ជាធម្មតា មុននឹងអោយអ្នកខ្ចីប្រាក់ ធនាគារត្រូវការស្វែងយល់ និងវាយតម្លៃព័ត៌មានខ្លះៗជាមុនសិន។
ការវាយតម្លៃនេះអាចហៅបានថា ការវាយតម្លៃហានិភ័យឥណទាន (credit risk assessment) ដែលធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យឥណទាន។ បើនិយាយអោយស្រួលស្ដាប់ គឺគេចង់ដឹងថាអ្នកមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីសងបំណុលដែរឬទេ។
ហេតុនេះ យើងនឹងលើកយក5ចំណុចសំខាន់ៗដែលធនាគារច្រើនសិក្សាទៅលើដើម្បីវាយតម្លៃហានិភ័យឥណទាន ដែលហៅបានថា Five Cs of Credit នោះគឺ៖
1. Character (ចរិតលក្ខណៈ)
ចរិតលក្ខណៈនេះ គឺសំដៅជាពិសេសលើប្រវត្តិឥណទានរបស់អ្នក។ ខាងធនាគារនឹងចង់ដឹងពីប្រវត្តិខ្ចីលុយពីមុនរបស់អ្នក ហើយនិងពេលវេលានៃការសងបំណុលថាទាន់ពេលឬទេ។ ក្រៅពីនេះ គេក៏អាចស៊ើបពីចរិតលក្ខណៈរបស់អ្នកដែរ ដូចជាភាពសុចរិតទៀងត្រង់ កេរ្ដិ៍ឈ្មោះ ទំនាក់ទំនងក្នុងសង្គម ទំនួលខុសត្រូវ និងឆន្ទៈក្នុងការសងបំណុល។ ជាពិសេសគឺគេសាកសួរពីបុគ្គលយោងដែលអាចបញ្ជាក់ពីភាពពិតប្រាកដនៃព័ត៌មានដែលអ្នកផ្ដល់អោយធនាគារ។
2. Capacity (សមត្ថភាព)
ខាងធនាគារនឹងវិនិច្ឆ័យលើសមត្ថភាពដែលអ្នកអាចសងប្រាក់បាន ដោយគេប្រៀបធៀបរវាងប្រាក់ចំណូលនិងបំណុលដែលត្រូវសងនៅខណៈតែមួយ។ ការប្រៀបធៀបនេះអាចគណនាជាតួលេខបានតាមអនុបាតបំណុលនិងប្រាក់ចំណូល (debt-to-income ratio) ដែលប្រាប់ពីសមត្ថភាពដែលកម្រិតប្រាក់ចំណូលរបស់អ្នកអាចសងបំណុលបាន។
ឧទាហរណ៍ថាអ្នកអាចរកប្រាក់ចំណូលប្រចាំខែសរុបចំនួន $1,000 ហើយអ្នកត្រូវទូទាត់បំណុលចំនួន $300 ក្នុងមួយខែ បានន័យថា 30% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នកនឹងត្រូវយកទៅទូទាត់បំណុលប្រចាំខែរបស់អ្នក។ កាលណា ភាគរយនៃប្រាក់ដែលត្រូវទូទាត់បំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នកកាន់តែទាប នោះហានិភ័យរបស់អ្នកកាន់តែតិចដូចគ្នា។
3. Capital (ទ្រព្យសម្បត្តិ)
ធនាគារចង់ដឹងថា អ្នកនឹងមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីសងបំណុលរឺទេ ប្រសិនមានករណីជាយថាហេតុណាមួយ។ ទ្រព្យសម្បត្តិត្រង់នេះ សំដៅលើប្រាក់ដែលមានស្រាប់ក្នុងគណនីធនាគាររបស់អ្នក ប្រភពចំណូល និងទ្រព្យដែលងាយបម្លែងជាលុយបានដូចជាទ្រព្យសកម្ម (liquid assets)ជាដើម។
4. Collateral (ទ្រព្យបញ្ចាំ)
ដើម្បីធានាហានិភ័យឥណទាន ធនាគារច្រើនតម្រូវអោយមានវត្ថុបញ្ចាំ និងត្រូវការសិទ្ធិក្នុងការរក្សាកម្មសិទ្ធិលើទ្រព្យបញ្ចាំទាំងនោះ។ ខាងធនាគារនឹងសិក្សាពីតម្លៃទ្រព្យបញ្ចាំទាំងនោះ ថានឹងអាចលក់ចេញបានក្នុងតម្លៃប៉ុន្មាន។ ក្នុងករណីដែលអ្នកមិនអាចសងបំណុល នោះធនាគារនឹងប្រើប្រាស់សិទ្ធិជាម្ចាស់កម្មសិទ្ធិលើទ្រព្យបញ្ចាំទាំងនោះ ហើយលក់យកថ្លៃសងការខាតបង់របស់គេ។ គួរចំណាំផងដែរថា កម្ចីឥណទានដែលបានធានាដោយទ្រព្យបញ្ចាំច្រើនមានអត្រាការប្រាក់ទាប។
5. Condition (លក្ខខណ្ឌ និង ស្ថានភាព)
ចំណុចសំខាន់មួយទៀតដែលធនាគារសិក្សាលើគឺលក្ខខណ្ឌ និងស្ថានភាពនៃសេដ្ឋកិច្ច។ លក្ខខណ្ឌសំដៅលើអត្រាការប្រាក់ ចំនួនប្រាក់ដែលចង់ខ្ចី ហើយនិងគោលបំណងនៃការខ្ចីថាយកទៅធ្វើអ្វី។ ក្រៅពីនេះ ពួកគេសង្កេតទៅលើស្ថានភាពសេដ្ឋកិច្ចដែលជាចំណុចអ្នកមិនអាចគ្រប់គ្រងបាន។ អ្នកវិភាគហានិភ័យហិរញ្ញវត្ថុតែងតែតាមដានពីនិន្នាការថ្មី(trends)នៃវិស័យការងារឬរបរកស៊ីរបស់អ្នកខ្ចី រួមទាំងបម្លាស់ប្ដូរដែលអាចកើតមាននៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលអាចមានឥទ្ធិពលលើការផ្ដល់ឥណទាន។
ឧទាហរណ៍ដូចវិបត្តិកូវីដ19នេះដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងមុខរបររកសុីរបស់ប្រជាពលរដ្ឋមួយចំនួន វាក៏បានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ឥណទានពីធនាគារដែរ ខណៈអ្នកខ្ចីមានភាពលំបាកក្នុងការសងបំណុល ដោយសារការរងទង្គិចលើប្រាក់ចំណូល។ សរុបទៅគឺគេសិក្សាពីស្ថានភាពសេដ្ឋកិច្ចថាមានជះឥទ្ធិពលទៅលើសមត្ថភាពសងបំណុលរបស់អតិថិជនឬទេ។
គួរចំណាំផងដែរថា ក្រៅពីមើលលើ5ចំណុចនេះ ខាងធនាគារក៏អាចសិក្សានិងពិចារណាទៅលើស្ថានភាពអាយុនិងសុខភាព ក៏ដូចជាមុខរបរនិងបទពិសោធន៍ធ្វើការឬរកស៊ីផងដែរ ក្នុងការវាយតម្លៃនេះ៕