ឯករាជ្យភាពហិរញ្ញវត្ថុជាចំណងដៃដ៏មានន័យសម្រាប់មនុស្សសឹងតែគ្រប់វ័យ ជាពិសេសក្នុងវ័យចំណាស់ ព្រោះវាជួយឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើជីវភាពប្រចាំថ្ងៃ និងត្រៀមខ្លួនរួចរាល់សម្រាប់ហេតុការចៃដន្យ ដោយមិនពឹងផ្អែក ឬក្លាយជាបន្ទុករបស់នរណាម្នាក់សូម្បីតែសមាជិកគ្រួសារ។
បើយើងអាចត្រៀមខ្លួនបានយ៉ាងហោចណាស់៣ចំណុចខាងក្រោមនេះ នោះយើងនឹងមិនបារម្ភថា ខ្លួនឯងនឹងក្លាយជាជាបន្ទុកហិរញ្ញវត្ថុរបស់កូននៅពេលចាស់ទៅ។
១ មានអចលនទ្រព្យផ្ទាល់ខ្លួន
ការមានអចលនទ្រព្យផ្ទាល់ខ្លួនគឺជារឿងល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសពេលចាស់ទៅ ព្រោះយើងមិនចាំបាច់ពឹងអ្នកដទៃដើម្បីស្នាក់នៅ។ ដូចពាក្យចាស់និយាយថា មនុស្សនៅកើតបន្តច្រើនទៀត តែដីនឹងមិនកើននោះទេ ដូចនេះយើងគួរសង្វាតទិញអចលនទ្រព្យផ្ទាល់ខ្លួន ព្រោះវាមិនត្រឹមតែនាំចំណេញនៅពេលលក់នោះទេ វាក៏ផ្តល់នូវចំណូលអកម្មក្នុងរូបភាពជាការជួលដល់ម្ចាស់ក្នុងរយៈយូរផងដែរ។ ម៉្យាង យើងក៏អាចទិញដី ឬផ្ទះដោយការបង់រំលស់ជាមួយនឹងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ក្នុងលក្ខខណ្ឌសមរម្យ និងរយៈពេលវែង។
២ មានចំណូលអកម្មច្រើនប្រភព
ជាទូទៅវានឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើននៅពេលដែល បាត់បង់កាងារ ពេលចាស់ ឬពេលចូលនិវត្តន៍ ព្រោះវានឹងជួយលុបបំបាត់ក្តីមន្ទិលភ័យព្រួយរបស់យើង តាមរយៈការដោះស្រាយរាល់ចំណាយប្រចាំថ្ងៃ។ យើងក៏អាចចាប់ផ្តើមបង្កើតចំណូលអកម្មបន្ថែមពីពេលនេះទៅបានតាមរយៈការវិនិយោគលើ មាស ភាគហ៊ុន បណ្ណបំណុល ការដាក់ប្រាក់សន្សំមានកាលកំណត់ ឬក៏ចំណូលពីការជួលអចលទ្រព្យ និងការងារជា Freelancer ជាដើម។
៣ មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រងអាយុជីវិតដូចជាឆ័ត្រសុវត្ថិភាពមួយអ៊ីចឹង បើមានមួយក្នុងដៃរួចជាស្រេច ទោះមេឃភ្លៀង ក៏យើងមិនបារម្ភខ្លាចទទឹក ឬស្លន់ស្លោរកទិញ ឬ ខ្ចីគេនោះទេ ព្រោះយើងបានការពារសុវត្ថិភាពហិរញ្ញវត្ថុជាមួយធានារ៉ាប់រងអាយុជីវិតទុកជាមុន។ អត្ថប្រយោជន៍នេះមិនត្រឹមតែខ្លួនយើងទេ តែវាក៏នឹងផ្តល់ឲ្យគ្រួសារយើងដែរ ក្នុងករណីអវត្តមានយើង ដោយសារគ្រោះអកុសលណាមួយ។ ធានារ៉ាប់រងគួរទិញតាំងពីក្មេង ព្រោះក្រុមហ៊ុនតែងគណនាទឹកប្រាក់ដែលត្រូវបង់ ផ្អែកលើកត្តាអាយុ និងសុខភាព នោះមានន័យថា អាយុកាន់តែតិច សុខភាពកាន់តែល្អ នោះបុព្វលាភធានារ៉ាប់រងដែលត្រូវបង់នឹងកាន់តែតិច ចំពោះទំហំកញ្ចប់ធានារ៉ាបរងអាយុជីវិតដូចគ្នា។
ផ្នត់គំនិតខ្លាចកូនលំបាក មិនចង់យកបន្លាសង្កត់ទ្រូងកូន មិនមែនជារឿងអាក្រក់ ឬបង្ហាញចង់រស់ឯកាពីកូនឡើយ តែជាទំនួលខុសត្រូវជីវិតដ៏ធំមួយ ដើម្បីរ៉ាប់រងជីវិតខ្លួនឯងប្រកបដោយឯករាជ្យភាពហិរញ្ញវត្ថុ ដោយមិនបង្កការរំខានដល់កូនចៅ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន