ការគ្រប់គ្រងលុយរបស់អ្នកក៏ដូចជាការធ្វើអ្វីៗផ្សេងទៀតដែរ គឺត្រូវការពេលវេលាដើម្បីស្វែងយល់ ស្គាល់ពីវា និងធ្វើវាឲ្យប្រសើរឡើង។ ដើម្បីទទួលបានលទ្ធផលល្អ អ្នកគួរតែមានការបេ្ដជ្ញាចិត្ត អត់ធ្មត់ និងទាមទារការយល់ដឹងឲ្យបានច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនលើការគ្រប់គ្រងចំណូលចំណាយ៖
១. ដើរតួជាម្ចាស់ធនាគារនៃកញ្ចប់សាច់ប្រាក់ខ្លួនឯង
ដើម្បីរៀបចំកញ្ចប់សាច់ប្រាក់ឱ្យមានប្រសិទ្ធភាព ជាដំបូងយើងត្រូវដឹងពីលំហូរសាច់ប្រាក់របស់យើងជាមុនសិន។ លំហូរសាច់ប្រាក់រួមមាន ប្រាក់ចំណូល ប្រាក់ចំណាយ និងប្រាក់សន្សំ។ យើងអាចអនុវត្តតាមរូបមន្ត 50-30-20 ដែលបានន័យថា 50% នៃប្រាក់ចំណូលគឺសម្រាប់យកទៅប្រើប្រាស់តម្រូវការចាំបាច់ប្រចាំថ្ងៃ(Needs) មានដូចជាថ្លៃម្ហូបអាហារ ផ្ទះ ទឹកភ្លើង ជាដើម។
ចំណែកឯ 30% ទៀត យើងអាចចំណាយលើចំណង់របស់យើង (Wants) ដូចជាចង់ទិញសម្លៀកបំពាក់ ចង់ប្ដូរទូរសព្ទ ចង់ប៉ាវខ្លួនឯងញ៉ាំអាហារឆ្ងាញ់ៗម្ដង ហើយសម្រាប់ចំណែកចុងក្រោយ 20% ទៀត គួរសម្រាប់ការសន្សំ ឬប្រសិនបើអ្នកមានបំណុល វាគួរតែជាចំណែកសម្រាប់ដោះបំណុលនោះឯង (Savings & Debts)។
២. ដើរតួជា FBI តាមដានការចាយវាយខ្លួនឯង
ធ្លាប់ឆ្ងល់ក្នុងចិត្តអត់ “ចុម! ទើបបើកលុយសោះ ឥឡូវអស់ទៅណាទៀតហើយ? លុយចេះរត់?” មិនចេះរត់ទេ ប៉ុន្តែដោយសារយើងពុំបានតាមដានការចំណាយខ្លួនឯង។ អ្នកគួរតាមដាននូវរាល់ការចំណាយរបស់អ្នក ហើយអត់ពិបាកទេ គ្រាន់តែយកវិក្ក័យប័ត្រដែលបានចាយទាំងអស់ (ទិញSkincare,កាហ្វេ,ថ្លៃផឹកប៊ីយែ,សម្លៀកបំពាក់-ល-) ឬបើគ្មានវិក្ក័យប័ត្រ គួរសរសេរចូល Note ទូរសព្ទក៏បាន បន្ទាប់មក យកមកបូកសរុបចូលគ្នាទាំងការចំណាយជាលុយសុទ្ធ អ្នកនឹងដឹងថា លុយមិនបានរត់ណាទេ គឺយើងយកទៅឱ្យគេទេ។
យ៉ាងណាមិញ គួរឧស្សាហ៍តាមដានកាតឥណទានដូចគ្នា ព្រោះវាជាកន្លែងដែលលំហូរសាច់ប្រាក់អ្នក ចេញច្រើនជាងចូលជាងគេ។
៣. កាត់បន្ថយចំណាយមិនចាំបាច់ខ្លះទៅ
ដូចដែលបានរៀបរាប់ខាងលើ អ្នកគួរបែងចែកឲ្យដាច់ថារបស់ណាដែលអ្នកត្រូវការ និងរបស់ណាដែលអ្នកគ្រាន់តែចង់បាន។ ឧទាហរណ៍ថា ហាងសម្លៀកបំពាក់មួយ គេលក់ខោអាវបញ្ចុះតម្លៃពិសេស 50% ដូចនេះ ប្រសិនបើនៅផ្ទះមានខោអាវនៅឡើយ ឬទើបតែទិញដើមខែទេ គួរទន្ទេញប្រាប់ខ្លួនឯងថា “មីកញ្ចប់ មិនឆ្ងាញ់ដូចញ៉ាំបាយទេ”។
បន្ថែមពីលើទៀតនោះ គួរព្យាយាមផ្លាស់ប្ដូរទម្លាប់រស់នៅខ្លះ អាចដូចជាល្ងាចឡើងមិត្តភក្តិឧស្សាហ៍បបួល “ថ្មើរហ្នឹងអត់ផឹកប៊ីយ៉ែទេ” ទៅជា ថ្មើរហ្នឹងអត់ផឹកទេ ព្រោះត្រូវមើលសៀវភៅ ចំណាយពេលវេលាលើការស្វែងរកចំណេះថ្មីៗបន្ថែមវិញ។
៤. សន្សំ និងវិនិយោគ
អ្នកគួរមានផែនការសន្សំលុយ ក៏ដូចជាវិនិយោគប្រាក់របស់អ្នកដូចគ្នា។ ការសន្សំអាចស្ថិតក្រោមរូបភាពជាប័ណ្ណធានារ៉ាប់រង កញ្ចប់ប្រាក់គ្រាមានអាសន្ន (Emergency Fund) ប្រាក់ចូលនិវត្តន៍ជាដើម (អាចមើលអត្ថបទកាក់សេនពីមុន ដែលតែងលើកឡើងពីប្រាក់សន្សំទាំងនេះ)។ រីឯកញ្ចប់ប្រាក់សម្រាប់វិនិយោគវិញ ដោយអ្នកអាចសិក្សាស្វែងយល់បន្ថែមពីការវិនិយោគលើវិស័យអចលនទ្រព្យ ទីផ្សារមូលបត្រ ឬអាជីវកម្មណាមួយ។
ចំណុចតូចៗទាំង៤នេះដែលពេលខ្លះអ្នកមើលរំលង ប៉ុន្តែអាចសាកល្បងយកទៅអនុវត្តន៍ម្ដងបន្តិចៗ នោះវានឹងហុចផលល្អឲ្យមកយើងវិញនៅថ្ងៃណាមួយមិនខាន។ រីឯការទទួលបានលទ្ធផលល្អ ឬអត់ គឺវាអាស្រ័យទៅលើការព្យាយាម និងការតាំងចិត្តរបស់បុគ្គលម្នាក់ៗនោះឯង៕