នៅចាំបានអត់ ថ្ងៃមុនកាក់សេនបានចោទជាសំនួរថា “តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រជាជនឈប់ចាយលុយមួយខែ?” ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងទេថា តាមពិតទៅ ប្រទេសកម្ពុជាពិតធ្លាប់បោះបង់ប្រព័ន្ធរូបិយវត្ថុពិតមែន ហើយដល់ទៅចំនួនពីរលើកឯណោះ គឺនៅសម័យអង្គរ និងនៅសម័យប៉ុល ពត។
ដំបូងយើងគួរតែដឹងសិនថា អ្វីទៅជារូបិយវត្ថុ។ រូបិយវត្ថុ សំដៅទៅលើវត្ថុ ឬលុយដែលគេយកប្រើប្រាស់ជាមធ្យោបាយក្នុងវិស័យដោះដូរទំនិញ ទូទាត់ការចំណាយទូទៅ តាមរយៈរង្វាស់ឯកតាខ្នាតដែលប្រទេសមួយនោះបានកំណត់ពីតម្លៃរបស់វា។ រូបិយវត្ថុមានតួនាទីជួយសម្រួលដល់វិស័យដោះដូរទំនិញ ក៏ដូចជាជួយជំរុញដល់វិស័យសេដ្ឋកិច្ចជាតិ។
សម័យអង្គរស.វទី ៩ ដល់ទី១៥
នៅសម័យអង្គរ ប្រព័ន្ធរូបិយវត្ថុត្រូវបានលុបបំបាត់ចោល ដោយសម័យនោះពឹងផ្អែកលើភោគផលពីផ្នែកកសិកម្ម ដែលវាជាកត្តាជះឥទ្ធិពលមិនល្អដល់វិស័យយោធា ផលិតកម្ម យុទ្ធនាការយោធា។ អាណាចក្រអង្គរក៏ប្រែជាទន់ខ្សោយដោយសារគ្មានឧបករណ៍ងាយនឹងដោះដូរ អំណាចរបស់ព្រះមហាក្សត្រមិនងាយនឹងទប់ទល់នឹងប្រទេសជិតខាង ដ្បិតថាគេមានប្រព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្មច្រើនជាង និងមានធនធានរូបិយវត្ថុជាក់លាក់មិនងាយខូចខាត ងាយស្រួលដោះដូរ និងអាចប្រើបានគ្រប់រដូវកាលបាន។
ការបំបាត់នៃរូបិយវត្ថុនេះ ត្រូវបានរាប់បញ្ចូលថា ក៏ជាផ្នែកមួយដែលនាំឱ្យសម័យអង្គរប្រែក្លាយពីសម័យដ៏រុងរឿង ទៅជាដួលរំលំថែមទៀតផង។
របបប្រល័យពូជសាសន៍ប៉ុលពត (កម្ពុជាប្រជាធិបតេយ្យ)
របបប្រល័យពូជសាសន៍ប៉ុលពត គឺជារបបដែលលុបបំបាត់រូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុចោល ជាពិសេសនោះ គឺថែមទាំងដុតបំផ្លាញធនាគារជាតិនៃកម្ពុជាថែមទៀត។ នៅពេលគ្មានរូបិយវត្ថុដើម្បីធ្វើពាណិជ្ជកម្ម សម័យកាលមហាលោតផ្លោះរបស់អង្គការបានចាប់ផ្ដើមបង្ខំប្រជាជនឱ្យបង្កបង្កើនផលលើសកម្លាំង រួចយកទំនិញទាំងនោះទៅប្ដូរជាអាវុធទៅវិញ។
ម្យ៉ាងវិញទៀត រូបិយវត្ថុមិនមែនសំខាន់តែក្នុងប្រទេសជាតិនោះទេ សូម្បីតែក្នុងរង្វង់គ្រួសារអ្នកក៏ដូច្នោះដែរ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងប្រាក់ ឬប្រព័ន្ធលំហូរសាច់ប្រាក់អ្នក ឱ្យបានច្បាស់លាស់ អ្នកអាចនឹងងាយជួយនូវគ្រោះហានិភ័យជាច្រើន។
សរុបមកវិញ យើងឃើញថា ការលុបបំបាត់ហិរញ្ញវត្ថុនេះជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រទេសជាតិ រួមមានពាណិជ្ជកម្ម ការរស់នៅរបស់ប្រជាជន ការដឹកនាំប្រទេស ក៏ដូចជាពន្យឺតដល់ការអភិវឌ្ឍប្រទេសជាតិ។ ប្រវត្តិសាស្ត្រទាំងនេះក៏ជាមេរៀនមួយក្រើនរម្លឹកដល់អ្នកគ្រប់គ្នា ឱ្យបានយល់ច្បាស់ពីតម្លៃនៃរូបិយវត្ថុបន្ថែមទៀត៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ការបោះពុម្ពកាសលើដំបូងនៅកម្ពុជា