Cryptocurrency គឺជារូបិយបណ្ណឌីជីថល បំពាក់ដោយបណ្ដាញសុវត្ថិភាព cryptography ដែលប្រើសម្រាប់ជួញដូរ ប្រតិបត្តិការ ជាវទំនិញឬសេវាកម្មតាមប្រព័ន្ធអនឡាញ។
ឧបករណ៍ហិរញ្ញវត្ថុអរូបីនេះ គឺប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (blockchain) និងមិនស្ថិតក្រោមការត្រួតពិនិត្យគ្រប់គ្រងពីធនាគារកណ្ដាល ដូចលុយក្រដាសទេ។ កំណត់ចំណាំបន្ថែម៖ រាល់អ្នកកាន់កាប់អាសយដ្ឋាន cryptocurrency នីមួយៗគឺមិនត្រូវបានស្គាល់អត្តសញ្ញាណជាក់លាក់ដូចគណនីធនាគារនោះឡើយ។
តម្លៃនៃទីផ្សារ Crptocurrency បានកើនឡើនដល់ ២,២ សែនកោដិដុល្លារ ជាលើកដំបូងនៅដើមខែ ឧសភា ឆ្នាំ២០២១នោះនឹងនៅតែបន្តកើនឡើង។'
ការរាយឈ្មោះប្រភេទCryptocurrencyធំៗមួយចំនួន
- Bitcoin: ជារូបិយបណ្ណឌីជីថលដំបូងគេបង្អស់ក្នុងសតវត្សទី២១ និងល្បីល្បាញជាងគេក្នុងចំណោម cryptocurrency ដែលទីផ្សារមានតម្លៃសរុបដល់ទៅ ១.០២ សែនកោដិដុល្លារ ($1.02 trillion)
- Ethereum: បង្កើតឡើងនៅឆ្នាំ ២០១៥ Ethereum ជា cryptocurrency ធំជាងគេទី២ បន្ទាប់ពី Bitcoin ដែលមានតម្លៃក្នុងទីផ្សារសរុបជាង ៣១៤ពាន់លានដុល្លារ។
- Binance coin: ទីផ្សាររបស់ Binance coin មានតម្លៃ ៩២ ពាន់លានដុល្លារ និងមានតម្លៃ ៦០៤.៨ ដុល្លារក្នុងមួយកាក់
- Dogecoin: រចនាឡើងតាម meme រូបសុនខមួយឈ្មោះ Shiba Inu ឥឡូវនេះទីផ្សារ Dogecoin មានតម្លៃសរុប ៤១.៤ ពាន់លានដុល្លារ
- Litecoin: បង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រមួយរូបលោក Charlie Lee បានធ្វើឲ្យ Litecoin មានតម្លៃទីផ្សារសរុបជាង ១៧ ពាន់លានដុល្លារ។
បញ្ជាក់: ទិន្នន័យខាងលើគឺគិតត្រឹមចុងខែមេសា ឆ្នាំ ២០២១ ពោលគឺតួលេខនេះអាចនឹងប្រែប្រួលបន្តទៀត ដ្បិតទីផ្សារ Cryptocurrency រង្គោះរង្គើ ងាយឡើងចុះភ្លាមៗ ដោយមិនអាចស្មានដល់។
កត្តាអ្វីខ្លះដែលធ្វើឲ្យមានការបង្កើតនៃ Cryptocurrency?
- មនុស្សចាប់ផ្តើមបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងធនាគារដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨
- ងាយស្រួលទុកដាក់ និងទូទាត់ជំនួសលុយក្រដាស ដោយមិនអស់ថ្លៃសេវាប្រតិបត្តិការ
- ខ្វះ ឬសឹងតែមិនមានការពិនិត្យសង្កេតពីរដ្ឋាភិបាល ដែលបង្កសេរីភាពដល់អ្នកជួញដូរ
- បញ្ចៀស ឬលុបបំបាត់នូវការក្លែងបន្លំក្រដាសប្រាក់ និងការដាក់ឲ្យធ្វើចរាចរណ៍រូបិយបណ្ណក្លែងក្លាយ
- ជាមធ្យោបាយលាងលុយកខ្វក់ គេចពន្ធ ជួញដូរគ្រឿងញៀនរបស់ជនទុច្ចរិតមួយចំនួនក្នុងទីផ្សារងងឹត
កំណត់ចំណាំបន្ថែម៖ ការក្លែងបន្លំក្រដាសប្រាក់ និងការដាក់ឲ្យធ្វើចរាចរណ៍រូបិយបណ្ណក្លែងក្លាយ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់។
តើអ្នកគួរមានការប្រុងប្រយ័ត្នយ៉ាងណាខ្លះពេលវិនិយោគលើ Cryptocurrency?
