មនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសក្នុងការបើកអាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួន។ តែវាមិនងាយស្រួលនោះទេ ប្រសិនបើអ្នកគ្មានមូលធនគ្រប់គ្រាន់។ មូលធនដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ក្រុមហ៊ុនមួយ។
អ្វីជាមូលធន?
មូលធន ជាដើមទុនរបស់ក្រុមហ៊ុន ឬបុគ្គល ដែលពួកគេអាចប្រើប្រាស់វាទៅធ្វើអ្វីមួយដែលផ្តល់នូវប្រាក់ចំណេញបន្ថែមបាន។ ពាក្យថា មូលធន មិនសំដៅទៅលើតែលុយមួយមុខនោះទេ វាអាចជា អចលនទ្រព្យ ឬជាភាគហ៊ុន ដែលផ្តល់ជាផលចំណេញដល់ម្ចាស់។
ម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលធនលើចំណាយផ្សេងៗនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីពង្រីកផលិតភាពក្នុងការបង្កើននូវប្រាក់ចំណូលបន្ថែមដល់ក្រុមហ៊ុន។
ក្នុងនោះមូលធនត្រូវបានបែងចែកជា ៤បែប ដែលម្ចាស់ក្រុមហ៊ុនអាចប្រើប្រាស់វាដើម្បីរកដើមទុនបន្ថែម ដូចជា៖
មូលធនបំណុល (debt capital): ម្ចាស់ក្រុមហ៊ុនអាចខ្ចីប្រាក់ពីរាជរដ្ឋាភិបាល ឬធនាគារឯកជនផ្សេងៗដើម្បីធ្វើជាទុនវិនិយោគក្នុងក្រុមហ៊ុនរបស់ខ្លួន។
មូលធនភាគហ៊ុន (equity capital): ជាដើមទុនដែលបានមក បន្ទាប់ពីលក់ភាគហ៊ុនមួយផ្នែករបស់ក្រុមហ៊ុនឲ្យទៅវិនិយោគិន។
មូលធនចល័ត (working capital): សំដៅដល់ទ្រព្យសកម្មទាំងឡាយណាដែលជារបស់ក្រុមហ៊ុន ឬបុគ្គលដែលជាម្ចាស់ក្រុមហ៊ុន ហើយទ្រព្យសកម្មទាំងនោះជាប្រភពនៃចំណូលសកម្ម ដែលអាចទ្រទ្រង់ក្រុមហ៊ុនបានតាមរយៈ ការសងបំណុលជាដើម។
មូលធនជួញដូរ (trading capital): ក្រុមហ៊ុនក៏អាចទទួលបានចំណូលបន្ថែមពីការដាក់ឱ្យអ្នកដទៃជួញដូរភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារភាគហ៊ុនផងដែរ។ អ្នកវិនិយោគអាចទិញ លក់ដោយសេរី និងប្រចាំថ្ងៃបាន ហើយតម្លៃរបស់វាមានការឡើងចុះតាមពេលវេលា។
ក្រៅពីនេះ ក៏មានប្រភពមូលធនមួយចំនួនសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មតូចល្មមអាចស្វែងរកបាន ដូចជា ការសន្សំលុយ កម្ចីពីគ្រួសារ ឬមិត្តភក្តិ និងកម្ចីប្រាក់ពីស្ថាប័នឯកជន ឬធនាគារណាមួយ។
ដើមទុនមានភាពចាំបាច់សម្រាប់ចាប់ផ្តើមអាជីវកម្ម តែចំណេះដឹង និងបទពិសោធន៍ក៏សំខាន់ក្នុងការជួយឲ្យអាជីវកម្មដំណើរការទៅមុខបានរលូន និងជោគជ័យ៕