យើងតែងតែឮពាក្យ “Demand” និង “Need” ប៉ុន្ដែអ្នកទាំងអស់ដែលឆ្ងល់ឬទេថាពាក្យ “Demand” និង “Need” ហ្នឹងខុសដូចម្ដេចទៅ? ពាក្យ “Demand” មានអត្ថន័យតម្រូវការ ឬការទាមទារ ខណៈពេលពាក្យ “Needs” មានអត្ថន័យត្រូវការ សេចក្ដីត្រូវការ ឬតម្រូវការ។ ពាក្យទាំងនេះ ស្ដាប់មើលទៅ ហាក់មានអត្ថន័យស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែក្នុងជីវិតយើងជាក់ស្ដែង វាមានលក្ខណៈខុសគ្នា៖
Need
Need សំដៅលើអ្វីដែលយើងត្រូវការចាំបាច់មិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ។ ជាទូទៅ Need ត្រូវបានបែងចែកជា តម្រូវការផ្នែករាងកាយ តម្រូវការសង្គម និងតម្រូវការបុគ្គល។ ដោយក្នុងនោះ តម្រូវការផ្នែករាងកាយមានដូចជា ម្ហូបអាហារ សម្លៀកបំពាក់ ជម្រក និងទឹកជាដើម ដើម្បីអាចរស់នៅបាន។ រីឯតម្រូវការសង្គមមានដូចជា ទំនាក់ទំនង និងការស្រឡាញ់រវាងគ្រួសារនិងមិត្តភក្ដិជាដើម។ ចំណែកឯតម្រូវការបុគ្គលវិញ គឺអាស្រ័យទៅតាមគំនិតរបស់បុគ្គលរៀងៗខ្លួនដែលមានដូចជា ការអប់រំ ការពិនិត្យសុខភាព និងធានារ៉ាប់រងជាដើម។ កន្លងមក យើងក៏ធ្លាប់បានលើកឡើងពីសេចក្ដីត្រូវការរបស់មនុស្ស តាមរយៈឋានានុក្រមនៃតម្រូវការ Maslow (Maslow hierarchy of needs) របស់លោក Abraham Maslow ផងដែរ។
Demand
បើយើងក្រឡេកមកមើល Demand វិញ វាសំដៅទៅលើតម្រូវការ (Need) ដែលយើងមាន និងសមត្ថភាពដែលយើងអាចបំពេញតម្រូវការ (Need) នោះបាន នៅក្នុងកម្រិតណាមួយដែលអ្នកមានលទ្ធភាពគ្រប់គ្រាន់អាចបំពេញវា។
និយាយឱ្យខ្លី និងកាន់តែងាយ “Needs” ជាអ្វីដែលយើងត្រូវការចាំបាច់មិនអាចខ្វះបានដើម្បីរស់នៅ ខណៈពេលដែល “Demand” សំដៅលើអ្វីដែលយើងចង់បានលើសពីសេចក្ដីត្រូវការ ហើយយើងកំពុងមានស្ថានភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការនេះ។
យើងនឹងលើកយកឧទាហរណ៍មកបកស្រាយពីទំនាក់ទំនងរវាង “Demand” និង “Need” នេះ។ ឧទាហរណ៍ថា “សុខ” ត្រូវការ (Need) ទិញផ្ទះដើម្បីជាជម្រកសម្រាប់រស់នៅ ប៉ុន្តែយ៉ាងណាមិញ សម្រាប់ជីវភាពរបស់គាត់ ស្ថិតក្នុងកម្រិតល្អមួយដែលគាត់មានលទ្ធភាពគ្រប់គ្រាន់ លើសពីសេចក្ដីត្រូវការរបស់គាត់កំពុងមាន ដោយគាត់ផ្ទះគាត់ចង់បាននោះ ជាប្រភេទវីឡាប្រណិតស្កឹមស្កៃ អាចគ្របគ្រងដោយបច្ចេកវិទ្យាជឿនលឿន ដោយគ្រាន់តែហៅ Alexa Siri ឬ Yeoung-Sil Ah។
ជាក់ស្ដែងទៅ Need និង Demand អាចយកទៅប្រើប្រាស់ទៅតាមស្ថានភាពហិរញ្ញវត្ថុបុគ្គលផ្សេងៗគ្នា។ ដោយឡែក អ្នកអាចយកវាទៅប្រើប្រាស់ក្នុងវិស័យលក់ដូរទំនិញ ឬសេវាកម្មបានដូចគ្នា ដ្បិតថា ទំនិញឬសេវាកម្មខ្លះ អតិថិជនរបស់អ្នកអាចមាន «តម្រូវការ» ផ្សេងៗគ្នា ជាហេតុអ្នកគួរផ្ដល់ជម្រើសច្រើនដល់អ្នកទិញ។
យ៉ាងណាក៏ដោយ មិនមែនរាល់ Need ទាំងអស់សុទ្ធតែអាចក្លាយជា Demand បាននោះទេ វាគឺអាស្រ័យទៅលើលទ្ធភាពរបស់បុគ្គលម្នាក់ៗក្នុងការបំពេញ Need របស់ខ្លួន។ ដូចនេះ នៅពេលអ្នកមានតម្រូវការ (Need) ហើយចង់បំពេញវាឱ្យបាន នោះអ្នកគប្បីមើលទៅលើលទ្ធភាពដែលខ្លួនមាន ថាតើអ្នកអាចបំពេញតម្រូវការ (Need) របស់ខ្លួននៅក្នុងកម្រិតណាមួយដែលអ្នកគិតថាសមរម្យ ដើម្បីអាចឱ្យ Need របស់អ្នកប្រែក្លាយទៅជា Demand បាន៕