អ្នកទាំងអស់គ្នាធ្លាប់អត់ នៅពេលណាដែលមិនសប្បាយចិត្ត ឬមានអារម្មណ៍ថាស្ត្រេសខ្លាំង មានចិត្តចង់ជះលុយទិញអីវ៉ាន់ដើម្បីឱ្យខ្លួនឯងសប្បាយចិត្តវិញ ហើយមិនខ្វល់ថាអីវ៉ាន់នោះមានតម្លៃថ្លៃយ៉ាងណានោះទេ។ អារម្មណ៍បែបនោះ គេហៅថាចាយលុយតាមតាមអារម្មណ៍ (Emotional Spending)។
ការចាយលុយតាមអារម្មណ៍ (Emotional Spending) សំដៅទៅលើការចាយលុយកាក់ទៅលើអ្វីម្យ៉ាង ទៅទិញរបស់ដើម្បីផ្គាប់អារម្មណ៍របស់ខ្លួនឯង តាមអារម្មណ៍អ្នកដែលគិតថា ទិញហើយនឹងធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ឬទិញដើម្បីឱ្យមើលទៅថាខ្លួនជាបុគ្គលឡូយឆាយ (តាមទាន់សម័យកាល) ដើម្បីតែទាក់ទាញអារម្មណ៍ឱ្យនរណាម្នាក់ពេញចិត្តខ្លួន ទិញដើម្បីទទួលបានការគោរពណាមួយ ទាំងដែលរបស់នោះ អ្នកពុំត្រូវការនោះឡើយ។ ជាលទ្ធផល ពាក់កណ្ដាលខែមិនទាន់ ចាយលុយអស់រលីង ហើយតាំងបែរមកអង្គុយរៀបរាប់ស្ដាយលុយដែលចាយទៅ បន្ទាប់មកក៏ស្ត្រេស ពិបាកចិត្ត ឬពេលខ្លះស្អប់ខ្លួនឯងវិញក៏មាន ដោយសារមិនចេះហាមប្រាមខ្លួនឯងបាន។
តើអារម្មណ៍ដែលចង់ចាយលុយកើតឡើងពេលណាខ្លះ?
• ពិបាកចិត្ត៖ ជួនកាលអ្នកមានអារម្មណ៍មិនល្អជាមួយមនុស្សជុំវិញខ្លួន ដើម្បីធ្វើឱ្យខ្លួនឯងសប្បាយចិត្ត អ្នកក៏ទិញអីវ៉ាន់អ្វីម្យ៉ាងដើម្បីបន្លប់ចិត្ត ឬធ្វើឱ្យខ្លួនឯងសប្បាយចិត្តតាមរយៈការចាយលុយទិញរបស់។
• ស្ត្រេស/ធុញ៖ ធ្លាប់ឆ្ងល់ឬទេថា ពេលកំឡុងកូវីឌ១៩ គេឱ្យនៅតែផ្ទះសោះ (Quarantine) ចាយលុយច្រើនជាងមុនទៀត នោះក៏ព្រោះតែអារម្មណ៍ស្មុគស្មាញ ស្ត្រេស អ្នកព្យាយាមបង្កើតសកម្មភាពថ្មីៗដើម្បីបន្លប់រឿងទាំងនោះ ដែលជួនកាលអ្នកអាចទៅទិញអីវ៉ាន់អនឡាញ ទិញនេះទិញនោះ ទាំងដែលវាមិនចាំបាច់។
• ច្រណែន ឬតាមចំណង់៖ អារម្មណ៍ច្រណែន ឬតាមចំណង់សំដៅទៅលើអារម្មណ៍ដែលយើងឃើញអ្នកដទៃមានរបស់ប្រើប្រាស់ល្អៗ ហើយខ្លួនក៏ចង់ធ្វើតាម ទាំងដែលវាជារបស់មិនចាំបាច់ទាល់តែសោះ រហូតអាចដល់ខ្ចីបំណុលដើម្បីទិញរបស់នោះទៅវិញ។
តើមានវិធីសាស្ត្រណាដែលអាចទប់អារម្មណ៍ខ្លួនឯងកុំឱ្យចាយតាមអារម្មណ៍បានដែរឬទេ?
១. តាមដាន ឬសង្កេតខ្លួនឯង
គ្មាននរណាម្នាក់ស្គាល់ខ្លួនឯងច្បាស់ក្រៅពីខ្លួនយើងនោះទេ ដូចនេះគួរតាមដានជាមួយអារម្មណ៍បែបនោះ កើតឡើងពេលណាណាខ្លះ។ អារម្មណ៍ចង់ចាយលុយនៅពេលពិបាកចិត្ត សប្បាយចិត្តខ្លាំង ស្ត្រេស ឬពេលណាមួយ។
២. ដើម្បីសប្បាយចិត្ត ត្រូវតែទិញអីវ៉ាន់មែនឬ?
