តើប្រិយមិត្តដែលឆ្ងល់ទេ កាលមុនគេទូទាត់ប្រាក់កាក់តាមរបៀបណា?
ពាក្យថារូបិយវត្ថុគឺជាអ្វីៗទាំងឡាយណាដែលមានមុខងារជា ឧបករណ៍ដោះដូរ ជាឯកតាវាស់តម្លែ និងជាឧបករណ៍ផ្ទុក ឬរក្សាតម្លៃ ដែលអាចប្រើប្រាស់សម្រាប់ទូទាត់ពេលទិញទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗ។
ខាងក្រោមគឺជាការវិវត្តនៃរូបិយវត្ថុ ចាប់តាំងពីការដោះដូរទំនិញ រហូតមកដល់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល៖
១ ការដោះដូរទំនិញ៖ គេដោះដូរស្បៀងអាហារ អាវុធ តែ អំបិល ។ល។ ហើយប្រព័ន្ធទូទាត់នេះផ្ដួចផ្តើមឡើងដោយពួកមេសូប៉ូតាមៀ។
២ សំបកខ្យង៖ ជាប្រភេទទូទាត់ឯកតាដំបូងគេបង្អស់ ដែលប្រើប្រាស់នៅអាសុី អាហ្វ្រិច អូសេអានី និងផ្នែកខ្លះនៃអឺរ៉ុបដោយ ត្រូវបានគេជឿជាក់ថាកើតមានដំបូងគេនៅប្រទេសចិន អំឡុង ១២០០ និង១៣០០ មុនគ.ស។
៣ ប្រាក់កាក់៖ ធ្វើពីលោហធាតុផ្សេងៗ ដូចជាស្ពាន់ ប្រាក់ និងមាស ហើយប្រាក់កាក់ដំបូងគេបង្អស់ត្រូវបានគេជឿថាមានអាយុកាលរហូតដល់១ពាន់ឆ្នាំមុនគ.ស នៅប្រទេសចិន។ ឯខ្លះទៀតជឿថាមានវត្តមានដំបូងប្រមាណ ៦៥០ ឆ្នាំ មុនគ.ស នៅតំបន់ក្រិក។
៤ ប្រាក់ស្បែក៖ ធ្វើពីស្បែកសត្វក្តាន់ ហើយត្រូវបានបង្កើត និងប្រើប្រាស់ដោយជនជាតិចិនដំបូងគេ។
៥ ក្រដាសប្រាក់៖ ជាដើមកំណើតនៃក្រដាសប្រាក់ដែលយើងប្រើប្រាស់សព្វថ្ងៃ។ គេសន្និដ្ឋានថាបង្កើតដំបូងនៅប្រទេសចិនក្នុងរាជវង្សថាង (៦១៨ – ៩០៧) ដោយសារកង្វះស្ពាន់ដែលយកមកធ្វើជាប្រាក់កាក់។ ខ្លះក៏បានអះអាងថាក្រដាសប្រាក់ត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុង
រាជវង្សយាន (Yuan) នាឆ្នាំ ១២៦០។
៦ មាស៖ កំណើនពាណិជ្ជកម្មអន្តរជាតិបានបង្កើតជាសង្គ្រាមរូបិយប័ណ្ណរវាងប្រទេសជុំវិញពិភពលោក។ ជាលទ្ធផល មាសត្រូវបានគេប្រើប្រាស់ជារូបិយវត្ថុស្តង់តាសម្រាប់ធៀបតម្លៃនៃរូបិយប័ណ្ណប្រទេសនីមួយៗ។
៧ លុយអេឡិចត្រូនិច៖ បង្កើតដំបូងក្នុងទម្រង់ជាកាតឥណទានធ្វើពីប្លាស្ទិកនៅសហរដ្ឋអាមេរិក។ ហើយបច្ចុប្បន្ននេះ រូបិយវត្ថុអេឡិចត្រូនិចមានច្រើនប្រភេទ ដូចជាលុយផ្ទុកទុកក្នុងកាត ឬគណនីក្នុងទូរស័ព្ទ ។ល។
៨ លុយឌីជីថល៖ Bitcoin គឺរូបិយប័ណ្ណឌីជីថលដំបូងគេបង្អស់ដែលបង្កើតឡើងដោយ Satoshi Nakamoto។ រូបិយវត្ថុបែបនេះ ជារូបិយប័ណ្ណអរូបីដែលគ្មានទម្រង់ជាសាច់ប្រាក់។ រូបិយប័ណ្ណឌីជីថលដែលកំពុងពេញនិយមឥឡូវនេះមានដូចជា គ្រីបតូ និង NFT ជាដើម។
ឯកសារយោង៖
១. Investopedia – The History of Money: Bartering to Banknotes to Bitcoin
២. intuit – The History of Money: How Our Currency Evolved from Pelts to Money
៣. Citéco – 10000 years of economy
៤. PBS – The History of Money
៥. intuit – The Best Resources on the History of Chinese Currency
៦. National Bank of Belgium | Museum – The banknote, a Chinese invention ?