ប្រវត្តិនៃដុល្លាររូបនីយកម្មនៅកម្ពុជា:
ដុល្លាររូបនីយកម្ម ត្រូវបានកត់សម្គាល់ថាមានវត្តមាននៅប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៩៣ តាមរយៈគម្រោងរបស់អង្គការសហប្រជាជាតិ ឈ្មោះ អ៊ុនតាក់ (UNTAC) ដែលមានទឹកប្រាក់សរុប ១,៧០០លានដុល្លារ។ ហេីយចាប់ពីពេលនោះមក លុយដុល្លារចាប់ផ្តេីមមានចរាចរណ៍ទូលំទូលាយក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។
ប៉ុន្តែជាក់ស្តែង គេឃេីញមានចរាចរណ៍លុយដុល្លារមួយចំនួនតូចរួចមកហេីយតាំងពីសម័យសាធារណរដ្ឋខ្មែរមកម្ល៉េះ (១៩៧០-១៩៧៥)។
តេីមានកត្តាអ្វីខ្លះដែលជំរុញឲ្យមានដុល្លាររូបនីយកម្មនៅកម្ពុជា?
ក. ស្ថានភាពសន្តិសុខក្នុងប្រទេសនិងការបាត់បង់ទំនុកចិត្តពីសាធារណជនទៅលើរូបិយប័ណ្ណជាតិ “រៀល”
ដោយសារកម្ពុជាបានឆ្លងកាត់សង្រ្គាមសុីវិល ដែលគ្រានោះប្រាក់រៀលគ្មានតម្លៃ និងគ្មានដំណេីរការ រឺ ចរាចរណ៍ក្នុងប្រព័ន្ធសេដ្ឋកិច្ចឡេីយ។ ក្នុងឆ្នាំ១៩៨០ នៅពេលដែលប្រាក់រៀលត្រូវបានអោយធ្វើចរាចរណ៍ឡេីងវិញ ហើយទោះបីសង្គ្រាមរបបប៉ុលពតចប់ក្តី សាធារណជនហាក់បាត់បង់ទំនុកចិត្តទៅលេីការប្រេីប្រាស់ប្រាក់រៀលឡេីងវិញ។ ដោយសារលំហូរចូលនៃប្រាក់ដុល្លារផង សាធារណជនភាគច្រេីននិយមប្រេីប្រាស់ប្រាក់ដុល្លារជាងប្រាក់រៀល។
ខ. បញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃលុយរៀល
ក្នុងឆ្នាំ១៩៩៣ ចំណូលពន្ធនៅមានកម្រិតទាបដោយសារតែសេដ្ឋកិច្ចមិនដំណើរការល្អ ហើយគោលនយោបាយសារពើពន្ធក៏នៅមានកម្រិត ម្យ៉ាងកម្ពុជាក៏មិនទាន់មានជំនួយពីបរទេសនៅឡេីយ។
ហេតុនេះ កំណេីនសេដ្ឋកិច្ចកម្ពុជានៅមានសន្ទុះយឺត ដែលធ្វេីអោយប្រាក់រៀលធ្លាក់តម្លៃនិងមានអតិផរណាខ្ពស់។ ក្រៅពីនេះ ការប្រេីប្រាស់ប្រាក់ដុល្លារលេីសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតំបន់ទីក្រុងមានភាពសកម្មខ្លាំង ហេីយ៩០% នៃប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មជាលុយដុល្លារ។
គ. វត្តមាននៃការវិនិយោគពីក្រុមហ៊ុននិងអង្គការក្រៅប្រទេស
ការវិនិយោគបរទេសក៏ជាកត្តាដែលនាំអោយមានដុល្លាររូបនីយកម្មផងដែរ ដោយសារវិនិយោគិនទាំងនោះបាននាំចូលប្រាក់ដុល្លារអោយមានចរាចរណ៍ក្នុងទីផ្សារសេដ្ឋកិច្ចកម្ពុជា។ ការវិនិយោគពីបរទេសនេះនាំអោយមានការប្រេីប្រាស់លុយដុល្លារជាពិសេសគឺនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងវិស័យទេសចរណ៍ ហើយការវិនិយោគផ្ទាល់ពីបរទេស រួមទាំងជំនួយបរទេសទៀតសោត សុទ្ធសឹងតែហូរចូលមកក្នុងចំនួនច្រេីនទៀតផង។
យ៉ាងណាមិញ ខាងលេីនេះគ្រាន់ជាកត្តាមួយចំនួនប៉ុណ្ណោះដែលធ្វេីអោយមានដុល្លាររូបនីយកម្មនៅកម្ពុជា ហេីយនៅមានកត្តាផ្សេងទៀតដែលទាមទារអោយមានការសិក្សាស្រាវជ្រាវសុីជម្រៅបន្ថែម តែកាក់សេនសុំបកស្រាយត្រឹមប៉ុននេះសិន៕
ព័ត៌មានដកស្រង់ចេញពីប្រភព៖
1. Nombulelo, D. (2010). Dollarization in Cambodia: Causes and Policy Implications.
2. Siphat, L. (n.d). Dollarization and the Perception of ASEAN Currency in Cambodia.
Click here to read more about: គុណសម្បត្តិនិងគុណវិបត្តិរបស់ដុល្លាររូបនីយកម្ម