នរណាក៏ដូចនរណាដែរ យើងប្រាកដជាសប្បាយចិត្តពេលមានលុយគ្រប់គ្រាន់អាចសងបំណុលដែលនៅសល់របស់ខ្លួនបាន ប៉ុន្តែយើងគួរយកពេលខ្លះមកថ្លឹងថ្លែងជាមុនសិន ថាតើវាពិតជាចំាបាច់មែនទេ ដែលត្រូវសងបំណុលផ្តាច់ភ្លាមៗ ឬយ៉ាងណា?
១ បង្កើតផែនការថវិកាត្រឹមត្រូវ
យើងគួរមានផែនការថវិកាត្រឹមត្រូវទាំងមុនពេលសង និងពេលសងបំណុលរួច ព្រោះវានឹងជួយរៀបចំផែនការ ចំណាយណាដែលគួរចាយ ឬមិនគួរចាយ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងបំណុលសាជាថ្មីម្តងទៀត។ បន្ថែមពីនេះ វាក៏នឹងជួយយើងឲ្យតាមដានសកម្មភាពចំណូល ចំណាយរបស់ខ្លួនទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងផងដែរ។ ដូចនេះ បើយើងមិនទាន់មានផែនការថវិកាច្បាស់លាស់ទេ យើងគួរបង្កើតមួយ ហើយរៀបចំឲ្យបានល្អប្រសើរសិន មុននឹងយកលុយទៅសងបំណុលផ្តាច់។
២ បង្កើតទុនបម្រុងពេលមានអាសន្ន
យើងក៏គួរត្រៀមខ្លួនទុកមុន តាមរយៈការមានទុនបម្រុងពេលមានអាសន្នដែរ។ ទុនបម្រុងនឹងជួយឲ្យយើងត្រៀមខ្លួនទុកជាមុន សម្រាប់ការចំណាយដោយមិនបានព្រៀងទុកណាមួយដែលនាំឲ្យប៉ះពាល់ដល់ផែនការ ហិរញ្ញវត្ថុរបស់យើង ដ្បិតយើងមិនចាំបាច់បង្កើតបំណុលថ្មីផ្សេងៗទៀត។
យើងអាចចាប់ផ្តើមបង្កើតទុនបម្រុងបានតាមរយៈការបើកគណនីសន្សំមានកាលកំណត់ ឬការទិញធានារ៉ាប់រងទៅលើគ្រោះថ្នាក់ផ្សេងៗជាដើម។ ជាទូទៅទុនបម្រុងគួរតែអាចជួយយើងឲ្យដោះស្រាយចំណាយប្រចាំថ្ងៃបានពី៣ទៅ៦ខែ នៅពេលយើងបាត់បង់ការងារ ឬប្រាក់ចំណូល។
ស្វែងយល់បន្ថែមពី Emergency fund: https://www.facebook.com/kakcentkh/posts/pfbid02Ckdu36VRCD4U445LgmfjSPa9kVBqpM1pC6j9GvBz5HcQePoT51ae5KQ8UEWn2zAKl
៣ តម្លៃឱកាស
Opportunity Cost សំដៅដល់ការខាតបង់ណាមួយ ពេលយើងយក ជម្រើសមួយ ជំនួសឲ្យជម្រើសមួយទៀត។ ជាក់ស្តែងយើងមានពីរជម្រើស គឺយកលុយទៅប្រើប្រាស់សិន ឬយកទៅសងបំណុលផ្តាច់។
ឧទាហរណ៍ងាយៗ បើយើងយកលុយដាក់ក្នុងគណនីមានកាលកំណត់ ឬវិនិយោគលើលុយនោះ តើចំណូល ដែលទទួលបាននោះច្រើនជាងការប្រាក់ ដែលត្រូវបង់ទៅកាន់ម្ចាស់បំណុល ឬយ៉ាងណា? បើសិនយើងទទួលបានផលចំណេញច្រើនជាងការប្រាក់នៃបំណុល នោះអ្នកគួរសម្រេចចិត្តប្រើប្រាស់លុយនោះសិន ហើយបន្តសងបណ្តាក់តាមធម្មតា។
ទាំងនេះសុទ្ធជាតម្លៃឱកាស ដែលយើងត្រូវគិតគូរមុនពេលសងបំណុលផ្តាច់។
📌អ្នកគួរគិតគូរពីចំណុចទាំង ៣ នេះ ដោយផ្អែកលើស្ថានភាព និងបំណុលជាក់ស្តែង។
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។