ប័ណ្ណឥណទាន ឬ ក្រេឌីតកាត (CreditCard) គឺជាប័ណ្ណមួយប្រភេទដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់បាន។
ដូចកាក់សេនធ្លាប់លើកឡើងពីអត្ថបទមុនមកហើយថាវាខុសគ្នាពី ប័ណ្ណឥណពន្ធ (Debit Card) ត្រង់ថា ពេលមានប្រតិបត្តិការទូទាត់ប្រាក់ដោយប្រើប្រាស់ debit card ខាងធនាគារនឹងកាត់លុយចេញពីគណនីរបស់អ្នក តែសម្រាប់លុយដែលអ្នកចាយតាម credit card វិញ គឺជាលុយដែលអ្នកខ្ចីពីធនាគារមកចាយសិន ហើយនឹងសងធនាគារវិញសរុបតាមកាលកំណត់ដែលបានព្រមព្រៀង។
ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលមានបំណងប្រើក្រេឌីតកាតនោះ គួរកត់ចំណាំពីទំនួលខុសត្រូវដូចជាការបង់សងឱ្យទាន់ពេលវេលាទាំងចំណាយទាំងអស់ក៏ដូចជាថ្លៃការប្រាក់ រួមទាំងកម្រិតចំណាយនៅក្នុងដែនកំណត់នៃប័ណ្ណឥណទាននោះ។ ក្រៅពីនេះ បើយើងងាកមកមើលពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ក្រេឌីតកាតមានដូចជា៖
គុណសម្បតិ្ត៖
១. ប្រតិបត្តិការទូទៅ
អ្នកអាចប្រើកាតរបស់អ្នកដើម្បីទិញទំនិញ និងសេវាកម្មផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណែតបានយ៉ាងងាយស្រួលទាំងក្នុង និងក្រៅប្រទេសដោយមិនចាំបាច់ភ័យព្រួយរឿងខ្វះលុយក្នុងកុងធនាគារ។
២. អត្ថប្រយោជន៍
ការប្រើប្រាស់ VISA, MasterCard, Discover ឬ American Express ជាប្រភេទប័ណ្ណឥណទាន (Credit Card) ច្រើនផ្ដល់អត្ថប្រយោជន៍ពិសេសដូចជាទទួលបានទទួលបានការបញ្ចុះតម្លៃពិសេសនៅតាមហាងទំនិញអទិភាពមួយចំនួន ទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗ ឬជាពិន្ទុសន្សំដើម្បីប្តូរយករង្វាន់ជាដើម។
គុណវិបត្តិ៖
១. បំណុល
កាតឥណទានអាចធ្វើឱ្យជីវិតយើងកាន់តែងាយស្រួល ប៉ុន្តែចំណាយក៏អាចច្រើនជាងមុនដែរបើយើងមិនបានប្រុងប្រយ័ត្ន។ ជាមួយកាតឥណទាន អ្នកអាចនឹងចាយលើចំណាយមិនចាំបាច់ច្រើនជាងមុន ហើយត្រូវសងត្រឡប់នូវការប្រាក់បន្ថែមទៀតផង។ ដូច្នេះប្រសិនបើអ្នកភ្លេចខ្លួន អ្នកអាចនឹងជាប់បំណុលច្រើនហួសពីការស្មាន។
២. ការប្រាក់
ជាធម្មតា អ្នកប្រើប្រាស់ប័ណ្ណឥណទានដែលចាយលើសពីចំនួនទឹកប្រាក់ដែលបានកំណត់នោះ ត្រូវសងត្រឡប់ទៅធនាគារវិញជាមួយការប្រាក់ដែលអាចខ្ពស់ ឬទាបអាស្រ័យទៅតាមស្ថាប័នផ្សេងគ្នា ក្នុងរយៈពេលមួយដែលបានកំណត់។ ឬប្រសិនបើអ្នកមិនបានបង់សងទាន់ពេលវេលាកំណត់ទេ អ្នកអាចប្រឈមនឹងថ្លៃផាកពិន័យទៀតផង។
សរុបទៅ បើអ្នកមានប្រភពចំណូលមិនទៀងទាត់ ឬមានបញ្ហាលំហូរសាច់ប្រាក់មិនរលូន
ដែលអាចប៉ះពាល់ដល់លទ្ធភាពបង់សង បង់ថ្លៃសេវាប្រចាំឆ្នាំឬ ថ្លៃការប្រាក់ នោះក្រេឌីតកាតអាចនឹងមិនសក្តិសមចំពោះអ្នកទេ។ ទោះយ៉ាងណា អ្នកគួរពិចារណាឱ្យច្បាស់ដែរថា តើវានឹងផ្ដល់គុណសម្បត្តិដល់អ្នកកម្រិតណា ហើយច្រើនជាងគុណវិបត្តិនិងទំនួលខុសត្រូវទាំងនោះឬទេ៕
Click here to read more about:
10 Reasons to Use Your Credit Card
៣គន្លឹះ ចាយលុយតាមក្រេឌីតកាត កុំឲ្យប៉ះពាល់ដល់ប្រវត្តិឥណទាន