សុំសួរមួយ! អ្នកទាំងអស់គ្នាពេលបើកប្រាក់ខែមក ធ្លាប់បូកដកគុណចែកពីចំណាយប្រចាំខែឬអត់?
នៅពេលយើងបូកដកចុះឡើង កាត់កងថ្លៃទឹក ភ្លើង ថ្លៃផ្ទះ បង់រំលស់អីវ៉ាន់នេះ សងបំណុលនោះអស់ទៅ ហើយអាចនៅសល់លុយកាក់ខ្លះ។ តែធ្លាប់ឆ្ងល់ដូចអេដមីនអត់ថា ហេតុអីចាំបាច់ត្រូវមកចំណាយពេលគិតគូរ មួយខែៗនៅសល់លុយប៉ុន្មាន បន្ទាប់ពីចំណាយចាំបាច់ធ្វើអី? ចុះលុយកាក់នៅសល់ទាំងនេះ អ្នកទាំងអស់គ្នានឹងយកទៅធ្វើអីបន្ត?
លុយដែលសល់បន្ទាប់ពីចំណាយចាំបាច់នេះ គេហៅវាថា “Discretionary Income”។
ការដឹងពី discretionary income អនុញ្ញាតឱ្យយើង៖
1. ស្វែងយល់ពីស្ថានភាពផ្ទាល់ខ្លួន
យើងនឹងដឹងថា ក្នុងមួយខែ យើងបានចាយលើចំណាយចំបាច់ប៉ុន្មានភាគរយនៃប្រាក់ចំណូលសរុប ហើយយើងនឹងអាចផ្ទៀងផ្ទាត់មើលថាចំណាយចាំបាច់របស់យើងសមាមាត្រទៅនឹងចំណូលរបស់យើងឬទេ។ បើពុំដូច្នោះទេ យើងចាំបាច់ត្រូវគិតគូរថ្លឹងថ្លែងចំណូលចំណាយរបស់យើងសារឡើងវិញ។ រីឯលុយសល់បន្ទាប់ពីចាយលើចំណាយចាំបាច់ យើងនឹងអាចត្រៀមគម្រោងប្រើប្រាស់វាឱ្យបានប្រសើរជាបន្តបន្ទាប់ទៀត។
2. ជ្រើសរើសវិធីគ្រប់គ្រងចំណូលចំណាយឱ្យស័ក្តិសមទៅស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន
ឧទាហរណ៍ថា ចំណាយចាំបាច់របស់អ្នកមាន 60% ជាមធ្យមនៃចំណូលសរុប។ អញ្ចឹង 40%ដែលនៅសល់ អ្នកអាចចាត់ចែងប៉ុន្មានភាគរយទៀតទុកសន្សំ យកទៅវិនិយោគបង្កើតចំណូលបន្ថែម ឬទុកចាយលើការកម្សាន្តជាដើម។ ពោល គឺយើងអាចស្វែងរកដំណោះស្រាយឱ្យសមស្របទៅតាមតម្រូវការបុគ្គល។
3. ងាយស្រួលតាមដានស្ថានភាពហិរញ្ញវត្ថុរបស់យើង
ពីមួយខែទៅមួយខែ ចំណូលចំណាយអាចកើនឡើង ឬថយចុះ ក៏អាស្រ័យលើ discretionary income នេះដែរ។ ដូចបានលើកឡើងមុននេះ យើងអាចរៀបចំផែនការចាយវាយ បង្កើនចំណូល ឬបន្ថយចំណាយបាន លុះត្រាតែយើងដឹងពីសុខភាពហិរញ្ញវត្ថុរបស់យើងដូចគ្នា។ តួយ៉ាងដូចជា “តើមានផ្នែកណានៃចំណាយចាំបាច់បានជះឥទ្ធិពលដល់សុខភាពហិរញ្ញវត្ថុរបស់ខ្ញុំដែរឬទេ?”
“បំណុលទាំងអស់នេះប៉ះពាល់ខ្លាំងដល់ discretionary income របស់ខ្ញុំពេកទេដឹង?” កុំឱ្យដើមខែសប្បាយចាយ តែពាក់កណ្ដាលខែមិនទាន់ សួររក «លុយខ្ញុំបាត់ទៅណាអស់រលីង?»
ដើម្បីអាចគណនា លុយនៅសល់បន្ទាប់ពីចំណាយចាំបាច់ ឬ discretionary income អ្នកត្រូវបូកប្រាក់ចំណូលសរុបទាំងអស់ដែលអ្នកមាន ហើយដកនឹងថ្លៃចំណាយចាំបាច់សរុបទាំងអស់ដែរ
ឬ Discretionary income:
«លុយនៅសល់បន្ទាប់ពីចំណាយចាំបាច់ = ប្រាក់ចំណូលសរុប - ចំណាយចាំបាច់សរុប»
ដែលចំណាយចាំបាច់សរុបរួមមាន ដូចជា ថ្លៃទឹកភ្លើង ថ្លៃស្នាក់នៅ ថ្លៃហូបចុក ថ្លៃពន្ធដែលត្រូវបង់ប្រចាំខែ លុយដែលត្រូវសងបំណុល លុយដែលត្រូវបង់រំលស់ ជាដើម។
(*ចំណាំ៖ ចំណាយចាំបាច់គឺមានខុសៗគ្នាទៅតាមភាពចាំបាច់នៃបុគ្គលរៀងៗខ្លួន។ អ្នកអាចចាត់វាជាចំណាយចាំបាច់បាន ឱ្យតែអ្នកដាច់ខាតនឹងត្រូវតែចេញលុយពីហោប៉ៅរបស់អ្នកទៅលើវា។)
- ចុះលុយដែលនៅសល់បន្ទាប់ពីចំណាយចាំបាច់ទាំងនេះ គួរយកទៅធ្វើអ្វីល្អ??
ច្បាស់ណាស់ វាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកផ្ទាល់។
តែអេដមីនមានយោបល់ណែនាំ និងក្រើនរំលឹកមួយចំនួន ដើម្បីប្រើវាឱ្យឆ្លាតវៃនោះគឺ អ្នកគួរគិតគូរបែងចែកប្រើប្រាស់លុយនៅសល់នេះជាផ្នែកតូចៗបន្តដោយមានគោលដៅរបស់វារៀងៗខ្លួន។ ជម្រើសមួយចំនួនដែលអាចជួយជាប្រយោជន៍ដល់សុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកនោះគឺ៖
- កសាង *emergency fund*
- សន្សំទុកសម្រាប់គោលដៅជាក់លាក់ណាមួយ (sinking fund)
- យកទៅវិនិយោគបន្តដើម្បីបង្កើតលុយបន្ថែម
- គិតគូរទិញសេវាធានារ៉ាប់រងដើម្បីការពារខ្លួនពីហានិភ័យហិរញ្ញវត្ថុ
- ត្រៀមទុកសម្រាប់គម្រោងកញ្ចប់ប្រាក់ចូលនិវត្តន៍
អ្នកទាំងអស់គ្នាអាចស្វែងយល់លម្អិតបន្ថែមតាមរយៈអត្ថបទ «លុយដែលចាយនៅសល់គួរយកទៅធ្វើអីទើបចំណេញ» បន្ថែមបាន។ បន្ទាប់ពីអានរួច កុំភ្លេចរៀបចំតារាងបូកដករក discretionary income របស់ខ្លួនផងណា៎! ទាន់នៅដើមខែដែរ ក្រែងត្រូវគិតគូរមើលថែកុងធនាគារ