណ័ពាក់ព័ន្ធក៏សំខាន់ដែរ ទោះបីជាភ្នាក់ងាររបស់ឈ្មួញកណ្ដាលអចលនទ្រព្យក៏ត្រូវសុំអញ្ញាបណ្ណ័ទទួលស្គាល់ពីសមាគមន៍អចលនទ្រព្យផងដែរ។
៣ ការគ្រប់គ្រងលំហូរសាច់ប្រាក់:
សាច់ប្រាក់គឺជាសរសៃឈាមក្នុងការរកស៊ីសឹងតែគ្រប់វិស័យ។ សម្រាប់វិស័យអចលទ្រព្យ ការរៀបចំប្រតិបត្តិការហិរិញ្ញវត្ថុឲ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ ព្រោះអ្នករកស៊ីអចលនទ្រព្យត្រូវការសាច់ប្រាក់ច្រើនក្នុងប្រតិតបត្តិការនីមួយៗ។ ដូចនេះកាលណាអ្នកអាចគ្រប់គ្រងនិងរៀបចំហិរញ្ញវត្ថុរបស់ការរកស៊ីបានល្អនោះវាធ្វើអោយអ្នកមានស្ថេរភាពក្នុងវិស័យនេះ។ ដូចដែលបានលើកឡើងខាងលើ ការបណ្ដាក់ទុនក្នុងអចលនទ្រព្យគឺមានចំនួនច្រើន ដូចនេះលំហូរសាច់ប្រាក់ដែលត្រូវទូទាត់កំចី រឺការប្រាក់ត្រូវមានតុល្យភាពជាមួយចំណូល។
៤ ចេះជ្រើសរើសដៃគូសហការ:
ការចាប់ដៃគូសហការពិតជាមានការលំបាក ដោយសារគ្រប់គ្នាអាចមើលឃើញភាពខុសគ្នាក្នុងការរកស៊ី។ ឧទាហរណ៍ការបណ្ដាក់ទុនរបស់យើងមានគ្នាច្រើន មានអ្នកខ្លះចង់លក់ អ្នកខ្លះមិនចង់ ហើយគេចង់ទិញជាដុំដើម្បីយកទៅអភិវឌ្ឍ ដូចនេះបញ្ហាអាចកើតមានឡើង។ ដើម្បីឲ្យការរកស៊ីក្នុងវិស័យអចលទ្រព្យមានភាពរលូន អ្នកគួររកដៃគូសហការដែលមានចក្ខុវិស័យដូចគ្នានិងមានទំនុកចិត្តជាមួយគ្នាផង។
ហេតុនេះ មុននឹងចេញរកស៊ីក្នុងវិស័យនេះ អ្នកត្រូវស្វែងយល់និងសិក្សាលម្អិត វាមិនអាស្រ័យទៅលើដើមទុនតែមួយនោះទេ។ បើអ្នកមិនទាន់មានដើមទុនក្នុងការទិញអចលនទ្រព្យផ្ទាល់ខ្លួនក៏អាចរកស៊ីបាន ព្រោះបើអ្នកយល់ដឹងពីចំណុចខាងលើ អ្នកអាចធ្វើជាភ្នាក់ងារលក់បានកម្រៃជើងសារ និងប្រមើលនូវឱកាសសមស្របក្នុងការបណ្ដាក់ទុនណាមួយនាអនាគត៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ៥កត្តាធ្វើឲ្យតម្លៃអចលនទ្រព្យប្រែប្រួល