មុននឹងសម្រេចចិត្តវិនិយោគលើ Cryptocurrency អ្នកគួរស្រាវជ្រាវឲយល់ដឹងអំពីកត្តាមួយចំនួនជាមុនសិន៖
- ប្រភេទ Cryptocurrency: តើ cryptocurrency នោះមានឈ្មោះអ្វី? បង្កើតនៅឆ្នាំណា ដោយនរណា? មានមុខងារសម្រាប់អ្វី ជួញដូរ ទូទាត់ចំណាយ ឬដើម្បីវិនិយោគរយៈពេលវែង? អាចទុកចិត្តបាន និងមានគេវិនិយោគច្រើននាក់ដែរឬទេ?
- តម្លៃរបស់Cryptocurrencyនោះ៖ ទីផ្សាររបស់វាមានតម្លៃសរុបប៉ុន្មាន តើតម្លៃក្នុងមួយឯកតាកាក់មានតម្លៃប៉ុន្មាន តើការហក់ឡើងចុះនៃតម្លៃរបស់វាជារៀងរាល់ថ្ងៃប្រែប្រួលដល់កម្រិតណា?
- ឈ្មួលកណ្តាល (Broker) ឬទីផ្សារលក់: តើមានភាគីឈ្មួញជើងសារណាចាំសម្របសម្រួលដូចទីផ្សារមូលបត្រ ដែរឬទេ? តើការលក់ទិញ ដោះដូរប្រព្រឹត្តទៅតាមមធ្យោបាយអ្វី? តើទីផ្សារលក់មានស្ថិរភាព និងកំណើនដែរឬអត់?
- ហានិភ័យ: អ្នកមានលទ្ធភាពរ៉ាប់រងវាដល់កម្រិតណា? តើនឹងមានដំណោះស្រាយអ្វីទេ ក្នុងករណីយើងត្រូវគេឆបោក ឬខាតបង់ទឹកប្រាក់ដោយប្រការណាមួយ?
- ចូលរួមសហគមន៍អនឡាញ: ដែលប្រមូលផ្ដុំដោយអ្នករីករាយក្នុងការវិនិយោគ Cryptocurrency និងសាកសួរព័ត៌មាន របៀបជួញដូរឲ្យមានប្រសិទ្ធភាព ពីអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ជាពិសេសអានការណែនាំ តម្រង់ទិសរបស់ Cryptocurrency ដែលយើងចង់វិនិយោគឲ្យបានល្អិតល្អន់។
Cryptocurrencyក្នុងសង្គមខ្មែរ
យោងទៅតាមសេចក្ដីថ្លែងការណ៍រួមរបស់ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះក្នុងឆ្នាំ២០១៨ បានបញ្ជាក់ថាការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរកាសអេឡិចត្រូនិកដោយ (Cryptocurrency)ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់។
ដោយសារCryptocurrency មិនប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីទូទាត់ ឬមានប្រព័ន្ធដែលគ្រប់គ្រងដោយធនាគារជាតិនោះទេ ដូចនេះរាល់ហានិភ័យកើតឡើងជាយថាហេតុ បុគ្គលអ្នកវិនិយោគជាអ្នករ៉ាប់រង។
បើទោះបីជាយ៉ាងនេះក្ដី គេនៅសង្កេតឃើញការវិនិយោគរបស់ប្រជាជនខ្មែរយើងមួយចំនួនតូចទៅលើ Cryptocurrency នៅតែបន្ត ហើយទីផ្សារសម្រាប់វិនិយោគក៏មានភាពទូលំទូលាយគួរសមដែរ ព្រមទាំងមានឈ្មួញកណ្ដាល Broker ទៀតផង ជាពិសេស Bitcoin តែម្ដង។
ការវិនិយោគលើ Cryptocurrency ជាជម្រើសល្អសម្រាប់បុគ្គលដែលមានចក្ខុវិស័យ ក្នុងការវិនិយោគរយៈពេលវែង និងគប្បីមានចំណេះដឹងស៊ីជម្រៅផ្នែកបច្ចេកវិទ្យាអនឡាញ និងពុទ្ធិខ្លះៗពាក់ព័ន្ធហិរញ្ញវត្ថុផងដែរ។ ក៏ប៉ុន្តែវាអាចជាជម្រើសមិនល្អនោះទេ សម្រាប់អ្នកដែលនៅមានបទពិសោធន៍មិនទាន់ជ្រាលជ្រៅផ្នែកវិនិយោគ អ្នកចង់មានលឿនឆាប់រហ័ស និងបុគ្គលកម្សោយអក្ខរកម្មហិរញ្ញវត្ថុ ពិសេសអក្ខរកម្មឌីជីថល។