មិនចាំបាច់នោះទេ យើងអាចផ្លាស់ប្ដូរទម្លាប់នេះចេញបាន ព្រោះអ្វីគ្រប់យ៉ាងកើតឡើងពីទម្លាប់។ យើងមិនអាចហាមចិត្តមិនឱ្យពិបាកចិត្តបាន តែយើងអាចផ្លាស់ប្ដូរសកម្មភាពបាន។ ឧទាហរណ៍ថា អ្នកមានទម្លាប់ចាយលុយច្រើនពេលពិបាកចិត្ត ដូចនេះជំនួសឱ្យការទិញអីវ៉ាន់ អ្នកអាចហៅមិត្តភក្តិ ឬចែករំលែកអារម្មណ៍មិនសប្បាយជាមួយពួកគេបាន ឬពុំដូច្នោះទេ ជំនួសឱ្យការទិញអីវ៉ាន់ អ្នកអាចទៅហាត់ប្រាណ ដាំផ្កា អានសៀវភៅជំនួសវិញក៏បាន។
៣. ព្យាយាមកុំសូវខ្វល់ខ្វាយពីប្រូម៉ូតសិន
តាមពិតទៅ អត់មានបំណងចង់ចាយលុយទិញអីវ៉ាន់អីទេ ស្រាប់តែឃើញប្រូម៉ូតសិនភ្លាម អីវ៉ាន់ទើបតែចេញថ្មីៗផង កើតចិត្តចង់ទិញអីវ៉ាន់នោះភ្លាម។ អ្នកគួរតែត្រូវរៀនទប់ចិត្ត ហើយព្យាយាមទប់អារម្មណ៍ជាមួយវិធីសាស្ត្រ ២៤ម៉ោងពេញនេះ។ ប្រសិនបើអ្នកចង់ទិញវា ទប់អារម្មណ៍ឱ្យបាន ២៤ម៉ោង ហើយសួរខ្លួនឯងថា អ្នកពិតជាចាំបាច់ត្រូវការវាមែនឬយ៉ាងណា។ ២៤ម៉ោងក្រោយ បើអ្នកនៅតែមិនច្បាស់ គួរបន្ត ២៤ម៉ោងទៀត។
៤. ដើរតួជាគណនេយ្យឱ្យខ្លួនឯង
ដើម្បីទប់ស្កាត់ពីអារម្មណ៍ចង់ជះលុយដើម្បីឱ្យខ្លួនឯងសប្បាយចិត្ត អ្នកត្រូវរៀបគម្រោងចាយវាយប្រចាំថ្ងៃ/សប្ដាហ៍/ខែ។ បន្ទាប់មក កត់ត្រាពីទំនិញ ឬត្រូវការចាំបាច់ដែលអ្នកត្រូវចំណាយជាមួយលំហូរសាច់ប្រាក់របស់អ្នក។ នៅពេលអ្នកមានចំនួនតួលេខត្រូវចាយវាយហើយ អ្នកអាចនឹងដឹងថា ទំនិញដែលអ្នកចង់បាននោះ ត្រឹមតែអារម្មណ៍ចង់បានមួយឆាវ ឬយ៉ាងណាហើយ។
៥. ជំនួយ
ប្រសិនបើអ្នកមិនអាចទប់ចិត្តខ្លួនឯងបានទេ មានតែពឹងអាស្រ័យមិត្តភក្តិអ្នកឱ្យជួយតាមដានដូចជា ពេលអ្នកពិបាកចិត្ត ឬសប្បាយចិត្តរឿងអ្វីម្យ៉ាង ហើយអ្នកស្រាប់តែចិត្តចំណាយលុយទៅទិញអីវ៉ាន់ អាចឱ្យមិត្តភក្តិហាមប្រាម និងដាស់តឿនអ្នក ចៀសវាងមានបញ្ហាហិរញ្ញវត្ថុ។ ឬម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានមិត្តភក្តិ ឬបងប្អូនដែលចេះចាយលុយតិច អ្នកអាចសាកសួរពីទម្លាប់នៃការចាយវាយរបស់ពួកគេ ថាមិនត្រូវពួកគេអាចនឹងមានវិធីសាស្ត្រល្អៗចែករំលែកអ្នកបាន។
តាមពិតទៅ ការចាយវាយលុយកាក់ទៅទិញអីវ៉ាន់ដើម្បីឱ្យខ្លួនអ្នកសប្បាយចិត្ត វាមិនខុសទាស់អីនោះទេ ឱ្យតែអ្នកមានលទ្ធភាពគ្រប់គ្រាន់ និងបញ្ជីចំណូលចំណាយបានត្រឹមត្រូវ ចៀសវាងការចាយលុយលង់ខ្លួន មានបញ្ហាហិរញ្ញវត្ថុ ដែលជាកត្តាយើងគួរការពារ៕