កញ្ចប់ប្រាក់ពេលមានអាសន្ន ឬ emergency fund គឺជាកញ្ចប់ថវិកាមួយត្រៀមទុកសម្រាប់ប្រើប្រាស់នៅក្នុងស្ថានភាពដែលប្រឈមនឹងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ឧទាហរណ៍ដូចជា ពេលបាត់បង់ការងារធ្វើ ពេលមានជំងឺធ្ងន់ធ្ងរ វិបត្តិហិរញ្ញវត្ថុក្នុងប្រទេស ឬជាសាកល និងគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចកើតឡើង។ បើនិយាយឱ្យងាយយល់ កញ្ចប់ប្រាក់ពេលមានអាសន្ន គឺទុកប្រើប្រាស់នៅពេលមានបញ្ហាកើតឡើងដោយយើងមិនបានរំពឹងទុក។
Emergency fund ហាក់បីដូចជាកញ្ចប់លុយសុវត្ថិភាពមួយ បង្កើតឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ ជាទូទៅ emergency fund គួរតែមានទំហំប្រហាក់ប្រហែលនឹងការចាយវាយរបស់អ្នកសម្រាប់រយៈពេល៣ ទៅ៦ខែ ហើយលុយនេះគួរតែរក្សាទុកនៅទីមានសុវត្ថិភាពនិងមានភាពងាយស្រួលអាចយកមកប្រើប្រាស់បានតាមតម្រូវការ។
សូមកុំយល់ច្រឡំថាលុយសម្រាប់គ្រាមានអាសន្ន គឺជាលុយសន្សំ! លុយសន្សំ គឺទុកយកទៅប្រើប្រាស់ដោយមានគោលបំណងច្បាស់លាស់ដូចជា សន្សំចង់ទិញផ្ទះ បង់ថ្លៃសាលា ដូរទូរសព្ទ ឬដូរយាន្តជំនិះជាដើម ស្របពេលដែលលុយសម្រាប់គ្រាមានអាសន្ន គឺត្រៀមទុកសម្រាប់ចំណាយដែលមិនបានរំពឹងទុកដូចដែលបានរៀបរាប់ខាងលើ។
កញ្ចប់លុយសម្រាប់ពេលមានអាសន្នអាចបង្កើតឡើងដោយអនុវត្តតាមជំហានខាងក្រោម៖
១. កំណត់គោលដៅ (ជាតួលេខ)
ដើម្បីប្រាកដថាយើងបានត្រៀមកញ្ចប់ប្រាក់ក្នុងគ្រាមានអាសន្នគ្រប់ចំនួន យើងត្រូវកំណត់គោលដៅជាមុនសិន។ ដូចដែលយើងលើកឡើងពីខាងដើមថាប្រាក់គ្រាមានអាសន្នគួរជាចំនួនមួយដែលប្រហាក់ប្រហែលនឹងការចាយវាយពី ៣ ទៅ ៦ខែ។ ឧទាហរណ៍ថា ចំណាយទូទៅប្រចាំខែរបស់អ្នកជាមធ្យមគឺ $300 នោះ emergency fund របស់អ្នកគួរមានយ៉ាងតិចណាស់ $900។
តែដើម្បីកំណត់គោលដៅនោះបាន អ្នកត្រូវដឹងពីចំណូលចំណាយនិងតម្រូវការសិន។ អ្នកអាចប្រើវិធីសាស្ត្រសាមញ្ញៗ ដោយកត់ត្រាក្នុងសៀវភៅចំណូលចំណាយ ដោយចាប់ផ្ដើមពីចំណាយប្រចាំខែដូចជាថ្លៃទឹកភ្លើង ផ្ទះ បំណុល ម្ហូបអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ។ បន្ទាប់មក ទូទាត់ចំណូលនិងចំណាយហើយនៅសល់ប៉ុន្មានដើម្បីបង្កើតកញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន។
២. បង្កើតផែនការ
ផែនការបង្កើតកញ្ចប់ទឹកប្រាក់គ្រាមានអាសន្ន គឺអាស្រ័យលើគោលដៅនៃចំនួនទឹកប្រាក់ដែលយើងចង់បាន។ ដូចនេះ ផែនការដើម្បីសម្រេចគោលដៅរបស់អ្នកអាចស្ថិតក្នុងទម្រង់ច្រើនផងដែរ ដូចជាតាមវិធី 6 Jars Money Management
យ៉ាងទៀត ប្រសិនបើអ្នកគិតថាប្រាក់ចំណូលអ្នកមិនគ្រប់គ្រាន់យកទៅបង្កើតកញ្ចប់ប្រាក់គ្រាមានអាសន្ននោះ អ្នកគួររិះរក បង្កើតប្រភពចំណូលថែមទៀត ដោយធ្វើការ freelance ឬការងារក្រៅម៉ោងជាដើម។
៣. បង្កើតគណនីធនាគារ
រឿងបន្ទាប់គឺទីកន្លែងទុកដាក់លុយនោះ ដោយអ្នកអាចបង្កើតគណនីធនាគារមួយ តែគណនីនោះគួរតែដាច់ដោយឡែកពីគណនីប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកអាចបង្កើតជាប្រភេទគណនីបែបសន្សំ ហើយបានការប្រាក់បន្ថែមទៀតផង។ តែបើអ្នកមិនចង់បង្កើតគណនីនោះទេ អ្នកក៏អាចរក្សាទុកកញ្ចប់ប្រាក់នេះនៅទីតាំងសុវត្ថិភាពណាមួយដោយខ្លួនឯងដូចជា ទូរដែក ឬកូនជ្រូកក៏បាន បើអ្នកគិតថាមិនចាំបាច់បង្កើតគណនី។
៤. តាមដានគម្រោងជាប្រចាំ
វាជាចំណុចដែលពិបាកជាងគេក្នុងចំណោមជំហានទាំង ៤ នេះ ព្រោះការរៀបផែនការ ការគិតគូរពីចំណូលចំណាយ និងបង្កើតកន្លែងទុកដាក់ជារឿងងាយស្រួល ប៉ុន្តែការតាមដានថាផែនការបានសម្រេចវាលំបាក។ ការតាមដានគម្រោងឬផែនការ គឺចង់បានន័យថា អ្នកសម្រេចបាននូវអ្វីដែលបានគ្រោងឬទេ? ឬ អ្នកបានដាក់ប្រាក់ចូលទៅក្នុងគណនីរបស់អ្នកទៀងទាត់ទេ?
ដ្បិតថាការចំណាយរបស់អ្នកខ្ពស់ មិនសូវសល់សម្រាប់យកទៅសន្សំក្នុងគណនី Emergency Fund ក៏ពិតមែន តែសូមចាំថា មួយកាក់ មួយសេន ដែលអ្នកបានដាក់ទៅក្នុង Emergency Fund គឺជាប្រាក់ដែលនឹងជួយអ្នកក្នុងគ្រាលំបាកធំណាមួយ៕