កាក់សេនធ្លាប់ចែករំលែក quote ជាច្រើនពីលោក Dave Ramsey ហើយឃើញថា មានអ្នកខ្លះក៏ស្គាល់គាត់រួចហើយ ឯអ្នកខ្លះទៀតជា fan គាត់ទៀតផង។ តែក៏មានអ្នកឆ្ងល់ដែរ ថាគាត់ជាអ្នកណា? ហេតុអីគេយកquoteរបស់គាត់មកនិយាយតៗគ្នាច្រើនបែបនេះ? ថ្ងៃនេះយើងនឹងមកមើលពីជីវប្រវត្តិរបស់គាត់ម្ដង ព្រោះចង់ចេះចង់ដឹងរឿងគេបន្តិច។
លោក Dave Ramsey គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Expert) ដែលបច្ចុប្បន្នគាត់ជាពិធីករក្នុងកម្មវិធីវិទ្យុផ្ទាល់ខ្លួនដ៏ល្បីមួយនៅសហរដ្ឋអាមេរិក ឈ្មោះ The Dave Ramsey Show ដែលមានអ្នកស្តាប់រហូតដល់ទៅ 14 លាននាក់ក្នុងមួយសប្តាហ៍នៅតាមស្ថានីយ៍វិទ្យុជាង 600 ទូទាំងប្រទេស ហើយបានទូរស័ព្ទចូលមកសួរសំណួរទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
មុនក្លាយជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន លោក Dave Ramsey ធ្លាប់ជួបប្រទះទាំងបទពិសោធន៍ជោគជ័យនិងបរាជ័យ។ ដោយសារតែឪពុកម្ដាយជាអ្នករកស៊ីផ្នែកអចលនទ្រព្យ ទើបគាត់ផ្ដើមមានចំណាប់អារម្មណ៍លើផ្នែកអចលនទ្រព្យតាំងពីក្មេង។ គាត់ចាប់ផ្ដើមរៀនរកលុយដោយខ្លួនឯងតាំងពីអាយុ 12ឆ្នាំ ដោយមានរបរច្រើនផ្សេងគ្នា ហើយមេរៀនដែលគាត់បានរៀនពីរបរទាំងនោះគឺ សារៈសំខាន់នៃសេវាកម្មអតិថិជននិងការរក្សាពាក្យសម្ដីរបស់ខ្លួន។ ដល់អាយុ 18 ឆ្នាំ គាត់ប្រលងជាប់និងទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកហិរញ្ញវត្ថុនិងអចលនទ្រព្យ ហើយនិងអាជ្ញាប័ណ្ណទិញលក់ផ្នែកអចលនទ្រព្យ។
ភាពជោគជ័យលើកទី1 ដែលគាត់សម្រេចបានគឺនៅអាយុ 26ឆ្នាំ ដែលពេលនោះ ផលប័ត្រអចលនទ្រព្យ (Real Estate Portfolio) របស់គាត់មានតម្លៃ 4លានដុល្លារអាមេរិក។ តែជាអកុសលក៏ត្រូវប្រកាសក្ស័យធននៅ2ឆ្នាំក្រោយ ដោយសារតែធនាគារដែលផ្ដល់កម្ចីឱ្យគាត់ធំជាងគេ បានទារឲ្យសងបំណុលវិញទាំងអស់សរុប 1.2លានដុល្លារ ក្នុងរយៈពេល 90ថ្ងៃ។
ក្រោយមក គាត់បានចាប់ផ្ដើមសារជាថ្មី ដោយប្រើចំណេះដឹងដែលគាត់មានផ្នែកហិរញ្ញវត្ថុ។ គាត់បានចាប់ផ្ដើមអាជីពប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយដំបូងឡើយមានសិស្សជាង 30នាក់ក្នុងថ្នាក់ ហើយក៏កើនរហូតដល់ 350នាក់ ក្នុងរយៈពេល 2-3ឆ្នាំ។ ភាពជោគជ័យនេះបន្តរហូតគាត់បានបើកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនមានឈ្មោះថា The Lampo Group នៅឆ្នាំ1992។
បន្ទាប់ពីភាពជោគជ័យនៃក្រុមហ៊ុន Lampo គាត់ក៏ចាប់ផ្ដើមប្រលូកក្នុងអាជីពកម្មវិធីវិទ្យុដែលផ្តោតលើហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចបានលើកឡើងពីខាងដើមអត្ថបទ។
លើសពីនេះ គាត់ជាស្ថាបនិកនៃសាកលវិទ្យាល័យ Financial Peace University (FPU) ដែលបណ្ដុះបណ្ដាលពីការដោះបំណុល និង ការគ្រប់គ្រងសាច់ប្រាក់ជាដើម។ លោក Ramsey ទទួលបានការទុកចិត្តខ្លាំងបំផុតពីសំណាក់យុវវ័យនិងមនុស្សវ័យកណ្ដាលនៅសហរដ្ឋអាមេរិកសម្រាប់ដំបូន្មានផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ស្របពេលជាមួយគ្នានេះ គាត់ក៏ជាអ្នកធ្វើជំនួញនិងជាវិនិយោគិន ព្រមទាំងជាអ្នកនិពន្ធសៀវភៅផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ល្បី ហើយការងាររបស់គាត់មានដូចជា Financial Peace, More Than Enough, The Total Money Makeover, EntreLeadership, Dave Ramsey’s Complete Guide to Money, The Legacy Journey ហើយនិង Smart Money Smart Kids ៕