មនុស្សភាគច្រើនពេលជួបរឿងបរាជ័យ ឬធ្វើអ្វីមិនសម្រេចដូចបំណង តែងតែមិនសប្បាយចិត្ត អន់ចិត្ត គិតថាខ្លួនឯងអស់ផ្លូវដើរ បាក់ទឹកចិត្ត និងងាយបោះបង់ចោល។
ថ្ងៃនេះ យើងនឹងងាកមើលពីជ្រុងមួយទៀតនៃគំនិតលើភាពបរាជ័យនេះ ដែលវាអាចជាការចាប់ផ្តើមនៃភាពជោគជ័យទៅវិញ ជាមួយហេតុផល ៣ដូចខាងក្រោម។
ភាពបរាជ័យជួយតម្រង់ទិសដៅឲ្យត្រូវ
ការបរាជ័យនឹងធ្វើឲ្យយើងមើលត្រឡប់ទៅសកម្មភាពដែលបានប្រព្រឹត្តហើយ និងពិនិត្យឡើងវិញនូវចំណុចខ្វះខាត ឬកំហុសដែលនាំឲ្យបរាជ័យ។ បន្ទាប់ពីបានសិក្សាហេតុផលដែលនាំឲ្យបរាជ័យហើយ យើងអាចស្វែងរកកន្លែងត្រូវកែតម្រូវ បំពេញបន្ថែមចន្លោះខ្វះខាត ប្តូរទិសដៅ ឬស្វែងរកទិសដៅថ្មីផ្សេងៗ ដើម្បីសម្រេចគោលដៅរបស់យើងលើកក្រោយ ជាមួយទ្ធផលកាន់តែប្រសើរ។
ភាពបរាជ័យជម្រុញឲ្យមានផ្នត់គំនិតរីកចម្រើន
ការទទួលយកភាពបរាជ័យជួយឲ្យយើងមានផ្នត់គំនិតរីកចម្រើន (Growth Mindset) ដោយយើងជឿថាភាពបរាជ័យមិនមែនជាទីបញ្ចប់ទេ តែគឺជាជណ្ដើរឡើងឈានទៅរកភាពជោគជ័យ។ ចំពោះបុគ្គលដែលមានផ្នត់គំនិតរីកចម្រើននយល់ថា ភាពជោគជ័យមិនមែនបានមកដោយស្រួលៗ។ ដូច្នេះពួកគេត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែម និងមិនបោះបង់ក្តីស្រមៃពាក់កណ្ដាលទីងាយៗទេ។
ភាពបរាជ័យជាសញ្ញានៃការខិតខំប្រឹងប្រែង
ពេលយើងព្យាយាមងើបឡើងវិញបន្ទាប់ពីបរាជ័យដដែលៗ វាចង្អុលបង្ហាញនូវការមិនបោះបង់ក្ដីសង្ឃឹម និងសេចក្ដីប្រាថ្នារបស់ខ្លួន តែយើងនឹងព្យាយាមជំនះគ្រប់ឧបសគ្គ មិនរាថយ តស៊ូព្យាយាមម្ដងហើយម្ដងទៀត។ នេះជាកម្លាំងចិត្តសំខាន់មួយក្នុងការបង្កើនការខិតខំប្រឹងប្រែង ពង្រឹងវិន័យនិងឆន្ទៈរបស់ខ្លួនដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យនៅថ្ងៃមុខ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។