ព្រឹកមិញ យើងបានលើកឡើងខ្លីៗរួចហេីយពីវិបត្តិសេដ្ឋកិច្ច។ ឥលូវយេីងមកមេីលពីការត្រៀមខ្លួនសំរាប់វិបត្តិសេដ្ឋកិច្ចវិញម្តង។
វិបត្តិសេដ្ឋកិច្ចអាចកើតមានដោយសារកត្តាច្រើនយ៉ាង ដែលក្នុងនោះមានកត្តាវិបត្តិហិរញ្ញវត្ថុដែលនឹងជះឥទ្ធិពលដល់កិច្ចការងារជាច្រើន រួមទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់ទាំងក្នុងប្រទេស និងរវាងប្រទេស។ កំណើនអត្រាគ្មានការងារធ្វើ ការថយចុះនៃផលិតភាពការងារ ក៏ដូចជាផលិតផលក្នុងស្រុកសរុប (GDP) ហើយ និងធនធានមនុស្សជាច្រើននឹងរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ពេលមានវិបត្តិសេដ្ឋកិច្ច។
តើយើងគួរត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុដូចម្ដេចខ្លះពេលមានវិបត្តិសេដ្ឋកិច្ច?
១ . ត្រៀមកញ្ចប់លុយសម្រាប់ពេលអាសន្ន (Emergency Fund)
វាគឺជារឿងល្អមួយប្រសិនបើយើងបានត្រៀមកញ្ចប់លុយដើម្បីការពារពេលមានអាសន្ន និងដើម្បីបំពេញតម្រូវការចាំបាច់ណាមួយដែលយើងមិនអាចដឹងមុន។ កញ្ចប់លុយអាសន្ននឹងអាចជួយយើងបានមួយចំណែកធំ ឧទាហរណ៍ក្នុងករណីប្រាក់ខែត្រូវបានកាត់បន្ថយ ឬបាត់បង់ការងារ ការបង្អាក់ដំណើរការអាជីវកម្ម ឬបញ្ហាសុខភាព -ល-។
២. ពិនិត្យចំណាយ
ពេលស្រុកទេសកំពុងតែប្រឈមនឹងផលវិបាកដូចនេះ យើងត្រូវចេះពិនិត្យ គ្រប់គ្រងចំណាយរបស់យើង និងព្យាយាមកាត់បន្ថយចំណាយណាមិនចាំបាច់ផ្សេងៗ។ ដូចកាក់សេនធ្លាប់លើកឡើងពីមុនរួចមកហើយ ចំណាយមិនចាំបាច់ដូចជាដំណើរកំសាន្តទីជិតទីឆ្ងាយ ឬ ការទិញសម្ភារផ្សេងៗ បើអាចកាត់បន្ថយឬពន្យារពេលទិញពេលនេះបាន គឺគួរតែកាត់បន្ថយ។ ក្នុងពេលនេះ យើងមិនអាចចាយវាយតាមដែលចិត្តចង់ ខ្វះការពិចារណានោះទេ។ ម្យ៉ាងទៀត កុំភ្លេចណាថាយើងគួរបែងចែករវាងអ្វីដែលត្រូវការ (Needs) និងអ្វីដែលចង់បាន (Wants) ដើម្បីកាត់បន្ថយចំណាយមិនចាំបាច់ទាំងនោះ។
៣. ជម្រះបំណុលចាស់ និង ចៀសវាងការខ្ចីប្រាក់
ប្រសិនបើអ្នកមានបំណុលចាស់ត្រូវដោះស្រាយ អ្នកគួរជម្រះបំណុលនោះទាន់ពេលមានលទ្ធភាពសងម្ចាស់បំណុល មុនពេលប្រភពប្រាក់ចំណូលត្រូវរងទង្គិចពីវិបត្តិសេដ្ឋកិច្ច។ តែបើអ្នកកំពុងជួបបញ្ហារួចទៅហើយ អ្នកគួរសម្របសម្រួលជាមួយម្ចាស់បំណុលរបស់អ្នក សុំការយោគយល់លើស្ថានភាពនោះ។ លើសពីនេះ អ្នកគួរចៀសវាងខ្ចីលុយបន្ថែម ដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
ចុចទីនេះស្វែងយល់បន្ថែមពី: វីធីដោះបំណុលច្រើន
៤. ពន្យារការវិនិយោគធំៗមួយចំនួន
ការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រហែលមិនមែនជាពេលវេលាសមប្រកបក្នុងការចាប់ផ្ដើមវិនិយោគគម្រោងធំៗ និងថ្មីៗនោះទេ។ អ្នកប្រហែលជាត្រូវពិចារណាអោយច្បាស់លាស់ មុនធ្វើការសម្រេចចិត្តបោះទុនវិនិយោគលើការសាងសង់ ជួសជុលផ្ទះ ឬលើអាជីវកម្មនានា។
៥. បង្កើតលំហូរប្រាក់ចំណូលបន្ថែម (Additional income streams)
អ្នកគួរពិចារណាលើការបង្កើតលំហូរប្រាក់ចំណូលបន្ថែម ដោយការពឹងផ្អែកលើប្រភពចំណូលតែមួយមិនអាចធានាស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកបានទេនៅពេលនេះ។
បណ្តាញលំហូរប្រាក់ចំណូលបន្ថែមអាចមានក្នុងទម្រង់ជា ប្រាក់ចំណូលអកម្ម (passive income) ការងារក្រៅម៉ោង ឬមុខរបរបន្ថែមផ្សេងៗ។
ក្រៅពីការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុ អ្នកក៏ត្រូវត្រៀមខ្លួនផ្នែកសង្គម(Socially Prepared) តាមរយះការពង្រឹងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ឬក្នុងសហគមន៍របស់អ្នក ហើយឆ្លៀតពេលពង្រីក និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ ឲ្យសមស្របទៅតាមការផ្លាស់ប្ដូរនៃទីផ្សារការងារក្នុងពេលសេដ្ខកិច្ចធ្លាក់ចុះ។ ម៉្យាងវិញទៀតអ្វីដែលសំខាន់នោះ អ្នកក៏គួរត្រៀមផ្លូវចិត្ត (Mentally Prepared) ដោយចៀសវាងការភ័យស្លន់ស្លោរ ឬបាក់ទឹកចិត្ត ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយរបស់អ្នកដូចគ្នា។ ផ្ទុយទៅវិញ អ្នកគួររក្សាគំនិតវិជ្ជមាន ហើយព្យាយាមលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃផងដែរ។
វិបត្តិសេដ្ឋកិច្ច មិនមែនជាពេលដែលយើងត្រូវភ័យខ្លាច និងបាក់ទឹកចិត្តនោះទេ ពោលគឺយើងត្រូវផ្តោតលើពេលវេលា ការខិតខំប្រឹងប្រែង និងកម្លាំងសម្បទា រៀបចំខ្លួនបង្កើតគម្រោងត្រៀមតទល់ជាមួយនឹងវា ដោយសារវិបត្តិនេះនឹងមិនកើតឡើងជារហូតនោះទេ៕